ទីក្រុងម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វើឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) បានអះអាងដោយបើកចំហក្នុងការផ្សះផ្សាជាមួយគ្រួសារឌូទើតេ។ ការណ៍នេះ កើតឡើងមួយសប្ដាហ៍បន្ទាប់ពី លោកស្រី សារ៉ា ឌូទើតេ (Sara Duterte) បោះជំហានឆ្ពោះទៅមុខលើសពីការរំពឹងទុកនៅក្នុងការប្រណាំងប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។
ថ្លែងនៅក្នុងផតខាសដែលបានចែករំលែកនៅលើគេហទំព័រហ្វេសប៊ុក លោក ម៉ាកូស អះអាងថា លោកត្រូវការមិត្តភក្តិជាជាងសត្រូវ ហើយលោកព្យាយាមប្រើរយៈពេល៣ឆ្នាំទៀត នៃអាណត្តិដែលនៅសេសសល់របស់លោក ដើម្បីបំពេញការងារតាមរបៀបវារៈ។ ប្រធានាធិបតីហ្វីលីពីន ត្រូវបានកំណត់ឱ្យកាន់តំណែងត្រឹម១អាណត្តិ រយៈពេល៦ឆ្នាំប៉ុណ្ណោះ។ ជាក់ស្ដែង លោក ម៉ាកូស បានអះអាងថា៖«បាទ! យើងធ្វើតាមអ្វីដែលអាចធ្វើទៅបាន អ្វីដែលខ្ញុំមាន គឺស្ថិរភាព.. ដូច្នេះ យើងអាចធ្វើការងាររបស់យើងបាន។ នោះហើយជាមូលហេតុដែលខ្ញុំតែងតែបើកចំហចំពោះរឿងបែបនេះ»។
គួរជម្រាបថា លោកស្រី សារ៉ា ឌូទើតេ កំពុងប្រឈមមុខនឹងការកាត់ក្ដីចោទប្រកាន់នៅព្រឹទ្ធសភា ហើយលោកស្រីអាចត្រូវបានដកចេញពីតំណែង និងត្រូវបានរារាំងជាអចិន្ត្រៃយ៍ពីការកាន់តំណែងជាសាធារណៈម្ដងទៀត។ ជាមួយគ្នា ឪពុករបស់លោកស្រី គឺអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គ្រោ ឌូទើតេ បានជាប់ឆ្នោតជាអភិបាលក្រុងដាវ៉ៅ (Davao) កាលពីសប្តាហ៍មុន ថ្វីបើលោកត្រូវបានឃុំខ្លួននៅតុលាការព្រហ្មទណ្ឌអន្តរជាតិនៅទីក្រុងឡាអេ ក្រោមការចោទប្រកាន់ពីបទមនុស្សឃាត ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ តាមពិតទៅ ត្រកូលគ្រួសារម៉ាកូស និងគ្រួសារឌូទើតេ គឺជាអតីតសម្ព័ន្ធមិត្តនឹងគ្នា ប៉ុន្តែក្រោយមក គ្រួសារទាំង២ មើលមុខគ្នាមិនចំ ហើយទំនាក់ទំនងប្រេះឆារដោយសារទស្សនខ្វែងគ្នា និងការប្រជែងអំណាចនយោបាយក្នុងឆ្នាំ២០២២៕
0 Comments