បរទេស៖ មនុស្សមួយចំនួនធំធ្លាប់តែបានដឹងថា ការងារដែលទទួលបានប្រាក់កម្រៃខ្ពស់គឺជាប្រភេទការងារដូចជា វិស្វករសំណង់ វិស្វករអគ្គិសនី និងវិស្វករកុំព្យទ័រ ជាដើម។ ក៏ប៉ុន្តែថ្ងៃនេះ ខ្មែរឡូត សូមពាំនាំយកនូវការងារប្លែកៗចំនួន១៣ ដែលលោកអ្នកនឹកស្មានមិនដល់ ហើយវាទទួលបានប្រាក់កម្រៃខ្ពស់ទៀតផង។ ដើម្បីឲ្យជា្របកាន់តែច្បាស់ពីការងារទាំងអស់នោះ តោះតាមដានទស្សនាទាំងអស់គ្នា៖
១៣. អ្នកជំនាញខាងប្រឹក្សាយោបល់ និងអោប
ប្រសិនបើអ្នកត្រូវការការអោបដើម្បីផ្តល់ភាពកក់ក្តៅ ឬក៏ដៃគូដើម្បីពិភាក្សាយោបល់ ក៏ប៉ុន្តែអ្នកមានតែម្នាក់ឯង ដូច្នេះ អ្នកកុំបារម្មណ៍អី អ្នកអាចស្វែងរកអ្នកជំនាញខាងប្រឹក្សាយោបល់ និងជំនាញខាងអោបដើម្បីផ្តល់ភាពកក់ក្តៅបាន។ អ្នកធ្វើការងារនេះ គឺទទួលបានកម្រៃចន្លោះពី ៦០ ទៅ ៨០ដុល្លារ ក្នុងមួយម៉ោង។
១២. អ្នកមុជទឹករកកូនហ្គោល
ការងារប្រភេទនេះគឺតម្រូវឲ្យអ្នកត្រូវមុជទឹកដើម្បីស្វែងរកកូនហ្គោលនៅពេលដែលអ្នកវាយកូនហ្គោល វាយចូលទៅក្នុងទឹកថ្លុក ឬស្រះ។ ប្រសិនបើអ្នកស្តាប់មើលទៅហាក់ដូចជាធម្មតាទេ តែវាមិនស្រួលនោះទេ ព្រោះថាថ្លុក ឬស្រះខ្លះគឺមានក្លិនស្អុយ ព្រោះគ្មានអ្នកណាមើលថែទាំនោះទេ។
១១. អ្នកតេស្តចំណីសត្វចិញ្ចឹម
ប្រសិនបើយើងនិយាយអំពីបរិបទនៅក្នុងប្រទេសខ្មែរ ការងារប្រភេទនេះគឺគ្មាននោះទេ ព្រោះថាយើងមិនសូវចូលចិត្តសត្វចិញ្ចឹម។ តែប្រសិនបើយើងនិយាយពីបរិបទនៃប្រទេសប៉ែកអឺរ៉ុប ការងារប្រភេទនេះគឺសំបូរណាស់ ព្រោះថាគេស្រលាញ់ចូលចិត្ត និងថែទាំសត្វចិញ្ចឹមគេណាស់ ដូច្នេះហើយ ទើបមុននឹងគេឲ្យចំណីទៅសត្វចិញ្ចឹមរបស់គេ គេត្រូវការអ្នកតេស្តសាកល្បង ដើម្បីធានាបានថា ចំណីដែលសត្វចិញ្ចឹមរបស់គេស៊ីគឺមានគុណភាពល្អសមស្រប។
១០. អ្នកតេស្តបន្ទប់គេង
ប្រសិនបើយើងស្តាប់មួយភ្លែត យើងប្រហែលជាគិតថាការងារប្រភេទនេះគឺងាយស្រួលណាស់ តែវាមិនងាយស្រួលដូចដែលអ្នកគិតនោះទេ ព្រោះថាវាតម្រូវឲ្យអ្នកមានចំណេះដឹងច្បាស់លាស់ក្នុងការវាយតម្លៃ ប្រសិនបើមិនដូច្នេះទេ អ្នកនឹងមិនដឹងទេថា គុណភាពនៃពូកនៅក្នុងបន្ទប់គេងនោះយ៉ាងម៉េច ហើយភាពទន់របស់វាអាចទទួលយកបានឬអត់។
៩. អ្នកហិតក្លិនក្រដាសអនាម័យ
អ្នកប្រហែលជាមិនដែលចាប់អារម្មណ៍ទេថា ហេតុអ្វីបានជាក្រដាសអនាម័យមានក្លិនខុសៗគ្នា ហើយខ្លះទៀតក៏គ្មានក្លិន? ក្លិននីមួយៗមិនមែនកើតមកឡើងដោយចៃដន្យនោះទេ ដើម្បីឲ្យបានក្លិនដែលពេញចិត្ត គឺក្រុមហ៊ុនត្រូវជួលអ្នកជំនាញខាងហិតក្លិនមកធ្វើការហិតក្លិនសាកល្បង។
៨. អ្នកវាយតម្លៃស្បែកមុខ និងទម្រង់មុខ
អ្នកធ្វើការផ្នែកនេះ គឺត្រូវមានចំណេះដឹងច្បាស់លាស់ដើម្បប្រាកដថា តើមុខនេះត្រូវនឹងផលិតផលអ្វី? ហើយតើគួរប្តូរទម្រង់មុខដូចម្តេចដើម្បីឲ្យសាកសមជាមួយគាត់?
៧. អ្នកឈរតម្រង់ជួរ
ការឈរតម្រង់ជួរតាមលំដាប់ គឺវាមានការពេញនិយមខ្លះចំពោះប្រទេសប៉ែកអឺរ៉ុប ជាក់ស្តែងដូចជាកាលពីប៉ុន្មានថ្ងៃមុននេះ មានអតិថិជន Apple ជាច្រើននាក់បានទៅតម្រង់ជួរដើម្បីចូលទិញផលិតផល iPhone X។ នៅក្នុងករណីនេះ ប្រសិនបើអ្នកខ្ជិលឈរតម្រង់ជួរចាំ អ្នកអាចជួលអ្នកជំនាញខាងឈរតម្រង់ជួរចាំ ឲ្យមកធ្វើការជំនួសអ្នកបាន ដោយអ្នកគ្រាន់តែផ្តល់ថ្លៃសេវាជូនទៅពួកគេ។
៦. អ្នកតេស្តកម្រិតទឹកនៅពេលលេងរអិល
អ្នកធ្វើការងារនេះ គឺតម្រូវឲ្យពួកគាត់ជិះសាកល្បងកន្លែងរអិល ដើម្បីឲ្យដឹងថា តើកម្រិតទឹកគឺសមល្មមអាចលេងបានហើយឬនៅ។
៥. អ្នកច្របាច់មាត់ពស់ដើម្បីយកពិស
អ្នកធ្វើការងារនេះ គឺតម្រូវឲ្យច្របាច់មាត់ពស់ដើម្បីយកពិសវាទៅពិសោធន៍ ហើយបង្កើតជាឱសថដើម្បីការពារពិសពស់។ វាអាចជារឿងគ្រោះថ្នាក់បន្តិចដែរ ព្រោះថាប្រសិនបើភ្លាត់ នោះពស់នឹងខាំដៃអ្នក។
៤. អ្នកចាប់ជន្លេន
អ្នកធ្វើការងារនេះ គឺត្រូវដើរតាមសួនច្បារ កន្លែងវាយកូនហ្គោល ឬក៏កន្លែងដែលមានជ្រាំជាដើម្បីដើម្បីជីកយកជន្លេនមកលក់ឲ្យអ្នកដែលចូលចិត្តស្ទួចត្រី។
៣. អ្នកធ្វើតេស្តសត្វល្អិត
ប្រសិនបើយើងមើលកម្មវិធី Killer Karaoke នោះយើងប្រាកដជាឆ្ងល់ថា ហេតុអ្វីក៏សត្វនៅក្នុងនោះមិនខាំ ឬមិនធ្វើឲ្យអ្នកលេងមានការឈឺចាប់? កុំឆ្ងល់អី មុននឹងគេយកសត្វនោះដាក់ចូលទៅក្នុងកម្មវិធី គឺគេបានស្វែងរកអ្នកជំនាញ មកតេស្តសាកល្បងប្រភេទសត្វទាំងនោះអស់ហើយ។
២. អ្នកធ្វើជាម៉ូដែល ខ្លួនទទេ
អ្នកធ្វើការងារប្រភេទនេះ គឺតម្រូវឲ្យគាត់សម្រាតខោអាវ ហើយអង្គុយតាមទម្រង់ដែលគេបានកំណត់ ដើម្បីឲ្យអ្នកគូរគំនូរគូរតាម។
១. អ្នកហិតក្លិនក្លៀក
មានអ្នកមួយចំនួនឆ្ងល់ថា ហេតុអ្វីបានជានៅពេលដែលយើងប្រើផលិតផលបំបាត់ក្លិនក្លៀកទៅធ្វើឲ្យក្លៀកយើងបាត់ក្លិន? ហើយតើក្រុមហ៊ុនពិសោធន៍ផលិតផលដូចម្តេចទៅ?
ដើម្បីធានាបានថាផលិតផលរបស់ខ្លួនមានគុណភាពខ្ពស់ប៉ុណ្ណានោះ គឺក្រុមហ៊ុនត្រូវជួលអ្នកជំនាញខាងហិតក្លិនក្លៀក ដើម្បីធានាបានថា តើផលិតផលរបស់ក្រុមហ៊ុនមានគុណភាពប៉ុណ្ណា។ អ្នកធ្វើការប្រភេទនេះ គឺត្រូវហិតក្លៀករហូតដល់ ៦០ក្លៀក ក្នុងមួយម៉ោង៕
0 Comments