ចិន៖ រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយ បាននិងកំពុងអង្រួនពិភពអ្នកនិយមលេងបណ្តាញអុីនធឺណេត ដែលមហាសេដ្ឋីជនជាតិចិន លោកJack Ma ស្រាប់តែចាប់ដៃគូសម្តែង ជាមួយនឹងកំពូលតារាភាពយន្តល្បីៗ ដូចជា Jet Li, Sammo Hung, Donnie Yen និង Yuen Woo Ping ជាដើម។
គួរឲ្យដឹងថាលោក Jack Ma គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba ដ៏ធំមួយនៅក្នុងប្រទេសចិន ហើយលោកក៏ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះផងដែរ។
ខ្សែភាពយន្តដែលលោកត្រូវសម្តែង មានចំណងជើងថា “Gong Shou Dao” ឬ “The Art of Attack and Defense” ត្រូវបានដឹកនាំផលិតពីសំណាក់កំពូលតារាភាពយន្តដ៏ល្បីមួយរូប គឺលោក Jet Li ដែលត្រូវបានគេស្គាល់ច្បាស់ថា លីលានជា នោះ។
រឿង Gong Shou Da ត្រូវបានផលិតឡើងក្នុងគោលបំណងដើម្បីលើកកំពស់សិល្បៈក្បាច់គុណចិនបុរាណ ក៏ដូចជារំលឹកគុណដល់បុគ្គលទាំងឡាយ ដែលបានចំណាយញើសឈាម ថែរក្សា និងលើកតម្កើងកំពូលក្បាច់គុណ ថៃជី និងកុងហ្វូរបស់ចិន។
សូមបញ្ជាក់ផងដែរថា សេដ្ឋី Jack Ma គឺជាអ្នកស្រឡាញ់គាំទ្រមួយរូប នៃក្បាច់គុណថៃជី។ ដោយហេតុនេះ លោកតែងតែធ្វើការរំលឹកនូវគោលការណ៍ថៃជីដល់សហគ្រិនដទៃទៀត ហើយមិនតែបុណ្ណោះ លោកព្រមទាំងបានបង្កើតសាលាបង្រៀនក្បាច់មួយកន្លែង ស្ថិតនាទីក្រុងហុងចូវ ប្រទេសចិន។
ភាពយន្តរឿង Gong Shou Da នឹងត្រូវចាក់បញ្ចាំងដំបូងនាថ្ងៃទី ១១ ខែវិច្ខិកា ខាងមុខនេះ៕
Text Article: https://www.khmerload.com
Text Article: https://www.khmerload.com
0 Comments