រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​ទាំង ៩ ដែល​ពិត​ជា​បាន​កើត​ឡើង​នៅ​លើ​លោក​យើង​នេះមែន


ក្នុងកឡុងពេលដែលអ្នកកំពុងតែយកដៃឆ្កឹះអាចច្រមុះរួចយកទៅកិតនឹងតុ រឿងរ៉ាវដ៏មិនគួរឲ្យជឿមួយ ឬ ច្រើនប្រហែលជាកំពុងតែកើតឡើងនៅកន្លែងណាមួយលើផែនដីយើងនេះ រឿងខ្លះអ្នកអាចនឹងដឹងនៅថ្ងៃបន្ទាប់ ដោយសារមានការចុះផ្សាយ ឯមួយចំនួនទៀតនៅតែជាអាថ៌កំបាំងគ្មានអ្នកដឹង សូម្បីតែខ្ញុំដែលជាអ្នកដែលកំពុងតែសរសេរនេះក៏មិនដឹងដែរ។
ជាក់ស្ដែងរឿងរ៉ាងដែលមិនគួរឲ្យជឿខាងក្រោមនេះប្រហែលជាអ្នកទើបតែនឹងដឹងនោះទេ ប៉ុន្តែវាបានកើតឡើងយូរយារណាស់មកហើយ ៖

1 តើនេះគឺជាការចាប់ជាតិឡើងវិញមែនទេ

កីឡាករបាល់ទាត់ជនជាតិអាល្លឺម៉ង Mesut Özil ត្រូវបានគេមើលឃើញថាមានមុខមាត់ដូចទៅនឹង លោក Enzo Ferrari ដែលជាស្ថាបនិកនៃក្រុមហ៊ុនផលិតរថយន្ត Ferrari និងបានលាចាកលោកតាំងពីឆ្នាំ 1988។ ពួកគាត់ទាំង ២ នាក់មានមុខមាត់ស្ទើរតែដូចគ្នាបេះបិត ដែលអាចនិយាយបានថា ដូចបងប្អូនភ្លោះអីញ្ចឹង ប៉ុន្តែជាក់ស្ដែងពួកគេមិនបានជាប់សាច់ឈាមអ្វីនឹងគ្នានោះទេ ហើយបើនិយាយពីសញ្ជាតិក៏ខុសគ្នាដែរ។ តើនេះគឺជាការចាប់ជាតិឡើងវិញមែនទេ ?

2 ការដឹងហេតុការណ៍មុនអំពីគ្រោះថ្នាក់នៃកប៉ាល Titanic

នៅក្នុងឆ្នាំ ១៨៩៨ គឺ ១៤ ឆ្នាំមុនពេលកប៉ាល Titanic បានលិច អ្នកនិពន្ធរឿងប្រលោមលោកម្នាក់ដែលមានឈ្មោះថា Morgan Robertson បាននិពន្ធរឿងមួយដែលមានចំណងជើងថា Futility ដែលនៅក្នុងនោះវានិយាយអំពីដំណើររឿងនៃកប៉ាលមួយដែលបានលិច ហើយកប៉ាលដែលគាត់ដាក់ឈ្មោះនៅក្នុងរឿងនោះក៏ឈ្មោះថា Titanic ផងដែរ។
អ្វីដែលគាប់ជួនបំផុតនោះគឺដំណើររឿងនៅក្នុងសៀវភៅគឺស្ទើរតែដូចនឹងដំណើររឿងដែល Titanic ដែលបានលិច ១៤ ឆ្នាំក្រោយការនិពន្ធអីញ្ចឹង។ ប៉ុន្តែមុនដំបូងគ្មានរណាចាប់អារម្មណ៍ជាមួយនឹងសៀវភៅនោះខ្លាំងណាស់ណានោះទេ ទើបតែក្រោយការលិចកប៉ាល Titanic សៀវភៅនេះបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ហើយក៏ត្រូវបានបោះពុម្ភផ្សាយឡើងវិញ ជាមួយនឹងចំណងជើងថា Futility ឬ The Sinking of the Titan ។

3 សោកនាដកម្មនៅលើទំនប់ Hoover Dam

មនុស្សដំបូងដែលបានស្លាប់នៅក្នុងដំណើរការសាងសង់ទំនប់ Hoover Dam គឺមានឈ្មោះថា George Tierney ដែលគាត់បានស្លាប់បាត់បង់ជីវិតនៅក្នុងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៩៩២ ។ ទម្រាំតែចប់ការសាងសងនោះ George មិនមែនជាមនុស្សតែម្នាក់ដែលបាត់បង់ជីវិតនោះទេ ប៉ុន្តែរឿងដ៏គួរឲ្យភ្ញាក់ផ្អើលនោះគឺ មនុស្សដែលស្លាប់ចុងក្រោយគេបង្អស់ គឺមុនពេលដែលទំនប់នោះត្រូវបានសាងសងរួច មានឈ្មោះថា Patrick Tierney គឺជាកូនប្រុសរបស់លោក George Tierney ដែលគាត់បានស្លាប់នៅក្នុងថ្ងៃទី ២០ ខែធ្នូ (មិនបានបញ្ជាក់ឆ្នាំ) ផងដែរ។

4 មួយរដ្ឋមានរថយន្តតែ ២ គ្រឿងប៉ុណ្ណោះ ប៉ុន្តែរថយន្តទាំង ២ នោះបែរជាបុកគ្នាទៅវិញ

នៅក្នុងឆ្នាំ 1895 នៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក រថយន្តពីរគ្រឿងបានបុកគ្នា ខណៈដែលនៅពេលនោះក្នុងរដ្ឋនេះមានរថយន្តចំនួនតែ ២ គ្រឿងហ្នឹងតែប៉ុណ្ណោះ ដែលវាជារថយន្តដែលទើបតែផលិតបាន។ ហើយវាគឺជាគ្រោះថ្នាក់ចរាចរណ៍ជាលើកដំបូងបំផុតនៅលើផែនដីផងដែរ។

5 ភាពចៃដន្យនៃជីវប្រវត្តិរបស់លោក Lincoln និង លោក Kennedy

មនុស្សយើងម្នាក់ៗ សុទ្ធតែមានខ្សែជីវិតរៀងៗខ្លួននឹងខុសៗពីគ្នា ប៉ុន្តែប្រធានាធិបតីចំនួនពីររូបរបស់សហរដ្ឋអាមេរិកគឺលោក Abraham Lincoln និង John Kennedy បែរជាមានខ្សែជីវិតប្រហាក់ប្រហែលគ្នាទៅវិញ និងចៃដន្យមួយចំនួន ។
  • ពួកគាត់សុទ្ធតែត្រូវគេលួចធ្វើឃាតបាញ់សម្លាប់ដោយគ្រាប់កាំភ្លើង ចំក្បាលពីក្រោយ (លោក Lincoln ត្រូវគេធ្វើឃាតមួយថ្ងៃមុនពិធីបុណ្យ Ester ចំណែកឯលោក Kennedy ត្រូវគេលួចធ្វើឃាតមួយថ្ងៃមុនពិធីបុណ្យ Thanksgiving)
  • ពួកគាត់ទាំងពីរមានកូន ៤ នាក់ដូចគ្នា
  • ពួកគាត់ទាំងពីរសុទ្ធតែមានមិត្តល្អម្នាក់ឈ្មោះថា Billy Graham ដូចគ្នា
  • រដ្ឋលេខាធិការរបស់លោក Kennedy ម្នាក់មានឈ្មោះថាលោកស្រី Lincoln ចំណែកឯរដ្ឋលេខាធិការរបស់លោក Lincoln មានឈ្មោះថា John

6 ផ្នូរទាហានដំបូង និងចុងក្រោយ

ផ្នូរនៃទាហានអង់គ្លេសដែលស្លាប់ដំបូងគេបង្អស់ និងស្លាប់ចុងក្រោយគេបង្អស់ក្នុងសង្គ្រាមលោកលើកទី ១ គឺមានចង្ងាយ ៦ ម៉ែត្រពីគ្នាតែប៉ុណ្ណោះ ហើយថ្មដាំនៅលើផ្នូរបស់ពួកគេទាំង ២ គឺបែរទៅរកគ្នា ដែលនេះវាមិនមែនជាការរៀបចំនោះទេ ប៉ុន្តែវាបានកើតឡើងចៃដន្យ ហើយត្រូវបានរកឃើញនៅពេលក្រោយការបញ្ចុះសពរបស់ពួកគេតែប៉ុណ្ណោះ។


7 ពាក្យចចាមអារាមនៃម៉ាស៊ីនពេលាវេលារបស់លោក Edgar Allan Poe

នៅក្នុងសៀវភៅរឿង The Narrative of Arthur Gordon Pym of Nantucket ដែលនិពន្ធដោយលោក Edgar Allan Poe បានរៀបរាប់អំពីអ្នកសំពៅបួននាក់ដែលបានជួបគ្រោះថ្នាក់លិចសំពៅហើយបានរស់រានមានជីវិត ហើយបរិភោគសាច់អ្នកធ្វើការនៅលើសំពៅម្នាក់ដែលមានឈ្មោះថា Richard Parker ។
ជាមួយគ្នានេះដែរលោក Poe ដែលជាអ្នកនិពន្ធបានអះអាងថា រឿងរ៉ាងនៅក្នុងសៀវភៅដែលគាត់បានសរសេរនេះគឺផ្អែកលើរឿងពិត ប៉ុន្តែគ្មាននរណាជឿគាត់នោះទេ។
៤៦ ឆ្នាំក្រោយមកសំពៅមួយក៏បានលិច ដែលនៅក្នុងនោះមានអ្នកសំពៅតែ ៤ នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត នៅពេលជួយសង្គ្រោះ ពួកគេត្រូវបានគេសួរថាអាចទ្រាំរស់នៅដោយអត់អាហារមកដល់ថ្ងៃនេះបានដោយរបៀបណា ពួកគេក៏បានឆ្លើយថា ពួកគេបានបរិភោគសាច់របស់អ្នកធ្វើការលើសំពៅម្នាក់ដែលមានឈ្មោះថា Richard Parker។
ហេតុដូចនេះហើយទើបមានពាក្យចរចាមអារ៉ាមល្បីពេញសហរដ្ឋអាមេរិកថា លោក Edgar Allan Poe មានម៉ាស៊ីនឆ្លងកាត់ពេលវេលា។

8 បងប្អូនប្រុសដែលមានសំណាងអាក្រក់

កាលពីខែកក្កដា ឆ្នាំ 1975 លោក Erskine Lawrence Ebbin អាយុ 17 ឆ្នាំ បានគេជិះម៉ូតូតូច (Moped) នៅតាមផ្លូវ ប៉ុន្តែគាត់ក៏ត្រូវបានតាក់ស៊ីមួយគ្រឿងបុករហូតដល់ស្លាប់។ មួយឆ្នាំក្រោយមកនៅក្នុងខែកក្កដា ប្អូនប្រុសរបស់លោក Erskine ដែលទើបតែមានអាយុ 17 ឆ្នាំដែរនោះ – ក៏ត្រូវបានស្លាប់ដោយសាររថយន្តតាក់ស៊ីបុកពេលកំពុងជិះ Moped ដដែលនោះផងដែរ។ អ្វីដែលចៃដន្យបំផុតនោះគឺ អ្នកដែលបើកតាក់ស៊ី នឹងអ្នកដំណើរនៅក្នុងរថយន្តនោះគឺដូចគ្នាទៅនឹងពេលដែលលោក Erskine ត្រូវតាក់ស៊ីបុកដែរ។

9 ទស្សន៍ទាយពីការឈ្នះឆ្នោតរបស់លោក Donald Trump ក្នុងរឿង Simpsons

អ្នកបង្កើតខ្សែភាពយន្តគំនូរជីវចល Simpsons បានបង្កើតនូវវគ្គមួយដែលនៅក្នុងវគ្គនោះបានបង្ហាញថាលោក Trump បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតី ដែលវគ្គនោះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០០ មកម្ល៉េះ ប៉ុន្តែ ១៦ ឆ្នាំក្រោយមកឈុតនោះក៏បានក្លាយជាការពិត សូម្បីតែសកម្មភាពចុះជណ្ដើរយន្ត និង ឡើងថ្លែសុទ្ទរកថា ក៏ស្ទើរតែដូចគ្នដែរ។
ប្រភព ៖ http://www.jongdeng.net

Post a Comment

0 Comments