ធុញ​ប្រុស​ៗ​ខ្លាំង​ពេក ស្ត្រី​២​នាក់​សម្រេច​ចិត្ត​រៀប​ការ​​ជាមួយ​គ្នា​ ឯ​ថ្លៃ​ទឹក​ដោះ​​កប់

ក្រោយ​​មាន​និស្ស័យ​​បាន​ជួប​គ្នា​​ពេល​ថ្វាយ​បង្គំ​​​ព្រះ​ និង​សេពគប់​មើល​ចិត្ត​គ្នា​មួយ​រយៈ ស្ត្រី​​ពីរ​រូប​នៅ​ប្រទេស​ថៃ​​បាន​សម្រេច​ចិត្ត​​ចាប់​ដៃ​មើល​ថែ​​គ្នា​មួយ​ជីវិត ខណៈ​អះអាង​ដូច​គ្នា​ថា​ធុញ​ទ្រាន់​នឹង​បុរស​ៗ។
កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​​វិច្ឆិកា នៅ​សាលា​ក្រុង​លប់បុរី បាន​មាន​​ការ​ចាត់​ពិធីរៀប​មង្គលការ​រវាង កូន​ក្រមុំ​ឈ្មោះ អាំផន ប្លៀនឆៃ អាយុ ៣៣ឆ្នាំ ជា​ម្ចាស់​មុខ​ជំនួញ​ហាង​ផ្កា​ស្រស់​ពីរ​កន្លែង នៅ​កណ្ដាល​ក្រុង​លប់​បុរី និង​​នារី​​ម្នាក់​ទៀត​ដែល​ដើរ​តួ​ជា​​កូន​កំលោះ​​ឈ្មោះ ឆ័ត្រគុន ភួង​សម្បត្តិ អាយុ ៣៧ឆ្នាំ ជា​ម្ចាស់​ជំនួញ​នាំ​ចូល និង​​នាំ​ចេញ​ផលិតផល រួម​ទាំង​​​ហាង​ថែ​សម្រស់ នៅ​ស្រុក​តាកលី ខេត្ត​ណាខនសុវណ្ណ។
កូន​ក្រមុំ​ នាង អាំផន ប្លៀនឆៃ បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ចៃដន្យ​​នៅ​ពេល​ទៅ​ថ្វាយ​បង្គំ​ព្រះ នៅ​ខេត្ត​ស៊ីងបុរី ដោយ​ពេល​នោះ​នាង​បាន​ធ្វើ​ជ្រុះ​ផ្កា ហើយ​នាង ឆ័ត្រគុន ភួង​សម្បត្តិ ដែល​កំពុង​​ថ្វាយ​បង្គំ​ព្រះ​ក្បែរ​​នោះ​ក៏​​ជួយ​រើស​ឲ្យ រួច​ហើយ​ក៏​ចាប់​ផ្ដើម​រាប់​អាន​គ្នា​តាំង​ពី​ពេល​នោះ។ មាន​វាសនា​ដូច​គ្នា នារី​ទាំង​ពីរ​រូប​សុទ្ធ​តែ​ធ្លាប់​មាន​គូ​​​ស្រករ​ពី​មុន ប៉ុន្តែ​​ក៏​ត្រូវ​បែក​គ្នា​វិញ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ធុញ​ទ្រាន់​នឹង​មនុស្ស​ប្រុស ទើប​ចុង​ក្រោយ​ក៏​ព្រមព្រៀង​​​រៀប​ការ​រស់​នៅ​ជាមួយ​គ្នា​តែ​ម្ដង។
ក្នុង​នោះ​ដែរ​ នាង ឆ័ត្រគុន ភួង​សម្បត្តិ ដែល​ជា​តំណាង​កូន​កំលោះ​បាន​ប្រគល់​បណ្ណាការ​មួយ​ចំនួន​ឲ្យ​កូន​ក្រមុំ​របស់​ខ្លួន​នូវ​មាស​សន្លឹក​ ៥០បាត (ទម្ងន់​ប្រមាណ ៧​ខាំកន្លះ) ចិញ្ចៀន​ពេជ្រ​មួយ​វង់ ​លុយ​សុទ្ធ​ ១លាន​បាត (ស្មើ​នឹង​ប្រមាណ ៣ម៉ឺន​ដុល្លារ) និង​បាន​រៀប​ចំ​ពិធី​មង្គលការ​តាម​ប្រពៃណី​​ដែល​មាន​ចាស់​ទុំ​ទាំង​សង​ខាង រួម​ទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ចូលរួម។
កូន​ក្រមុំ អាំផន ប្លៀនឆៃ បាន​ឲ្យ​ដឹង​ទៀត​ថា​​អ្នក​ទាំង​ពីរ​​បាន​ទិញ​ផ្ទះ​ថ្មី​រួច​ហើយ​នៅ​​ស្រុក​តាកលី ហើយ​នឹង​រស់​នៅ​ថែ​រក្សា​គ្នា​នៅ​ទី​នោះ​​មួយ​ជីវិត ៕
Source:http://kanha.sabay.com.kh

Post a Comment

0 Comments