ក្រុមអ្នកឃ្លាំមើលនិយាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងជ្រៀតជ្រែកកិច្ចការរបស់តុលាការកំពូលករណីរំលាយគណបក្សសង្គ្រោះជាតិ តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ក្រោយពីលោកនាយករដ្ឋមន្ត្រីបង្ហាញជំនឿយ៉ាងមុតមាំថា គណបក្សប្រឆាំងមួយនេះនឹងត្រូវរំលាយ ១០០%។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុង ហៃ បានជំរុញអោយលោក ហ៊ុន សែន នៅរក្សាភាពស្ងៀមស្ងាត់អំពីការរំលាយគណបក្សសង្គ្រោះជាតិ ខណៈបណ្ដឹងសុំរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះកំពុងស្ថិតក្នុងដៃតុលាការកំពូលនៅឡើយ។
បណ្ឌិត ឡៅ ម៉ុងហៃ៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនគួរធ្វើអត្ថាធិប្បាយ ឬមានប្រសាសន៍ប៉ះពាល់ដល់ករណីដែលតុលាការកំពុងតែពិនិត្យ គឺរឿងរំលាយនេះឯង។ ពីព្រោះក្រសួងមហាផ្ទៃ បានប្ដឹងទៅតុលាការកំពូលដើម្បីសុំរំលាយ។ ដូច្នេះដើម្បីជៀសវៀងការចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រីប្រើប្រាស់ឥទ្ធិពលរបស់លោកទៅលើតុលាការដូច្នេះ គួរកុំធ្វើអត្ថាធិប្បាយដែលវាអាចប៉ះពាល់ដល់ករណីដែលតុលាការកំពុងពិនិត្យ»។
ការរិះគន់របស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយកម្មករ កម្មការិនីសរុបប្រមាណជាង ១ម៉ឺននាក់ មកពីរោងចក្រចំនួន២០ នៅតំបន់ចំការដូង ក្នុងខណ្ឌដង្កោ ហើយលោកបានបបួលពួកគេ ក៏ដូចជាមហាជនទូទៅ ភ្នាល់គ្នាថា ១០០ ស៊ីតែមួយប៉ុណ្ណោះ បើគណបក្សសង្គ្រោះជាតិ មិនរលាយទេនោះ។ ជាងនេះទៅទៀត លោកជំរុញឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា កុំមានភាពស្ទាក់ស្ទើរអ្វីឡើយ។
លោក ហ៊ុន សែន៖ «ហើយចាំភ្នាល់មើលអ្នកដែលគេភ្នាល់ចង់ភ្នាល់ទៅ មួយចាក់ ១០០ ទៅល្អ តាមហាងគុយទាវចាក់ទៅ ទៅបើកម៉ាសេរីអោយចាក់ ហើយបើឈ្នះមកទាលុយពីខ្ញុំ។ ខ្ញុំបានអំពាវនាវឲ្យអ្នកទាំងឡាយ ខ្ញុំចង់ផ្ដល់ឱកាសអោយបន្តធ្វើជាមេឃុំ ចៅសង្កាត់ ឬក៏ជំទប់ ឬក្រុមប្រឹក្សាតទៅទៀត។ គេថាអត់ទេ! អត់មានរំលាយទេ។ ឥឡូវចាក់ភ្នាល់ទៅ បើរំលាយស៊ីតែមួយទេ បើអត់រំលាយសង ១០០។ អ្នកណាឈ្នះមកទារពីខ្ញុំ»។
អតីតកម្មាភិបាលខ្មែរក្រហម ហើយដែលឡើងកាន់អំណាចមកទល់បច្ចុប្បន្ននេះ តាមការលើកបន្តុបដោយរដ្ឋាភិបាលក្រុងហាណូយ រូបនេះគំរាមថា វិធានការចុងក្រោយរបស់រដ្ឋាភិបាលមកលើគណបក្សសង្គ្រោះជាតិ គ្រាន់តែជាការអនុវត្តច្បាប់នៃរបបរបស់លោកប៉ុណ្ណោះ មិនថាអ្នកនោះនៅក្នុងបក្សកាន់អំណាច មន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធនោះទេ ឲ្យតែជននោះធ្វើខុសគឺត្រូវទទួលទោស។
ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិតែងវាយតម្លៃថា ច្បាប់ដែលស្ថិតក្នុងកណ្ដាប់ដៃរបស់លោក ហ៊ុន សែន បច្ចុប្បន្នគ្រាន់តែច្បាប់មួយដើម្បីទុកចាត់ការទៅលើអ្នករិះគន់មន្ត្រីបក្សប្រឆាំង និងដើម្បីទុករំលាយគណបក្សនយោបាយទាំងឡាយដែលមិនចំណុះនឹងគណបក្សប្រជាជនកម្ពុជាទាំងនោះ។
ក្រុមអ្នកឃ្លាំមើលទាំងនោះបារម្ភថា កម្ពុជាកំពុងបោះជំហានទៅរកការដឹកនាំបែបគណបក្សតែមួយ ប្រសិនបើគណបក្សប្រជាជនកម្ពុជា រំលាយគណបក្សសង្គ្រោះជាតិ ហើយបន្តឃុំឃាំងមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា មិនអោយចូលរួមការបោះឆ្នោតជាតិនៅពេលខាងមុខនេះ។
ក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានព្រមានរួចជាស្រេចហើយថា ពួកគេនឹងមិនទទួលស្គាល់លទ្ធផលពីការបោះឆ្នោតទាំងឡាយណាដែលធ្វើឡើងដោយគ្មានសេរី ត្រឹមត្រូវ និងយុត្តធម៌ ហើយនិងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ជាងនេះទៅទៀត ពួកគេព្រមានថា ប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ជាបន្ទាន់ទេ នោះពួកគេនឹងស្វែងរកការដាក់ទណ្ឌកម្មសមស្របមកលើរដ្ឋាភិបាលកម្ពុជា ដូចជាការបិទទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់ ការបង្កក់ប្រាក់របស់មន្ត្រីពុករលួយនៃរដ្ឋាភិបាលកម្ពុជា ដែលកំពុងតម្កល់នៅក្រៅប្រទេស និងការបិទពន្ធនាំចូលសំលៀកបំពាក់មកលក់នៅទីផ្សាសហរដ្ឋអាមេរិក ជាដើម៕
Source:http://nyobeaykhmer.dailythainews24h.com
0 Comments