
កាហ្វេចេញពីលាមកដំរីល្បីឆ្ងាញ់ ១ គ.ក ថ្លៃជិត $២ ពាន់



ខេត្ដឈៀងរ៉ៃ: នៅតំបន់ព្រៃភ្នំភាគខាងជើងប្រទេសថៃ ស្ដ្រីម្នាក់កំពុងប្រមូលគ្រាប់កាហ្វេចេញពីគំនរលាមកសត្វដំរី។ វាជាគន្លឹះដ៏សំខាន់មួយក្នុងការផលិតកាហ្វេដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោក។

តំបន់ដាច់ស្រយាលជាប់ព្រំដែនត្រីកោណមាសមីយ៉ាន់ម៉ា និងឡាវធ្លាប់តែល្បីល្បាញរឿងគ្រឿងញៀនជាជាងកាហ្វេ។ ប៉ុន្ដែលោក ប្លេក ឌីនគីន សម្រេចចិត្ដថា វាជាឱកាសដ៏ស័ក្ដិសមសម្រាប់សហគ្រិនស្របច្បាប់ដែលជ្រើសយកវិធីអភិរក្សមកបង្កើតជាជំនួញ។
ជនជាតិកាណាដា វ័យ ៤០ ឆ្នាំ ជាស្ថាបនិកហាងកាហ្វេ Black Ivory ដែលប្រើលាមកដំរីមកបង្កើតរសជាតិកាហ្វេដ៏វិសេស និយាយថា៖ «ពេលខ្ញុំពន្យល់គម្រោងរបស់ខ្ញុំទៅកាន់ហ្មដំរី ខ្ញុំដឹងថា ពួកគេគិតថា ខ្ញុំជាមនុស្សឆ្កួត»។




សត្វសំពោច តោ និងហ្សឺរ៉ាហ្វ (សត្វកវែង) ក៏ស្ថិតក្នុងពពួកសត្វផលិតកាហ្វេថ្លៃដែរ។ ប៉ុន្ដែលោក ឌីនគីន ជ្រើសយកដំរីក្រោយពីរកឃើញថា សត្វទាំងនេះជួនកាលស៊ីកាហ្វេក្នុងរដូវក្ដៅហួតហែងនៅអាស៊ីអាគ្នេយ៍។
ប៉ុន្ដែការផលិតកាហ្វេពីលាមកសត្វធំស្បែកក្រាស់នេះមានការលំបាកដោយលើកឡើងថា៖ «វាធ្វើឲ្យចំណាយពេល ៩ ឆ្នាំដើម្បីទទួលបានជោគជ័យក្នុងការសម្រេចគោលដៅ»។





ខណៈគ្រាប់កាហ្វេត្រូវបានចូលក្នុងពោះដំរីរយៈពេល ១៧ ម៉ោង អាស៊ីតក្នុងក្រពះផ្ដើមសម្អាតជាតិល្វីងចេញពីកាហ្វេ។ លោកពន្យល់ថា៖ «ខ្ញុំបាត់គ្រាប់កាហ្វេអស់ជាច្រើនទៅក្នុងទឹក ពីព្រោះជួនកាលដំរីជុះចូលទឹកទន្លេ»។

ភរិយាហ្មដំរីប្រមូលគ្រាប់កាហ្វេពីលាមកដំរីមុនពេលលាងសម្អាត និងហាលថ្ងៃសម្ងួតជាកិច្ចការជួយបង្កើនចំណូលដល់សហគមន៍។
ដើម្បីទទួលសមិទ្ធផល ១ គីឡូក្រាម ដំរីត្រូវស៊ីគ្រាប់កាហ្វេប្រមាណ ៣៣ គីឡូក្រាម រួមជាមួយអាហារប្រចាំថ្ងៃ ដូចជា ចេក និងស្រូវ។ ប៉ុន្ដែលទ្ធផលដែលវាផ្ដល់ឲ្យពិតជាថ្លៃណាស់។

កង្វះទឹកគឺជាគន្លឹះនៃការផលិតកាហ្វេដ៏ល្អ។ នៅក្នុងឆ្នាំ ២០១៥ ជារដូវប្រមូលផលដ៏ជោគជ័យលើកទី ៣ របស់ពួកគេ Black Ivory ផលិតកាហ្វេ ១៥០ គីឡូក្រាម។

ក្នុងតម្លៃប្រមាណ ១៨៨០ ដុល្លារក្នុងមួយគីឡូក្រាម ឬ ១៣ ដុល្លារសម្រាប់ទឹកកាហ្វេខ្លាំងអេស្ព្រេសសូមួយកែវ។ វាពិតជាមិនថោកនោះទេ។
កាហ្វេ Black Ivory នឹងមានលក់នៅតាមហាងនានាក្នុងទីក្រុងប៉ារីស ក្រុងហ៊្សូរិច ក្រុងកូប៉ិនហាក និងក្រុងម៉ូស្គូ។ ប៉ុន្ដែបច្ចុប្បន្នវាត្រូវបានលក់ផ្ដាច់មុខនៅសណ្ឋាគារប្រណីតៗក្នុងតំបន់អាស៊ីភាគច្រើននៅប្រទេសថៃ សិង្ហបុរី និងក្រុងហុងកុង៕














ប្រភព:https://khempire.com
0 Comments