ប្រជាពលរដ្ឋខ្មែរមួយចំនួន ប្រាកដជាធ្លាប់បានឮឈ្មោះផ្លូវនៅក្រុងភ្នំពេញថា “មហាវិថីមុនីរ៉េត” ដែលមានទីតាំងស្ថិតនៅស្ទឹងមានជ័យ ដែលមានមហាវិថីព្រះមុនីរ៉េត មួយមិនខាន។ ប៉ុន្តែជីវប្រវត្តិរបស់ព្រះអង្គយ៉ាងណាខ្លះ យើងនៅមិនទានជ្រាបនៅឡើយទេ។ ដូច្នេះ គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង សូមលើកបង្ហាញខាងក្រោមនេះដូចតទៅ៖
ប្រវត្តិរបស់ ព្រះអង្គម្ចាស់ មុនីរ៉េត
ព្រះអង្គម្ចាស់មុនីរ៉េត គឺជាបុត្រាច្បងរបស់ សុីសុវត្ថិ ព្រះបាទមុនីវង្ស មានព្រះមាតាព្រះនាម នរោត្តម កាញ្ចនវិមាន នរល័ក្ខណទេវី ។ ទ្រង់ប្រសូតនៅថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ១៩០៩ ព្រះអង្គត្រូវជាឪពុកមា សាច់ខាងម្តាយរបស់ ព្រះបាទនរោត្តមស៊ីហនុ ព្រះបរមរតនៈកោដ្ឋរបស់យើង។ ព្រះមុនីរ៉េត គឺជាមនុស្សម្នាក់ដែលបានសិក្សារៀនសូត្រជ្រៅជ្រះ ទ្រង់បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សានៅទីក្រុងនីសប្រទេសបារាំង ហើយបន្តការសិក្សានៅសាលាយោធាបារាំង។
ទ្រង់បានត្រឡប់មកមាតុភូមិវិញ ក្នុងឆ្នាំ ១៩៣៤ ចូលបម្រើការជាអគ្គលេខាធិការ ព្រះបរមរាជវាំង ហើយបានបង្កើតក្រុមខេមរកាយរិទ្ធដំបូងនៅកម្ពុជា ក្នុងសម័យអាណានិគមន៏បារាំង។ ក្នុងសង្រ្គាមលោកលើកទី២ ព្រះអង្គបានចូលបម្រើកងទព័បារាំងមានឋានន្តរសក្តិ អនុសេនីយ៍ទោ ក្នុងកងអាកាសប្រទេសបារាំង ក្នុងឆ្នាំ១៩៣៩។ ព្រះអង្គម្ចាស់មុនីរ៉េត ជាបេក្ខភាពបម្រុងសម្រាប់ស្នងរាជ្យបន្តពីព្រះបិតាទ្រង់ ព្រោះទ្រង់ជាបុត្រាច្បងគេ ហើយមានចំណេះដឹងជ្រៅជ្រះថែមទៀត។ ប៉ុន្តែដោយព្រះអង្គមិនសូវចុះសម្រុងជាមួយរដ្ឋបាលបារាំងដែលដាក់អាណានិគមន៏ ពេលព្រះបិតាទ្រង់សោយព្រះទីវង្គត ទេសាភិបាលបារាំងក៏បានជ្រើសរើស សម្តេច នរោត្តម សីហនុដែលត្រូវជាក្មួយទ្រង់ មកសោយរាជ្យជំនួសវិញ ដែលខុសពីទម្លាប់ប្រពៃណីរបស់រាជវង្ស ខណៈពេលដែល សម្តេចព្រះនរោត្តម ស៊ីហនុ នៅវ័យជំទង់ស្ថិតក្នុងការសិក្សានៅឡើយ។
ក្នុងសំណេររបស់ ព្រះបាទនរោត្តម សីហនុ ក្នុងសៀវភៅ« អនុស្សាវរីយ៍ផ្អែមល្ហែម និងជូរចត់» ទ្រង់បានរៀបរាប់ថា ទ្រង់គ្មានបំណងចង់សោយរាជ្យនោះឡើយ ហើយក៏បានប្រកែកជាមួយមាតាបិតាទ្រង់ តែត្រូវមាតាបិតាទ្រង់អង្វឲ្យទទួលយកតួនាទីនេះ ដើម្បីឡើងសោយរាជ្យ។ ក្រោយបារាំងជ្រើសរើស សម្តេចព្រះ នរោត្តម សីហនុ ឲ្យឡើងគ្រងរាជ្យមក ព្រះអង្គម្ចាស់មុនីរ៉េត ក៏បានទទួលតំណែងជានាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ-ការពារជាតិ (១៩៤៥-១៩៤៦) និងជាប្រធានឧត្តមក្រុមប្រឹក្សារាជបល្ល័ង្ក (១៩៦០)។
ព្រះអង្គបានភៀសព្រះកាយ និងក្រុមគ្រួសារចូលទៅស្ថានទូតបារាំង ដើម្បីសុំសិទ្ធជ្រកកោន ពេលដែលខ្មែរក្រហមចូលកាន់កាប់រាជធានីភ្នំពេញនៅ ខែមេសា ឆ្នាំ១៩៧៥។ ប៉ុន្តែត្រូវពួកខ្មែរក្រហមចាប់យកពីស្ថានទូតបារាំងដូចពលរដ្ឋខ្មែរដទៃទៀតយកទៅសម្លាប់នៅពេលជាមួយគ្នានោះតែម្តង។
គួរបញ្ជាក់ផងដែរថា បបខ្មែរក្រហម ឬ របបកម្ពុជាប្រជាធិបតេយ្យ ដែលបានគ្រប់គ្រងស្រុកខ្មែរ ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ នៅក្នុងរបបពួកខ្មែរក្រហមនេះ បានសម្លាប់ប្រជាជនខ្មែរ អស់ជាង ១.៧០០.០០០ នាក់ តាមរយៈការបង្អត់អាហារ បង្ខំឲ្យធ្វើការហួសកំណត់ និងសម្លាប់ចោល ។ល។ ដែលធ្វើឲ្យទំព័រខ្មៅនៃប្រវត្តិសាស្ត្រខ្មែរនៅតែដិតដាបដល់ពេលបច្ចុប្បន្ន៕
Source:http://monovichea.com
0 Comments