កំពូលអធិរាជ​អាណាចក្រម៉ុងហ្គោលី សង់ស៊ី ខាន់ (Genghis Khan) ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អធិរាជសង្រ្គាម​ដ៏​ខ្លាំងបំផុតមួយ​ក្នុង​ប្រវត្តិសាស្រ្ដ​ពិភពលោក។ ព្រះអង្គជា​មេទ័ព​ដែល​អនុវត្ត​នយោបាយ​វាតទី​និយម ដោយ​ទ្រង់​បាន​​ច្បាំង​​យក​នគរ និង​តំបន់​តូច​ធំ​ជា​ច្រើន ​ដាក់​ក្រោម​ចំណុះ​របស់​ខ្លួន រហូត​​​បង្កើត​បាន​​ជា​អាណាចក្រ​ម៉ុងហ្គោលី ​ដែល​មាន​ទឹកដី​ដ៏​ធំធេង។
រូបចម្លាក់​របស់ព្រះ​ចៅ សង់ស៊ីខាន់
អធិរាជ សង់ស៊ីខាន់ ដែលប្រិយមិត្ត​មួយ​ចំនួន​ធ្លាប់​ឮ​ឈ្មោះ​ក្នុង​សៀវភៅ​ប្រវត្តិសាស្រ្ដ ឬ​ក្នុង​ខ្សែភាពយន្ត​នោះ បាន​កើត​ក្នុង​គ្រួសារ​ប្រជារាស្រ្ដ​សាមញ្ញ នៅឆ្នាំ​១១៦២។ ទ្រង់​បាន​ចូល​ទិវង្គត នៅឆ្នាំ​១២២៧ ដោយ​មូលហេតុ​​ ដែល​គ្មាន​អ្នកណា​ដឹង​ច្បាស់។ ចំណែក​ឯ​ទីតាំង​ផ្នូរ​របស់​ព្រះអង្គ នៅ​តែ​ជា​អាថ៌កំបាំង​ តាំង​ពី​សម័យ​នោះ រហូត​ដល់​សម័យ​ទំនើប​នា​ពេលបច្ចុប្បន្ន​នេះ ដោយ​គ្មាន​អ្នក​ជំនាញណា​ម្នាក់ អាច​ស្រាវជ្រាវរក​ឃើញនោះឡើយ។
​ប្រវត្តិសាស្រ្ដ បាន​ឲ្យដឹង​ថា ព្រះចៅ សង់ស៊ី ខាន់ បាន​បញ្ជា​ឲ្យ​ទាហាន​បញ្ចុះ​ព្រះ​សព​​​របស់​ព្រះអង្គ ដោយ​មិនបន្សល់​ទុក​ស្លាកស្នាម ឬ សញ្ញា​បញ្ជាក់​ថា​ជាផ្នូរ​នោះទេ។ ក្រោយ​បញ្ចុះ ទាហាន​ដែល​យកសព​ព្រះអង្គ​ទៅបញ្ចុះ បាន​សម្លាប់​មនុស្ស​ទាំងអស់​ដែល​ជួប​នៅ​​តាម​ផ្លូវ ទៅ​កាន់​ទីតាំង​ផ្នូរ​នោះ។ មនុស្ស​ដែល​សាងសង់​ផ្នូរ​ក៏​ត្រូវ​បានសម្លាប់​ចោល​ទាំង​អស់ ឯ​ទាហាន​ដែលសម្លាប់ពួក​គេ ក៏​បាន​សម្លាប់​ខ្លួន​តាម​ក្រោយ​ផងដែរ។
រូបគំនូរ​នៃព្រះចៅ​សង់ស៊ីខាន់
រាប់រយ​ឆ្នាំ​ក្រោយ​មក បុរាណវិទូ និង​ប្រវត្តិវិទូ​ជាច្រើន​នាក់​ មក​ពី​ប្រទេស​នានា បាន​ព្យាយាម​សិក្សា​ស្រាវជ្រាវ​ស្វែងរក​ទីតាំង​ជាក់លាក់​នៃផ្នូររបស់ព្រះអង្គ ប៉ុន្តែ​គ្មាន​អ្នក​ណា​អាច​រក​ឃើញ​នោះទេ។ គេ​ជឿជាក់ថា ផ្នូរ​ដ៏​អាថ៌កំបាំង​របស់ព្រះអង្គ មាន​វត្ថុ​មាន​តម្លៃជាច្រើន ដែលធ្វើ​ឲ្យ​មាន​មនុស្ស​ជាច្រើន នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​រកឲ្យ​ឃើញ​ទី​អាថ៌កំបាំង​នៃ​ផ្នូរ​របស់​ទ្រង់រហូត​មក​ទល់បច្ចុប្បន្ន។
យ៉ាងណាក្ដី ទោះ​បច្ចេកវិទ្យា​ទំនើប​យ៉ាង​ណាក៏ដោយ ក៏​ទីតាំង​ផ្នូរ​របស់​ទ្រង់ នៅ​តែ​ជាអាថ៌កំបាំង​មួយ ក្នុង​ចំណោម​អាថ៌កំបាំង​ដែល​ស្រាយ​មិន​ទាន់​ចេញ។ ក្រុម​អ្នក​ស្រាវជ្រាវ​ខ្លះ បាន​ប្រើ​ផ្កាយ​រណប​ថត​ពី​ទី​អាវកាស រួម​ទាំងបច្ចេកវិទ្យាជាច្រើន​ទៀត នៅ​តែ​គ្មាន​អ្នក​ណា​អាច​រក​ឃើញ​ដដែល។
តួអង្គ​ក្នុង​រឿង​ដែល​សម្ដែង​ជាតួ​ព្រះចៅ​សង់ស៊ីខាន់
បច្ចុប្បន្ន ព្រះចៅ សង់ស៊ី ខាន់ នៅ​តែត្រូវ​បានគេ​ចាត់ទុក​ថា​ជា​​វីរបុរស​របស់​ម៉ុងហ្គោលី។ រូប​ចម្លាក់របស់​ទ្រង់ មាន​នៅ​ជាច្រើន​កន្លែង ខណៈ​ក្រដាស​ប្រាក់​បច្ចុប្បន្ន​របស់​ប្រទេសនេះ ក៏​មាន​រូប​ព្រះអង្គ​ដែរ៕




Source:http://kleykley.sabay.com.kh/article