កម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង១០០នាក់ ដែលពាក់អាវមានអក្សរ Police និង Army ដើរលេងក្នុងពិធីបុណ្យអុំទូក
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាង១០០នាក់ ដែលពាក់អាវមានអក្សរ Police និង Army ដើរលេងក្នុងពិធីបុណ្យអុំទូក ពីកន្លែងគោលដៅផ្សេងៗគ្នា ដោយខ្លាចសង្ស័យមានចេតនាមិនល្អ នៅពិធីបុណ្យអុំទូកនារាត្រីនេះ។
ក្រុមប្រជាពលរដ្ឋជាង១០០នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់សាកសួរនោះ ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ឲ្យដឹងថា ក្រោយពីសាកសួរនាំពួកគាត់ជាប្រជាពលរដ្ឋមកដើរកំសាន្តធម្មតាទេ ដោយសាររដូវនេះជារដូវរងាពួកគាត់បានទិញអាវប្រភេទអាវរងារនេះពាក់ មានមនុស្សចាស់ ក្មេង ជំទង់ ប្រុសស្រី ហើយឃាត់នៅគ្រប់គោលដៅ។ ដោយគោលដៅខ្លះមានជាង៥០នាក់ គោលដៅខ្លះជាង២០នាក់ គោលដៅខ្លះជាង១០នាក់ គោលដៅខ្លះ៥នាក់ ដែលសរុបប្រមាណជាង១០០នាក់។
ប៉ុន្តែក្រោយពីសាកសួររួចហើយ ទើបដឹងថាពួកគាត់មិនមានចេតនាអាក្រក់នោះទេ, សមត្ថកិច្ចបានអនុញ្ញាតឲ្យពួកគាត់ដើរលេងកំសាន្តវិញ ប៉ុន្តែដកហូតយកអាវ ដែលមានពាក្យ Police និង Army ដើម្បីរក្សាទុក។
ជាមួយនោះផងដែរ លោកស្នងការរាជធានីភ្នំពេញ គ្រោងនឹងស្នើសុំទៅកាន់អភិបាលរាជធានីភ្នំពេញ ដើម្បីអំពាវនាវឲ្យគ្រប់អាជីវករលក់ដូរតាមបណ្តាផ្សារនានានៅរាជធានីភ្នំពេញ ឈប់លក់អាវដែលមានអក្សរដូចខាងលើនេះតទៅទៀត ជៀសវាងមានការយល់ច្រឡំ៕

























ប្រភព:http://www.freshnewsasia.com
0 Comments