Anarchak សូមបន្តលើកយកនូវវិធីសាស្ដ្រដែលមានប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃរបស់ប្រិយមិត្ត។ ហើយថ្ងៃនេះយើងសូមនាំជូនវិធីយករួចជីវិតបើសិនអ្នកត្រូវជាប់ផុងក្នុងភក់ខ្សាច់ដោយចៃដន្យ។
ការជាប់ផុងនេះអាចមាននៅតាមទីដែលមានខ្សាច់ ដីឥដ្ឋនិងទឹកប្រៃដែលអាចបង្កើតជាល្បាយភក់ខ្សាច់ដូចជានៅតាមឆ្នេរសមុទ្រជាដើម ហើយបើសិនយើងមិនប្រយ័ត្នជាន់ចំទីនោះអាចនឹងផុងជាប់បង្កគ្រោះថ្នាក់បាន។
បើលោកអ្នកអាចចងចាំវិធីទាំងពីរខាងក្រោម នោះនឹងអាចសង្គ្រោះជីវិតខ្លួនឬអ្នកដទៃបាន៖
ទីមួយមិនត្រូវស្លន់ស្លោរដាច់ខាត!
ត្រូវទន្ទេញក្នុងចិត្តថាអ្នកមិនអាចលេចចូលទៅក្នុងភក់ខ្សាច់នោះងាយៗទេ ព្រោះជាទូទៅអ្នកនឹងអណ្ដែតមួយរយៈសិន។ ក៏ប៉ុន្តែបើអ្នកភ័យស្លន់ស្លោរហើយព្យាយាមរើបម្រាស់នោះអ្នកនឹងបង្កើតសម្ពាធលើវា ហើយនឹងត្រូវផុងចូលកាន់តែលឿន។
ជាទូទៅដោយសារភក់ខ្សាច់នោះមានកំហាប់ខ្លាំង ខ្លួនមនុស្សអាចលិចបានត្រឹមចង្កេះតែប៉ុណ្ណោះទៅក្នុងវា។ តែអ្វីដែលគ្រោះថ្នាក់គឺជាតិស្អិតអន្ធិលរបស់ភក់ខ្សាច់។ បើសិនអ្នកព្យាយាមរើបម្រាស់ប្រើដៃប្រើជើងនោះនឹងគ្មានលទ្ធផលអ្វីឡើយ ដោយអ្នកនឹងត្រូវជាប់នឹងជាតិស្អិតអន្ធិលនោះហើយនឹងឆាប់អស់កម្លាំងកំហែង។
ទីពីរគេចពីភក់ខ្សាច់ដោយវិធីត្រឹមត្រូវ!
បើអាចដោះស្បែកជើងចេញជាការប្រសើរដើម្បីសម្រាលខ្លួន។ ដើម្បីគេចពីភក់ខ្សាច់អ្នកមិនចាំបាច់ស្រែកហៅគេឯងឱ្យជួយ ទាញទេព្រោះវាក៏មិនអាចទៅរួចដែរសម្រាប់ការទាញចេញ។
តែអ្នកអាចព្យាយាមកាយជើងខ្វើកៗដើម្បីបើកប្រឡោះឱ្យទឹកហូរចុះទៅក្រោម ដើម្បីជួយលាងខ្សាច់ចេញពីជើងនៅខាងក្រោម។ បន្ទាប់មកផ្ងារខ្នងផ្ដេកលើភក់ខ្សាច់ព្រោះនៅពេលអ្នកផ្ដេកខ្លួនវានឹងពិបាកស្រូបអ្នកចុះជាងពេលអ្នកឈរ។
ក្រោយមកទៀតត្រូវប្រើដៃហែលចេញដោយផ្ងារខ្លួនដើម្បីជម្លៀសខ្លួនចេញពីខ្សាច់បន្តិចម្ដងៗ។ ពេលហែលដល់ផ្នែកខ្សាច់ដែលហាប់ខ្លាំងអ្នកអាចប្រើប្រាស់ជើងដើម្បីជាន់វាដើម្បីឡើងមកគោកវិញបាន។
បើសិនជាមានមិត្តភក្ដិ ឬអ្នកនៅក្បែរអាចឱ្យគេត្រៀមដំបងវែងទុកសង្គួរបោះឱ្យអ្នកកាន់បើសិនមានករណីចាំបាច់ណាមួយ៕
Article:http://anarchak.com
0 Comments