ដឹង​ក្បួន​ងាយ​ៗ​មុន​ពេល​ប្រឡង​ ដើម្បី​ទទួល​ពិន្ទុ​ខ្ពស់​​ទោះ​រៀនមិន​សូវ​ពូកែ

សាកល្បងវិធីសាស្ត្ររៀនក្នុងរយៈពេលខ្លី ​ទោះ​រៀនមិនសូវ​ពូកែក៏ដោយ​ ក៏អាចទទួលបាននិទ្ទេស​ល្អ​គាប់ចិត្តបានដែរ៖
១. ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​រហូត​ដល់​ថ្ងៃ​ប្រឡង​
សុខ​ភាព​ ជា​កត្តា​សំខាន់​ដែល​ជះឥទ្ធិពល​ទៅ​លើ​ខួរ​ក្បាល​ ​ហេតុ​នេះ​ ​ត្រូវ​ញ៉ាំ​ ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ និង​មាន​ពេល​លំហែ​កាយ​ លេង​កីឡា​ខ្លះ​ផង​ ។
២. ​រៀន​សរសេរ​អក្សរ​ឲ្យ​បាន​ស្អាត​
ព្យាយាម​សរសេរ​សំណេរ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ​ជា​ពិសេស​ជៀស​វាង​ការ​ប្រើ​ទឹក​លុប​ និង​គូស​វាស​ផ្ដេស​ផ្ដាស​។
៣.​ ​រៀន​សរសេរ​ក្រដាស​រ៉ាម​ឲ្យ​មាន​របៀប​
ក្រោយ​ពី​សរសេរ​អក្សរ​មិនមាន​កំហុស​ហើយ​ ​មក​រៀន​សរសេរ​លើ​ក្រដាស​រ៉ាម​ឲ្យ​ត្រង់​ស្មើ​ និង​ទុក​កន្លែង​សរសេរ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ ​កុំ​សរសេរ​តាម​តែ​នឹក​ឃើញ​។
៤. ​សួរ​គ្រូ​ពី​របៀប​សរសេរ​ចម្លើយ​ឲ្យ​ដូច​ក្នុង​អត្រា​កំណែ ​
ត្រូវ​ឆ្លៀត​សួរ​គ្រូរ​បៀប​សរសេរ​ចម្លើយ​យ៉ាង​ម៉េច​ឲ្យ​ដូច​ក្នុង​អត្រា​កំណែ ​និង​ព្យាយាម​កែ​តម្រូវ​របៀប​សរសេរ​ចម្លើយ​របស់​ខ្លួន​ឯង​តាម​គម្រូ​អត្រា​កំណែ​។
៥. ​ធ្វើ​លំហាត់​កុំ​កាត់​ខ្លាំង​ពេក​
​ពេល​ដោះ​ស្រាយ​លំហាត់​ ឬ​ ​សមីការ​ ​កុំ​ព្យាយាម​សរសេរ​លឿន​ហើយ​កាត់ៗ​ ​ត្រូវ​ឆ្លង​ឲ្យ​បាន​គ្រប់​ដំណាក់​កាល​ ព្រោះ​ខ្លាច​បាត់​ពិន្ទុ​។
៦. ​រៀន​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​
​រៀន​ខ្លួន​បាន​ច្រើន​កាល​ណា ​អ្នក​ប្រាកដ​ជា​ដឹង​ពី​ចំណុច​ខ្លាំង​និង​ខ្សោយ​របស់​ខ្លួន​ ហើយ​កត់​ចំណាំ​ចំណុច​ខ្សោយ​ទុក​ ​ដើម្បី​ហ្វឹក​ហាត់​បន្ថែម​។
៧. ​ជួប​ជុំ​មិត្តភក្ដិ​រៀន​ជា​ក្រុម​ឲ្យ​ញឹក​ញាប់​​
​សំខាន់​ណាស់​ត្រង់​ចំណុច​នេះ​ ​ព្រោះ​ថា​ការ​រៀន​ជា​ក្រុម​អាច​ជួយ​ឲ្យ​អ្នក​បែក​គំនិត​បាន​ច្រើន​ និង​មិន​ចេះ​ទាល់​គំនិត​ពេល​ប្រឡង​មែន​ទែន​។​
៨. ​ចំពោះ​សំណួរ​ត្រូវ​ឆ្លើយ​ឲ្យ​គ្រប់​
នៅ​ពេល​ប្រឡង​ ​អ្នក​ត្រូវ​ព្យាយាម​ឆ្លើយ​សំណួរ​ឲ្យ​បាន​គ្រប់​មុខ​ ទោះ​មិន​សូវ​ចេះ​ក៏​ដោយ កុំ​ឲ្យ​មាន​ចន្លោះ។ សល់​សំណួរ​ដែល​មិន​សូវ​ចេះ អាច​ទុក​ឆ្លើយ​តាម​ក្រោយ និង​ព្យាយាម​រក្សា​អារម្មណ៍​ឲ្យ​មូល ដើម្បី​គិត។
៩. ​កុំ​បោះ​ចោល​មុខ​វិជ្ជា​បន្ទាប់​បន្សំ​ឲ្យ​សោះ​ បើ​ចង់​បាន​និទ្ទេស​ល្អ​ប្រសើរ​
មុខ​វិជ្ជា​បន្ទាប់​បន្សំ​ ​ដូចជា​ ភាសា​អង់គ្លេស​ ផែនដី និងបរិស្ថានវិទ្យា ព្រម​ទាំង​មុខ​វិជ្ជា​តូចៗ​ផ្សេង​ទៀត​ ​សូម​កុំ​ទុក​ចោល​ឲ្យ​សោះ ​ ​ត្រូវ​ព្យាយាម​ទន្ទេញ​មេរៀន​តូចៗ​ជា​រៀង​រាល់​ព្រឹក​ព្រលឹម​ និង​មាន​មិត្ត​ភក្តិ​ឆ្លើយ​ឆ្លង​សំណួរ​ចម្លើយ​ជាមួយ​ ដើម្បី​ដឹង​ត្រូវ​ឬ​ខុស​៕
Source:http://news.sabay.com.kh

Post a Comment

0 Comments