ក្រុមហ៊ុនចិននិងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានទំហំទឹកប្រាក់ជាង២៥០ពាន់លាន

ក្រុមហ៊ុនរបស់ប្រទេសចិននិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនដែលមានតម្លៃទឹកប្រាក់ជាង២៥០ពាន់លានដុល្លារអាមេរិកនៅក្នុងពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កំពុងបំពេញទស្សនកិច្ចផ្លូវនៅប្រទេសចិនក្រោមអធិបតីភាពរបស់មេដឹកនាំពិភពលោកទាំង២គឺប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងការទិញយន្តហោះប៊ូអ៊ីង រថយន្តហ្វដ (Ford) ទឹកសណ្ដែករបស់សហរដ្ឋអាមេរិក និងការអភិវឌ្ឍរួមគ្នានៃឧស្ម័នធម្មជាតិនៅរដ្ឋអាឡាស្កានៅសហរដ្ឋអាមេរិក។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហរដ្ឋអាមេរិក ចំណែកសហរដ្ឋអាមេរិកវិញគឺជាដៃគូធំបំផុតទី២របស់ប្រទេសចិន ខណៈទំហំពាណិជ្ជកម្មនៃប្រទេសទាំង២នេះបានកើនឡើងពីទំហំទឹកប្រាក់ចំនួន២,៥ពាន់លានដុល្លារនៅឆ្នាំ១៩៧៩ទៅដល់ទំហំទឹកប្រាក់ចំនួន៥១៩,៦ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៦។
សូមរំលឹកថា រយៈពេល១ទសវត្សរ៍មកនេះ ការនាំចេញរបស់អាមេរិកទៅប្រទេសចិនបានកើនឡើងជាធម្យម១១ភាគរយជារៀងរាល់ឆ្នាំ ចំណែកការនាំរបស់ប្រទេសចិនទៅសហរដ្ឋអាមេរិកវិញបានកើនឡើង៦,៦ភាគរយ៕
ប្រភពពី៖ CNC

Post a Comment

0 Comments