ម្ដាយចិត្តខ្មៅ គ្រវែងកូនទើបកើត​ពីអគារជាន់​ទី១៧ ក្រោយសង្សារសុំ​ចែកផ្លូវ

ស្ត្រី​ជនជាតិ​ថៃ​វ័យ​ក្មេង​ម្នាក់​​បាន​សារភាព​ថា ខ្លួន​​បាន​គ្រវែង​កូន​ប្រុស​ទើប​កើត​ពី​​បង្អួច​​អគារ​ជាន់​​ទី ១៧ ​បន្ទាប់​ពី​​មិត្ត​ប្រុស​​ចុះ​ចោល​ ទៅ​រក​ប្រពន្ធ​ដើម​របស់​គាត់​វិញ។

នាង Netchanok Nokyungtong អាយុ ២០​ឆ្នាំ ​បាន​ប្រាប់​ប៉ូលិស​ថា ​នាង​មាន​អារម្មណ៍​ក្ដៅ​ក្រហាយ​ពេល​មិត្ត​ប្រុស​អាយុ ៤០​ឆ្នាំ បាន​បោះ​បង់​រូប​នាង រួច​ត្រឡប់​ទៅ​រក​គ្រួសារ​របស់​គាត់​វិញ​​នៅ​ប្រទេស​កូរ៉េខាងត្បូង ​បន្ទាប់​ពី​នាង​ប្រាប់​ថា ខ្លួន​មាន​ផ្ទៃ​ពោះ។
នាង Nokyungtong ​​ត្រូវ​គេ​ដឹង​ថា​ បាន​ឈឺ​ពោះ​សម្រាល​កូន​​នៅ​ក្នុង​ផ្ទះ​ល្វែង​របស់​នាង​ក្នុង​អគារ​ខ្ពស់​នៅ​ទីក្រុង​ផាត់តាយ៉ា ​ប្រទេស​ថៃ និង​សម្រាល​កូន​នៅ​រសៀល​ថ្ងៃ​អង្គារ​ទី ៧ វិច្ឆិកា ម្សិលមិញ។
ភ្លាម​ៗ​បន្ទាប់​ពី​កើត នាង​បាន​រុំ​កូន​ង៉ែត​ក្នុង​ថង់​ប្លាស្ទិក រួច​គ្រវែង​តាម​បង្អួច​ចុះ​ទៅ​ក្រោម​ទាំង​គ្មាន​ចិត្ត​អាណិត​ស្រណោះ​​បន្តិច​ឡើយ។ តាម​ការ​រៀប​រាប់​របស់​សាក្សី​​ម្នាក់​ប្រាប់​ប៉ូលិស​ថា គាត់​បាន​ឃើញ​របស់​ធំ​មួយ​​​ធ្លាក់​​កាត់​តាម​បង្អួច​​របស់​គាត់​នៅ​ជាន់​ទី ៤ រួច​ធ្លាក់​ដល់​ដី​កាល​ម៉ោង ៥ល្ងាច។ ពេល​គាត់​រត់​ចុះ​ក្រោម​ទៅ​មើល ស្រាប់​តែ​ឃើញ​កូន​ង៉ែត​ក្រហមងាំង​ស្លាប់​យ៉ាង​អាណោចអាធ័ម។
បន្ទាប់​ពី​ឃើញ​ដូចនេះ គាត់​បាន​ទូរសព្ទ​ហៅ​ប៉ូលិស​មក​ ក៏​ឃើញ​កូន​ង៉ែត​រុំ​ក្នុង​ថង់​ពណ៌​បៃតង​ទាំង​នៅ​​ជាប់​ទងផ្ចិត។ ​បេះ​ដូង​របស់​ក្មេង​ឈប់​លោត​បាត់​ហើយ។ ​ប៉ូលិស​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព និង​ឈាន​ទៅ​ដល់​​ការ​ចាប់​ខ្លួន​នាង Nokyungtong តែ​ម្ដង។
នាង​ប្រាប់​ប៉ូលិស​ថា នាង​ធ្វើ​ដូច្នេះ​ព្រោះ​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ​ គីម ជនជាតិ​កូរ៉េខាងត្បូង ​មាន​គ្រួសារ​ហើយ ​ហើយ​ក៏​ត្រលប់​ទៅ​រក​ពួក​គេ​វិញ ​ពេល​បុរស​នោះ​ដឹង​ថា ខ្លួន​មាន​ផ្ទៃពោះ។ នាង​បន្ត​ថា ​ខ្លួន​សម្រាល​កូន​ក្នុង​បន្ទប់​ទឹក​ទាំង​​ឥត​បាន​ព្រាងទុក បន្ទាប់​មក​នាង​​បាន​បើក​បង្អួច​គ្រវែង​ចោល​​ទៅ​ក្រោម​តែម្ដង។
ពេល​នេះ​ប៉ូលិស​បាន​បញ្ជូន​នាង​ទៅ​​ពិនិត្យ​​មើល​សុខភាព ​ប៉ុន្តែ​នាង​​នឹង​ជាប់​ពន្ធនាគារ ប្រសិន​បើ​គេ​ប្រមូល​ភស្តុតាង​បាន​សព្វ​គ្រប់៕
Source:http://news.sabay.com.kh

Post a Comment

0 Comments