ក្មេង​សុំទាន​នេះ​រត់​មកសុំ​លុយ​អ្នក​ជិះឡាន ពេល​មើលទៅ​ក្នុង​ឡាន រូបគេ​ក៏​ស្រក់​ទឹកភ្នែក​ដូច​ភ្លៀង​បាក់​មេឃ​


 ​កុមារា John Thuo គឺជា​ក្មេង​ម្នាក់​ក្នុងចំណោម​មនុស្ស​ជាច្រើន​ទៀត​ដែល​រស់​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង Nairobi ប្រទេស​កេ​ន​យ៉ា​។ ក្មេងៗ​នៅតាម​ដងផ្លូវ​ក្នុង​រដ្ឋធានី​នេះ​តែង​ត្រូវបាន​មាក់ងាយ ដោយ​ខ្លះ​មើលឃើញ​ពួកគេ​ជា​អ្នក​រើស​អេតចាយ អ្នកសុំទាន​ដ៏​ថោកទាប និង​ជា​ចោរ​លូក​ហោប៉ៅ ប៉ុន្តែ​ចំពោះ John វិញ រូបគេ​បាន​បង្ហាញថា អ្នកសុំទាន​ដែល​គេ​ឱ្យ​តម្លៃ​ទាប​នៅក្នុង​សង្គម ក៏មាន​បេះដូង​មនុស្សធម៌​ដែរ​។​
​    ​នៅ​ថ្ងៃមួយ​ខណៈ John បាន​ដើរ​សុំ​លុយ​ពី​អ្នកបើកបរ​តាម​ដងផ្លូវ​នៅពេល​ភ្លើងស្តុប​លោត​ពណ៌​ក្រហម គាត់​បាន​ជួប​ស្ត្រី​ម្នាក់​ឈ្មោះ Gladys Kamande​។ អ្នកស្រី Gladys បាន​ជួប​អា​ការៈធ្លាក់​សួត​ដែល​នេះ​បង្ក​ឱ្យ​គាត់​ពិបាក​ដកដង្ហើម​។ គាត់​ពឹង​ផ្អែកលើ​ប្រដាប់​ស្រូប​អុកស៊ីសែន​គ្រប់​វិនាទី ហើយ​ត្រូវ​កាន់​វា​ទៅគ្រប់​ទីកន្លែង​។​
​    ​លើសពីនេះ ស្ត្រី​វ័យ ៣២ ឆ្នាំ​រូបនេះ​បាន​ឆ្លងកាត់​ការវះកាត់​ចំនួន ១២ លើក ហើយ​វា​បាន​បង្ក​ឱ្យ​ផ្ទុះ​ខូច​សរសៃប្រសាទ​មួយ បណ្តាលឱ្យ​គាត់​ពិការភ្នែក​ម្ខាង​។​
​    ​ដោយ​ខ្លួន​ជា​ក្មេង​ចង់ដឹង​ចង់​ឮ John ក៏បាន​សួរថា​តើ​ឧបករណ៍​ជាប់​ខ្លួន​អ្នកស្រី​ទាំងអស់នេះ​ដាក់​ដើម្បី​អ្វី​។ ខណៈ​អ្នកស្រី​បាន​ពន្យល់​ស្ថានភាព​របស់គាត់​ទៅកាន់​ក្មេងប្រុស ទឹកភ្នែក​របស់គេ​ក៏​ចាប់ផ្តើម​ស្រក់​ទប់​មិន​ឈ្នះ​។ John ចាប់ផ្តើម​យំ​បន្ទាប់ពី​ដឹងថា ខណៈ​ជីវិត​របស់គាត់​ពិបាក​នៅតាម​ដងផ្លូវ ជីវិត​របស់​អ្នកស្រី Gladys កាន់តែ​ពិបាក​ជាង​ខ្លួន​ទៅទៀត​។ John បាន​យំ​កាន់តែខ្លាំង​ស្របពេល​គាត់​ដឹងថា មិនអាច​ធ្វើ​អ្វី​បាន​ដើម្បី​ជួយ​អ្នកស្រី​។​
John បាន​កាន់​ដៃ​របស់​អ្នកស្រី Gladys ហើយ​បន់ស្រន់​ព្រះ​ឱ្យ​ផ្តល់នូវ​អ្វីៗ​ទាំងអស់​ដែល​គាត់​ត្រូវការ​សម្រាប់​ការព្យាបាល​។ បន្ទាប់ពី​នោះមក John ក៏បាន​លូក​ហៅ​ប៉ៅ​របស់ខ្លួន​និង​ឱ្យ​អ្នកស្រី​នូវ​លុយ​បន្តិចបន្តួច​ដែល​ខ្លួន​មាន​។​
​    ​អ្នកដំណើរ​នៅក្បែរនោះ ដែល​ភ្ញាក់ផ្អើល​ចំពោះ​ទង្វើ​របស់​ក្មេងប្រុស ក៏បាន​ថតរូប​នេះ​ភាព​នេះហើយ​ចែករំលែក​រឿងរ៉ាវ​ពាសពេញ​បណ្តាញ​សង្គម​។ ឥឡូវនេះ រូបភាព​នេះ​កំពុង​ល្បីរ​ន្ធឺ​ពេញ​ប្រទេស​កេ​ន​យ៉ា​។​

ចាប់តាំងពី​រឿងរ៉ាវ​នេះ​ត្រូវបាន​ចែកចាយ សប្បុរសជន​បាន​រៃអង្គាសប្រាក់​បាន​ចំនួន ២៩.៣៤០ ដុល្លារ​សម្រាប់​អ្នកស្រី Gladys ត្រឹមតែ​រយៈពេល​បួន​ថ្ងៃ​នៅលើ​វេ​ប​សាយ​រៃ​អង្គារ​ប្រាក់​របស់​កេ​ន​យ៉ា​។ លុយ​រៃអង្គាស​បាន​ចំនួន ៦៨.៤៦០ ដុល្លារ គឺ​គ្រប់គ្រាន់​ល្មម​ឱ្យ​អ្នកស្រី​ទទួល​ការព្យាបាល​នៅ​ប្រទេស​ឥណ្ឌា​។​
​    ​ប៉ុន្តែ​នេះ​មិនមែនជា​ដំណឹង​ល្អ​តែមួយគត់​នោះទេ​។​
​    ​Gladys បាន​ជួយ John ឱ្យ​ចាក​ផុតពី​ក្មេង​សុំទាន ហើយ​អ្នក​ទាំង​ពីរបាន​និយាយ​អំពី​ការនាំ John ត្រឡប់​ទៅ​សាលា​វិញ​។ John បាន​និយាយថា គាត់​ពិតជា​រីករាយ​ដែល​បាន​ទៅ​រៀន ហើយ​នាពេលនេះ​រូបគេ​ក៏បាន​ចាត់ទុក​អ្នកស្រី​ជា​ម្តាយ​ថ្មី​របស់គេ​ទៀតផង​៕
Article:news.khmeread

Post a Comment

0 Comments