បង្ហាញ​មុខ​ជន​បរទេស៤​រូប​ លះបង់​ដ៏​ធំធេង​ដើម្បី​ជួយ​ខ្មែរក្រោម​ហេតុផល​ដ៏រំជួលចិត្ត

ការ​លះ​បង់​ទ្រព្យ​សម្បត្តិ​ លុយ​កាក់ មាស​ប្រាក់ ពេល​វេលា កម្លាំង​កាយ និង​កម្លាំង​ចិត្ត​ពី​សំណាក់​ជនជាតិ​ដទៃ មក​កាន់​ប្រជាជន​កម្ពុជា​គឺ​ជា​រឿង​គួរ​ឱ្យ​ស្ងប់ស្ងែង​បំផុត រក​អ្វី​ប្រៀប​ផ្ទឹម​មិន​បាន។ ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​មុខ​ជន​បរទេស​៤​រូប​ធ្លាប់​លះបង់​យ៉ាង​ធំធេង​មក​កាន់​កម្ពុជា ដោយ​ចេញ​ពី​ក្ដី​ស្រឡាញ់ និង​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​មិន​អាច​កាត់​ថ្លៃ​បាន។ ​
១. លោក​វេជ្ជបណ្ឌិត បេអាត វិចន័រ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា
បន្ទាប់​ពី​ទទួល​បាន​បរិញ្ញាបត្រ​វេជ្ជសាស្ត្រ ក្នុង​ឆ្នាំ១៩៧៣ លោក​វេជ្ជបណ្ឌិត បេអាត​ រិចន័រ ធ្វើជាអ្នកឯកទេសថែរទាំកុមារ នៅឯមន្ទីរពេទ្យកុមារនៅហ៉្សូរ៉ិច ប្រទេស​ស្វ៊ីស។ បន្ទាប់មក​ លោក រិចន័រ​បាន​ធ្វើការ​អោយ​កាកបាទក្រហមស្វីស និង​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជាជា​ទី​ដែល​លោក​បាន​ធ្វើការ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផាទីក្រុង​ភ្នំពេញចន្លោះ​ឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៧៥។
គួរ​ឲ្យ​សោកស្ដាយ ក្នុង​ឆ្នាំ១៩៧៥ ​ខ្មែរ​ក្រហមបាន​កាន់កាប់​ប្រទេស​កម្ពុជា លោក​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ទៅ​ប្រទេស​ស្វីសវិញ​ហើយ​ក៏​បាន​​បន្ត​ការងារ​របស់​លោក​នៅ​ទីក្រុងហ៉្សូរ៉ិច។
ក្នុង​ឆ្នាំ ១៩៩២ លោក​វេជ្ជបណ្ឌិត​បាន​ត្រឡប់​មក​កម្ពុជា​និង​បាន​ឃើញ​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។ដោយ​សារ​ហេតុផល​ចង់​ឃើញ​មន្ទីរពេទ្យ​នេះ​ដំណើរការ​ឡើង​វិញ​លោក​ក៏​បើក​និង​សាងសង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើងវិញ​នៅ​ពេល​នោះ។
មន្ទីរពេទ្យ​មាន​សាខា​ចំនួន​៤ នៅ​រាជធានី​ភ្នំពេញ ដែលបានបង្កើតឡើងដោយ លោកវេជ្ជបណ្ឌិត បេអាត​ រិចន័រ។  ក្នុង​នោះ​រួមមាន៖
  • គន្ធបុប្ផា​ទី​១ កសាង​នៅ​ឆ្នាំ​១៩៩២
  • គន្ធបុប្ផា​ទី​២ កសាង​នៅ​ឆ្នាំ​១៩៩៦
  • គន្ធបុប្ផា​ទី​៣ កសាង​នៅ​ឆ្នាំ​២០០៥
  • គន្ធបុប្ផា​ទី​៤ កសាង​នៅ​ឆ្នាំ​២០០៧
ចំណែក​នៅ​ខេត្ត​សៀមរាប លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ បាន​កសាង​មន្ទីរពេទ្យ ជយវរ្ម័ន ទី៧ ក្នុង​ឆ្នាំ​១៩៩៩។
២. តារា​សម្ដែង​ហូលីវូត Angelina Jolie
និយាយ​ប្រាប់​​ភ្នាក់ងារ​ព័ត៌មាន AP ​អំឡុង​ពេល​ពេល​សម្ភាសន៍​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៦ តារា​សម្ដែង​អាមេរិក​ Angelina Jolie បាន​ថ្លែង​ថា​៖"​វា​ពិត​ជា​ចម្លែក​ណាស់​ ខ្ញុំ​មិន​ដែល​ចង់​មាន​កូន​ម្នាក់​ទេ។​ ខ្ញុំ​ក៏​មិន​ដែល​ចង់​មាន​ផ្ទៃពោះ​ដែរ។ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ឯង​ក្លាយ​ជា​ម្ដាយ​គេ​ទេ។ ប៉ុន្តែ​ពេល​មក​ដល់​កម្ពុជា​អ្វីៗ​បាន​ប្រែប្រួល"។
ម្ចាស់​ពាន​រង្វាន់ Oscar និង​ជា​ផលិតក​រឿង”First They Killed My Father” ឬ "​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ឱ្យ​ដឹង​ថា​ ចាប់​ផ្ដើម​គិត​ដំបូង​អំពី​ការ​ចង់​បាន​និង​រស់​នៅ​ជាមួយ​ក្មេង​ៗ​ នៅ​ពេល​ដែល​នាង​​មក​​ថត​រឿង Tomb Raider នៅ​ឆ្នាំ​២០០០ នៅ​ប្រទេស​កម្ពុជា។ គ្រា​មួយ​ពេល​ដែល​នាង បាន​មក​លេង​​ក្មេង​ៗ​នៅ​សាលា​មួយ​ក្នុង​ប្រទេស​កម្ពុជា នាង​មាន​អារម្មណ៍​ថា​​កូន​របស់​នាង​គឺ​ស្ថិត​នៅ​ប្រទេស​នេះ។ នៅ​ឆ្នាំ​២០០២ Angelinaក៏​យល់​ព្រម​យក​ Maddox មក​ចិញ្ចឹម។
“ពេល​ដែល​ខ្ញុំ​មក​ដល់​កម្ពុជា​ដំបូង វា​បាន​ផ្លាស់​ប្ដូរ​​ខ្ញុំ។ វា​បាន​ប្ដូរ​ទស្សនវិស័យ​របស់​ខ្ញុំ។ ខ្ញុំ​​​បាន​ដឹង​​ប្រវត្តិសាស្ត្រ​ជា​ច្រើន​នៅ​ប្រទេស​នេះ ទាំង​ខ្ញុំ​មិន​បាន​រៀន​នៅ​សាលា​និង​ដឹង​​រឿង​​ជីវិត​ជា​ច្រើន​ ដែល​ខ្ញុំ​​ចង់​យល់​ចង់​ដឹង។ តួ​ស្រី​ក្នុង​រឿង "Maleficent” បាន​បន្ថែម​ថា​ នាង​មាន​អារម្មណ៍​​ពិត​គ្មាន​អ្វី​ទាំង​អស់​ពេល​នៅ​ទីក្រុង Los Angeles។
នាង​ធ្លាប់​មាន​ក្ដី​​រំភើប​ដោយ​ការ​សន្ដោស​ប្រណី​​និង​ការ​ផ្ដល់​ភាព​កក់ក្ដៅ​​ពី​ប្រជាជន​កម្ពុជា ត្បិត​តែ​ប្រទេស​នេះ​​ជួប​សោកនាដកម្ម​ប្រជាជន​ស្លាប់​ជាង​២​លាន​នាក់ ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ក៏​ដោយ។ អំឡុង​ពេល​ថត​រឿង " Lara Croft” នៅ​ឆ្នាំ​២០០០​នៅ​កម្ពុជា ឈុត​មួយ​ចំនួន​តម្រូវ​ឲ្យ​គេច​គ្រាប់មីន គឺ​ហាក់​ដូច​ធ្វើ​ឲ្យ​នាង​ដឹង​អារម្មណ៍​ពិត​ ដូចជា​ជនភៀសខ្លួន​កំពុង​ប្រឈម​មុខ​ក្នុង​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម។ សម្រាប់​ការ​ថត​រឿង​នេះ​បាន​បង្ហាញ​កា​យល់​ដឹង​​និង​ធ្វើ​ឲ្យ​នាង​ចាប់​ផ្ដើម​​ស្វែងយល់​ចំណេះដឹង​ទាំង​នោះ។
ដោយ​សារ​ហេតុផល​នេះ​ហើយ ​បាន​ជំរុញ​ចិត្ត​របស់​ Angelina ទាក់ទង​​ឧត្ដម​ស្នងការ​របស់​​អង្គការ​ U.N សម្រាប់​ជនភៀសខ្លួន​ដើម្បី​សិក្សា​អំពី​ការងារ​របស់​ទីភ្នាក់ងារ​មុន​ក្លាយ​ជា​ទូត​សុឆន្ទៈ​នៅ​ឆ្នាំ​២០០១។
៣. លោក​Scott Neeson ស្ថាបនិក​អង្គការ​(CCF)
លោក​ ​ស្កុត​នី​សិន​ (Scott Neeson) ​គឺ​​ជា​ស្ថាបនិក​ នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ រឺ​ Cambodian Children's Fund (CCF) បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៤​ មក​ម្ល៉េះ​។​ ​លោក​បាន​លក់​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ជា​ច្រើន​ និង ខិត​ខំ​ស្វែង​រក​ជំនួយ​ពី​សប្បុរស​ជន​នានា​ក្នុង​គោល​ដៅ​​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​រស់​នៅ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ​ឲ្យទទួល​​បាន​ការ​អប់​រំ​ និង ​រស់​នៅ​ក្នុង​ជីវិត​ថ្មី​មួយ​ផ្សេង​ទៀត​។​​​
លោក ស្កុត​នី​សិន​​​បាន​កើត​នៅ​ក្នុង​​តំបន់​មួយ​នៃ​ប្រទេស​ស្កុត​ឡែន​ ស្ថិត​ក្នុង​ចក្រភព​អង់គ្លេស​ ហើយ​​គ្រួសារ​​របស់​លោក​បាន​​​ផ្លាស់​ទី​​​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី​តាំង​ពី​លោក​មាន​​អាយុ​៥​ឆ្នាំ​ម្ល៉េះ​។​ ពេល​​វ័យ​ជំទង់​ ​លោក​បាន​​​​​​​ទៅ​ធ្វើ​ការ​​នៅ​​ក្រុម​ហ៊ុន​ភាព​យន្ត​ រហូត​លោក​អាច​​ក្លាយ​ខ្លួន​​ជា​​​ប្រធាន​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​នៅ​ក្នុង​ឧស្សាហកម្ម​ភាព​យន្ត​​ហូលីវ៉ូដ​ (20 Century Fox International)​ ទៀត​ផង​។
​​​អំឡុង​​ឆ្នាំ​ ២០០៣​ គឺ​ជា​ពេល​​ដែល​លោក​​បាន​ធ្វើ​ដំណើរ​កម្សាន្ត​មក​កាន់​ប្រទេស​កម្ពុជា​​។​ លោក​បាន​ទៅ​ខេត្ត​សៀម​រាប​ សារមន្ទីរ​ទួល​ស្លែង​ និង តំបន់​ទេសចរណ៍​សំខាន់​ៗ​មួយ​ចំនួន​ផង​ដែរ​​​។​ ​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យលោក​ចងចាំ​មិន​ភ្លេច​ រហូត​ឈាន​ដល់​ការ​កែប្រែ​ខ្សែ​​ជីវិត​​របស់​លោក​​ទាំង​ស្រុង​នោះ​គឺ​ គ្រា​​មួយ​ ​ដែល​លោក​បាន​ទៅ​ទី​​លាន​ចាក់​សំរាម​នៅ​​តំបន់​ស្ទឹង​មាន​ជ័យ​​ រាជ​ធានី​ភ្នំពេញ​។
​ពេល​ទៅ​ដល់​ទី​នោះ​ លោក​មាន​អារម្មណ៍​​សង្វេគ​ជា​ខ្លាំង​​​នៅ​ពេល​ដែល​​ លោក​បាន​ឃើញ​កុមារ​តូច​ៗ​ និង មនុស្ស​​ជា​ច្រើន​រស់​នៅ​​ទី​នោះ​ពោរពេញ​ដោយ​ការ​លំបាក​ ​ខ្វះ​អនាម័យ​ និង រស់​នៅ​​​ក្នុង​បរិស្ថាន​ដ៏​អាក្រក់​​បំផុត​។​ ​ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​អោយ​លោក​គិត​ថា​ លោក​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ជួយ​ដល់​ពួក​គេ​។ ហេតុ​​នេះ​ហើយ​ ទើប​នៅ​ឆ្នាំ​ ២០០៤​ លោក​​បាន​សម្រេច​ចិត្ត​​លា​ឈប់​​ពី​ការ​ងារ​​​។​ ​បន្ទាប់​មក​លោក​បាន​លក់​​​ផ្ទះ​ លក់​រថយន្ត​​ លក់​កប៉ាល់​ទេសចរណ៍​ផ្ទាល់​ខ្លួន និង ​ទ្រព្យ​​សម្បត្តិ​មួយ​ចំនួន​​​​ទៀត​ ដើម្បី​យក​លុយ​មក​​​​​បើក​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ (CCF) ​ជំនួស​វិញ​។​
បេសកកម្ម​របស់​លោក​គឺ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឲ្យកុមារ​ទាំង​នោះ​ទទួល​បាន​ការ​អប់​រំ​ក្នុង​កម្រិត​មួយ​ខ្ពស់​ និង ​​​ការ​ជួយ​ដល់​​គ្រួសារ​ក្រីក្រ​របស់​ពួក​គេ​ឲ្យមាន​ចំណី​អាហារ​បរិភោគ​ ព្រម​ទាំង​មាន​កន្លែង​ស្នាក់​នៅ​សមរម្យ​​ទៀត​ផង​។ ​ ជា​លទ្ធផល​ ជាង​១៣​​ឆ្នាំ​មក​នេះ​ អង្គការ​របស់​លោក​បាន​ជួយ​ដល់​​កុមារ​តាំង​ពី​ ៤៥​ នាក់​ដំបូង​រហូត​ កើន​ឡើង​ដល់​ជាង​២០០០​នាក់​។​ លើស​ពី​នេះ​ទៀត​ អង្គការ​ក៏​បាន​​​​ជួយ​ដល់​គ្រួសារ​របស់​ពួក​គេ​ផង​ដែរ​​តាម​រយៈ​ការ​សាង​សង់​ផ្ទះ​ជាង​ ៤០០​ខ្នង​ និង ការ​ជួយ​ផ្គត់​ផ្គង់​អាហារ​​​មួយ​ចំនួន​​ផង​ដែរ​។ ហើយ​គម្រោង​​ថ្មី​មួយ​ដែល​លោក​ទើប​តែ​ទទួល​​បាន​ជោគ​ជ័យ​នោះ​ គឺ​ការ​​ដាក់​ឲ្យប្រើ​ប្រាស់​នូវ​សាលា​រៀន នីសិន​គ្រីប​អាខាដឺមី​ សម្រាប់​​​បណ្ដុះ​បណ្ដាល​ជំនាញ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា ​វិស្វកម្ម​ និង គណិតវិទ្យា​​ដល់​កុមារ​​ក្រី​ក្រ​រស់​នៅ​​លើ​គំនរ​សំរាម​​ទាំង​នោះ​។
៤. លោក Christian ស្ថាបនិក​អង្គការ PSE (POUR UN SOURIRSD'ENFANT)
ក្នុង​ឆ្នាំ​ ១៩៩៥ Christian និង Marie-France des Pallières បាន​មក​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​នៅ​ប្រទេស​កម្ពុជា ក្រោយ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ចូលនិវត្តន៍​នៅ​ប្រទេស​បារាំង​។ ប៉ុន្តែ​មួយ​ថ្ងៃ​មុន​ពេល​អ្នក​ទាំង​ពីរ​ចេញ​ទៅ​មាន​ក្មេង​ប្រុស​តូច​គួរ​ឱ្យ​អាណិត​ម្នាក់​នៅ​តាម​ដង​ផ្លូវ​បាន​បង្ហាញ​ប្រាប់​ពី​កន្លែង​ដែល​គាត់​រស់​នៅ​។នេះ​ជា​អ្វី​ដែល​អ្នក​ទាំង​ពីរ​បាន​ឃើញ​កន្លែង​ចាក់​សំរាម​ដ៏​សំខាន់​នៅ​ជាយ​ក្រុង​រាជធានីភ្នំពេញ ហើយ​ក៏​ឃើញ​កុមារ​កម្ពុជា​ច្រើន​កំពុង​រស់​នៅ​គួរ​ឲ្យ​អាសូរ។
លោក​Christian និង​ភរិយា​ Marie
លោក​Christian និង​ភរិយា​ Marie​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​បាន​ឃើញ​ហើយ​ក៏​ផុស​គំនិត​មួយ​គិត​ថា «អ្នក​មិន​អាច​មើល​ឃើញ​រឿង​បែប​នេះ​ហើយ​បន្ត​រស់​នៅ​យ៉ាង​មាន​ក្ដី​សុខ ​បែប​នេះ​បាន​ទៀត​ទេ»។
ក្រោយ​មក​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាង​លើ​ក៏​បាន​លះបង់​រឿង​គ្រប់​យ៉ាង​ទាំង​អស់​ ដែល​នៅ​ពី​ក្រោយ​ខ្នង ហើយ​ចាប់​ផ្ដើម​ជីវិត​ថ្មី​មួយ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ក្ដី​សង្ឃឹម​មួយ​ថា​នឹង​មិន​ឲ្យ​ស្ថាន​ភាព​បែប​នេះ​កើត​ឡើង​ចំពោះ​កុមារ​កម្ពុជា​ទៀត​ទេ។ បន្ទាប់​មក​អ្នក​ទាំង​ពីរ​បាន​យក​ប្រាក់​កាស​សល់​ពី​ការ​សន្សំ​ទិញ​អាហារ​ឆ្ងាញ់ៗ និង​ចាប់​ផ្ដើម​ផ្ដល់​ជំនួយ​ជា​លើក​ដំបូង​ដល់​កុមារ​នៅ​កន្លែង​ចាក់​សំរាម។
ក្នុង​ឆ្នាំ១៩៩៦ លោក​ Christian និង​ភរិយា​ ចាប់​ផ្ដើម​ជួល​អគារ​មួយ និង​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដល់​កុមារ​តូច​ៗ​ចំនួន 60 នាក់។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​សិស្ស​ជាង ៧០០០នាក់ មាន​អាយុ​ពី៦ ដល់ ២០ឆ្នាំ​ត្រូវ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ក្នុង​សាលា PSE ។ នេះ​បើ​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​សាលា​មួយ​នេះ។
PSE គឺ​កើត​ឡើង​ចេញ​ពី​បេះដូង និង​មនោសញ្ចេតនា​ មិន​អាច​កាត់​ថ្លៃ​បាន​របស់​ប្ដីប្រពន្ធ​ជនជាតិ​បារាំង​មួយ​គូ​នេះ។ អ្នក​ទាំង​ពីរ​បាន​រៀបការ​រយៈពេល​ជាង ៥០​ឆ្នាំ​មក​ហើយ និង​មាន​កូន​ពេញ​វ័យ​ចំនួន​បួន​នាក់។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​លោក​ក​Christian បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​ដោយ​ជរាពាធ​។
សាលា​PSE​ គឺ​ជា​អនុស្សាវរីយ៍​២០ឆ្នាំ​ចុង​ក្រោយ​របស់អ្នកទាំងពីរ ជំនួស​ឱ្យ​ការ​ចូល​និវត្តន៍​ដ៏​សុខសាន្ត​នៅ​បារាំង៕
​​​​​​​​​​​​ ​អត្ថបទ៖ 

Post a Comment

0 Comments