ប្រវត្តុិបុណ្យ Halloween អានហើយព្រឺសម្បុរខ្ញាក.............

ថ្ងៃ​ទី ៣១ ​តុលា ជា​ថ្ងៃ​ដែល​ជន​ជាតិ​ ខេល​ ​(Celt) ជឿ​ថា ពិភព​របស់​​​មនុស្ស​ស្លាប់​​ និង​​​​មនុស្ស​រស់​​ត​ភ្ជាប់​គ្នា​ ហើយ​វិញ្ញាណ​របស់​អ្នក​ដែល​ស្លាប់​​​ក្នុង​ឆ្នាំ​កន្លង​មក​ នឹង​ដើរ​រក​​​រាង​កាយ​របស់​មនុស្ស​រស់​​​ដើម្បីចូល​សណ្ឋិត​។ ​នេះ​ជា​ជំនឿ​មួយ​​ដែល​នាំ​ឲ្យ​កើត​ ​ពិធី​បុណ្យ​ ហាឡូវីន​។ ដូច្នេះ​ដើម្បី​ដឹង​ថា ថ្ងៃ​ហាឡូវីន​ មាន​ន័យ​ដូច​ម្តេច​ និងប្រវត្តិ​យ៉ាង​ណា​នោះ​ សូម​អញ្ជើញ​តាម​ដាន​ទាំងអស់​គ្នា។
មនុស្ស​ភាគ​ច្រើន​​ចូលចិត្ត​ហៅ​ ថ្ងៃ​ហាឡូវីន ​ជាប់ៗ​​មាត់​ថា​ ថ្ងៃ​ដោះ​លែង​ខ្មោច​។ ក្នុង​ថ្ងៃ​​​ដែល​ពោល​​មក​នេះ ​​​តែង​មាន​ការ​តុប​តែង​ផ្ទះ​សម្បែង​ ហាង​ទំនិញ ​​ដោយ​ដាក់​ផ្លែ​ល្ពៅ​​​ឆ្លាក់​​ជា​រូប​ខ្មោច​ ឬ​ប្រើ​វត្ថុ​​​ផ្សេង​ៗ​​ច្នៃ​ជា​រូប​ខ្មោច​ ឬ​គូរ​មុខ​​ខ្លួន​​ឯង​ឲ្យ​មានរូប​រាងដូច​ខ្មោច​ ដើម្បី​បង្ក​បរិយាកាស​រីក​រាយ​នៅ​ក្នុង​​ពិធី​បុណ្យ​កម្សាន្ត​។ ថ្ងៃ​ ហាឡូវីន​ មាន​ប្រវត្តិ​ដូច​ម្តេច​? ហើយ​ហេតុ​អ្វី​បាន​ជាហៅ​ដូច្នេះ​? រឿង​នេះ​គណៈ​កម្មការ​រៀប​ចំ​វចនានុក្រម​សាសនា​សាកល​​ បាន​​រៀប​រាប់​ពី​ប្រវត្តិ​របស់​ហាឡូវីន ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច​ត​ទៅ​នេះ​៖
នៅ​ក្នុង​សាសនា​​គ្រិស្ត​​និកាយ​កាតូលិក ពាក្យ​ថា Halloween ជា​ភាសា​​អង់​គ្លេស ​ក្លាយ​មក​ពី​ពាក្យ​​ All Hallows Evs ដែល​មាន​ន័យ​ថា មុន​ថ្ងៃ​ឆ្លង​​អ្នក​​មាន​បុណ្យ​ទាំង​ឡាយ​។ ពាក្យ​នេះ​​ត្រូវ​កាត់​ឲ្យ​នៅ​សល់​ខ្លី​​ដោយ​ប្រើ​វិធី​ Hallow + Eve = Halloween​ ។ ពាក្យ​ថា Hallow ជា​ពាក្យរបស់​ជនជាតិ​ដើម​អង់​គ្លេស​​(Ango-Saxon) មាន​ន័យ​ថាធ្វើ​ឲ្យ​ស័ក្តិ​សិទ្ធិ​​ ត្រូវ​នឹង​ភាសា​អាឡឺ​ម៉ង់​ថា heiligen តែ​បច្ចុប្បន្ន​គេ​និយម​​ប្រើ​​ពាក្យ​ដែល​ខ្ចី​​មក​ពី​ភាសាឡាតាំង​ថា sanctify។ ពាក្យ​ Hallow នៅ​មាន​ប្រើ​នៅ​ក្នុង​អត្ថបទ​អធិដ្ឋាន​ចាស់​ៗ​ ដូច​ជា​ Hallowed be thy Name (សូម​ព្រះ​នាម​ក្លាយ​ជា​ទី​សក្ការៈ)។
happy family mother father and children in costumes and makeup on a celebration of Halloween

ពាក្យ​ Hallow អាច​ប្រែ​ន័យ​ផ្សេង​ៗ​បាន​ទៀត​ដូចជា​ វត្ថុ​ស័ក្តិ​សិទ្ធិ មនុស្ស​ស័ក្តិ​សិទ្ធិ​ ​ឬ​ អ្នក​មាន​បុណ្យ​។ ដូច្នេះ​ទើប​ពាក្យ​ All Hallowmas ប្រែ​ថា ថ្ងៃ​បុណ្យ​ឆ្លង​​អ្នក​មាន​បុណ្យទាំង​ឡាយ​។ ក្នុង​បច្ចុប្បន្ន​គេ​ប្រើ​ពាក្យ​ All Saints Day គូ​ជាមួយ​ពាក្យ​ Christmas ថ្ងៃ​បុណ្យ​ព្រះ​​គ្រិស្ត​ ​ឬ​ថ្ងៃ​​គ្រិស្ត​ម៉ាស​ នោះ​ឯង​។​ មុន​ថ្ងៃ​​គ្រិស្តម៉ាស​​ មាន​ Chrismas Eve ដែល​និយម​នាំ​គ្នា​ហៅ​ថា រាត្រី​មុន​ថ្ងៃ​​គ្រិស្ត​ម៉ាស​។ មុន​ថ្ងៃ​ឆ្លង​អ្នក​មាន​បុណ្យ​ទាំង​ឡាយ​ ក៏​មាន​ All Hallowmas Eve​ ដែល​ក្រោយ​មក​កាត់​នៅ​សល់​ត្រឹម​ Halloween​ ដោយ​មាន​​ពិធី​បុណ្យ​កម្សាន្ត​រីក​រាយ​ និង​កម្មវិធី​បែប​សាសនា​​ ដូច​រាត្រី​ថ្ងៃ​គ្រីស្ត​ម៉ាស​ដែរ​​។ ជន​កាតូលិក​ទាំង​ឡាយ​បាន​​នាំ​គ្នា​លើក​កម្មវិធី​សាសនា ​​ទៅ​ប្រារព្ធ​ធ្វើ​នៅ​ក្រោយ​ ថ្ងៃ​ឆ្លង​​អ្នក​មាន​បុណ្យ​ទាំង​ឡាយ​ ហើយ​ហៅ​ថា​ ថ្ងៃ​វិញ្ញាណ​ក្នុង​ដែន​ស្ងប់​ (All Souls Day) ដើម្បី​ជា​​គូ​នឹង​ថ្ងៃ​ឆ្លង​​អ្នក​មាន​បុណ្យ​ទាំង​ឡាយ​ (All Saints Day)។

ថ្ងៃ​​ឆ្លង​​អ្នក​មាន​បុណ្យ​​​ទាំង​ឡាយ​ បាន​​ផ្តើម​ប្រារព្ធ​ធ្វើ​ដំបូងដោយ ​​សន្តតិ​វង្ស​​ប៉ាប៉ា​ បូនីហ្វេស​​ទី៤ (Boniface IV គ.ស​ ៦០៨-​៦១៥) ដោយ​កំណត់​យក​ថ្ងៃទី​១៣​ឧសភា​​ រៀង​រាល់​ឆ្នាំ​ ចាប់​តាំង​ពី​គ.ស​ ៦១៣​មក​។ ដោយ​ហេតុ​ផល​ថា ថ្ងៃ​នោះ​ប៉ះ​លើ​ថ្ងៃ​បើក​ព្រះវិហារ​​ ភែន​ធីអាន់ (Pantheon) ដែល​ជា​ព្រះ​វិហារ​ថ្នាក់​ខ្ពស់​របស់ជនជាតិ​រ៉ូម៉ាំង​ ​ ហើយ​ចក្រពត្តិ​ ហ្វូកាស (Phocas) ប្រគល់​​​ទៅ​ឲ្យ​សាសនា​គ្រិស្ត ទើប​​ត​មក ​​សន្តតិវង្ស​​ប៉ាប៉ា គ្រីហ្គូរី​ ទី​៤ (Gregory IV​ ​គ.ស​ ៨២៧-៨៤៤)​ បាន​ប្តូរ​ទៅ​ថ្ងៃ​ទី​ ០១​ វិច្ឆិកា​ វិញ​ដោយ​ផ្តើម​ពី ​​​គ.ស​ ​៨៣៥ រៀង​​មក​។
ជន​កាតូលិក​ក្នុង​សម័យ​នោះ ​បាន​ចាត់​ទុក​ថ្ងៃ​ ហាឡូវីន​ ជាថ្ងៃ​សំខាន់​គូ​នឹង​ ថ្ងៃគ្រិស្ត​ម៉ាស​ និង ​ថ្ងៃ​​អ៊ីស្ទ័រ(Easter) ទើប​ពិធី​​ត្រូវ​ចាប់​ផ្តើម​​​មុន​​​។ ខណៈ​នោះ​កោះ​អង់​គ្លេស​ នៅ​ទទួល​អំណាច​ពី​​សន្តតិវង្ស​ប៉ាប៉ា​ ​នៅ​ឡើយ ទើប​ជនជាតិ​អង់គ្លេស​​ទទួល​យក​នយោបាយ​របស់​ សន្តតិវង្ស​ប៉ាប៉ា ​ទៅ​ប្រតិបត្តិ​តាម​

#ប្រវត្តិ​ថ្ងៃ​ហាឡូវីន Halloween

ថ្ងៃ​ទី​៣១ តុលា ជា​ថ្ងៃ​ដែល​ជន​ជាតិ​ ខេល (Celt) ដែល​​ជា​ជន​ជាតិ​ភាគ​តិច​មួយ​នៅ​កោះ​ Ireland ចាត់​ទុក​ថា ជា​ថ្ងៃ​ចុង​បញ្ចប់​នៃរដូវ​ក្តៅ​ ហើយ​ថ្ងៃបន្ទាប់​មកគឺ​ជាថ្ងៃ​ទី ០១​ វិច្ឆិកា​​ ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ ដោយ​នៅ​ថ្ងៃ​ទី​ ៣១​ តុលា​ នេះ​ឯង​ ដែល​ជនជាតិ​ ខេល​ ជឿ​ថា ​​ជាថ្ងៃ​ដែល​ពិភព​របស់​មនុស្ស​ស្លាប់​ និង​មនុស្ស​រស់​ត​ភ្ជាប់​គ្នា​ ហើយ​វិញ្ញាណ​របស់​អ្នកដែល​​​បាត់​បង់​ជីវិត​ក្នុងឆ្នាំ​កន្លង​មក ​នឹង​ដើរ​រក​រាង​កាយ​របស់​មនុស្ស​រស់​ដើម្បី​ចូល​សណ្ឋិត​​ ក្នុង​គោល​បំណង​មានជីវិត​រស់​​ម្តងទៀត​​។ ​ការ​នាំ​ភាព​ក្តៅ​ក្រហាយ​ដល់​មនុស្ស​រស់​ ធ្វើ​ឲ្យ​ពួក​គេ​ព្យាយាម​​រិះរក​គ្រប់​មធ្យោបាយ​ ដើម្បី​កុំ​ឲ្យ​ខ្មោច​ចូល​មក​សណ្ឋិត​នៅ​ក្នុង​ខ្លួន​​។ ដូច្នេះ​ជន​ជាតិ​ ខេល​ ក៏​នាំ​គ្នា​បិទ​ភ្លើង​គ្រប់​ប្រភេទ​នៅ​ក្នុង​ផ្ទះ​ ដើម្បី​ឲ្យ​អាកាស​ធាតុ​ប្រែ​ជា​រងា​ត្រជាក់​ ​​ ដែល​មិន​មែន​ជា​ទី​ប៉ង​ប្រាថ្នា​របស់​ពពួក​ខ្មោច​។ ក្រៅ​ពី​​នេះពួក​គេ​​នៅ​នាំ​គ្នា​តែង​ខ្លួន​ចម្លែក​ៗ​ បន្លំ​ខ្លួនធ្វើ​ជា​ខ្មោច​ និង​បន្លឺ​សំឡេង​លាន់​អ៊ឹក​ធឹក​ ដើម្បី​ឲ្យ​ខ្មោច​ពិត​ប្រាកដ​​ភ័យ​ខ្លាច ​ហើយ​រត់​គេច​ខ្លួន​ទៅ​វិញ​។
រឿង​ គោម​រូប​ផ្លែ​​ល្ពៅ​ Jack-O’-Lanterns ​ខ្លះ​​ មាន​និយាយ​ដល់​ថ្នាក់​​ ដុតមនុស្ស​ដែល​គិត​ថា​ខ្មោច​ចូល​សណ្ឋិត​ ​ឬ​អា​រ​ក​មាន់​ទាំង​រស់​ឲ្យ​ខ្មោច​ខ្លាច​ទៀត​ផង​។ តែ​នោះ​ជា​ហេតុ​ការណ៍​ដែល​កើត​ឡើង​តាំង​ពី​មុន​គ្រិស្ត​សករាជ​ដែល​ជំនឿ​រឿង​ខ្មោច​ព្រាយ​បិសាច ​នៅ​ចាក់​ឫស​​ជ្រៅ​​នៅ​ក្នុង​​ផ្នត់​គំនិត​មនុស្ស​។ ត​មក​​នៅ​សតវត្សរ៍​ដំបូង​នៃ​គ្រិស្ត​សក​រាជ​ ជន​ជាតិ​រ៉ូម៉ាំង​​បាន​ទទួល​ប្រពៃ​ណី​​ហាឡូវីន​ពី​ជន​ជាតិ​ ខេល​​ តែ​បាន​កាត់​ការ​ដុត​​រាង​កាយ​មនុស្ស​ដែល​ត្រូវ​ខ្មោច​ស​ណ្ឋិត​ចេញ ប្តូរ​មក​ដុត​ទីង​មោង​ជំនួស​វិញ​។ កាល​វេលា​កន្លងទៅ ជំនឿ​​​​​​​​រឿង​ខ្មោច​សណ្ឋិតក្នុង​រាង​កាយ​មនុស្ស​បាន​ថម​ថយ​ចុះ​ជា​លំដាប់​ ហាឡូ​វីន​ បាន​ក្លាយមក​​​ត្រឹម​ជា​ពិធីការ​ស្លៀក​ពាក់​​ជា​រូប​ខ្មោច មេមត់​ សត្វ​ចម្លែក ​តាម​តែ​​គំនិត​ច្នៃ​ប្រឌិត​​ម្នាក់ៗ​។ ប្រពៃ​ណី​ហាឡូ​វីន​ បាន​ធ្វើ​ដំណើរ​មក​​ដល់​សហរដ្ឋ​អាមេរិក​​ក្នុង​ទស​វត្ស​រ៍​ទី ១៨៤០​ តាម​រយៈ​ជន​ជាតិ ​​អៃ​រីស (Irish) ដែល​ភៀស​ខ្លួន​មក​​នៅ​អាមេរិក​។ ចំពោះ​ប្រពៃ​ណី​ Trick or Treat​ (ប្រែ​ថា លង​ ឬ​លៀង​​) វិញ ចាប់​ផ្តើម​មាន​នៅកំឡុង​​គ្រិស្ត​សតវត្សរ៍​​ទី៩ ដោយ​ជនជាតិ​អឺរ៉ុប​ដែល​ចាត់​ទុក​ថ្ងៃទី​ ០២​ វិច្ឆិកា​ ជា​ថ្ងៃ​ ‘All Souls’ ពួក​គេនឹងដើរស្រែក​សុំ «​នំ​សម្រាប់​វិញ្ញាណ​» (Soul Cake) ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ដោយ​ជឿ​ថា ​កាន់​តែ​ឲ្យ​នំខេក​ច្រើន​ប៉ុណ្ណា​ វិញ្ញាណ​របស់​ញាតិ​​អ្នក​​បរិច្ចាគនឹង​​​​ទទួល​បាន​ផល​​បុណ្យ​​ ធ្វើ​ឲ្យ​មាន​ឱកាស​ឡើង​ឋាន​សួគ៌​​​​បាន​ច្រើន​ប៉ុណ្ណោះ​។

#ការ​លេង​Trick or Treat

តាម​ផ្ទះ​ប្រជាកសិករ​ រឿង​និទាន​ដែល​ពាក់​ព័ន្ធ​នឹង​​ផ្លែ​ល្ពៅ​នោះ ជា​រឿង​ប្រជាប្រិយ​របស់​ជនជាតិ​ អៃរីស​ ដែល​និយាយ​ពីបុរស​ឈ្មោះ​ ជែក​(Jack) ​ជា​អ្នក​​លេង​សៀក​កំពូលប្រមឹក​។ ថ្ងៃ​មួយ​គាត់​​បាន​បោក​បញ្ឆោត​ឲ្យ​​​បិសាច​ឡើងទៅ​លើ​ដើម​ឈើ​ ហើយ​ក៏​គូស​សញ្ញា​​ខ្វែង​លេខ​បូក​នៅ​នឹង​គល់​ឈើ​​ ធ្វើ​ឲ្យ​បិសាច​​នោះ​មិន​អាច​ចុះ​មក​បាន​។ បន្ទាប់​មក​ទៀត​ គេបាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​បិសាច​ «​ឈប់​នាំ​រឿង​មិន​ល្អ​មក​លង​បន្លាច​គេ​ទៀត!» ហើយ​គេ​​ក៏​ឲ្យ​ខ្មោច​ចុះ​ពី​ដើម​ឈើ​វិញ​។ នៅពេល ​ជែក ​ស្លាប់ គេ​បដិសេធ​មិន​​ឡើង​ឋានសួគ៌​ ទន្ទឹម​នឹង​នេះ​ក៏​​បដិសេធ​មិ​នចុះ​នរកដែរ​​ ទើប​បិសាច​ប្រគល់​ធ្យូង ដែល​កំពុង​ឆេះ​គគុក​ដល់​គេ​ដើម្បី​យក​ទុក​​បំបាត់​ភាព​រងា​​​កណ្តាល​ភព​​ងងឹត​ ហើយ​ ជែក ​បាន​យក​ធ្យូង​នេះ​ទៅដាក់ក្នុង​មើម​​ស្ពៃ ​Turnip ដែល​ចោះ​ឲ្យ​ប្រហោង​ ដើម្បី​ឲ្យ​ភ្លើង​ឆេះ​បាន​​កាន់​តែ​យូរ​។
ហេតុ​ដូច្នេះ​ទើប​ជន​ជាតិ​ អៃ​រីស ឆ្លាក់​​មើម​​ស្ពៃ​ Turnip ហើយ​ដាក់​ភ្លើង​នៅ​ខាង​ក្នុង​ ដែល​ជា​និម្មិត​សញ្ញា​មួយ​ នៅ​ក្នុង​ថ្ងៃ​ហាឡូវីន ​ជា​ការ​​រម្លឹក​ដល់​ការ​បញ្ឈប់​អំពើ​អាក្រក់​​ Trick or Treat​ ដើម្បី​បញ្ជូ​ន​ផល​បុណ្យ​​ទៅ​ឲ្យ​​ញាតិ​មិត្ត​ដែល​បានចែក​ឋានទៅ និង​ពិធី​ខាង​សាសនា ​ដើម្បី​​ធ្វើ​បុណ្យ​ថ្ងៃ​ឆ្នាំ​ថ្មី។​ តែ​នៅ​ពេល​មាន​​ពិធី​ឆ្លង​ ថ្ងៃ​ហាឡូវីន​នៅ​សហរដ្ឋ​អាមេរិក​ ជន​ជាតិ​អាមេរិក​ឃើញ​ថា ផ្លែ​ល្ពៅ​​ងាយ​រក​ជាង ​​មើម​ស្ពៃ​ Turnip​ ខ្លាំង​ណាស់​ ទើប​នាំ​គ្នា​ប្តូរ​មក​ប្រើ​ផ្លែ​ល្ពៅ​ជំនួសវិញ​​។

ប្រពៃ​ណី​ trick or treat​ នៅ​សហរដ្ឋ​អាមេរិក ​គឺ​ជា​ល្បែង​លេង​មួយ​បែប ​ដែល​ក្មេង​ៗ​តែង​តែ​ទន្ទឹង​រង់​ចាំ​។ នៅ​ថ្ងៃ​ហាឡូវីន តាម​ផ្ទះ​នីមួយៗនឹង​តុប​តែង​ដោយ​ភ្លើង​គោម​​ផ្លែ​ល្ពៅ​ និង​រូប​ទីងមោង​ចំបើង​ដែល​ជា​​​ផ្នែក​មួយ​នៃ​បុណ្យ​ប្រមូល​ផល​ (Harvest)។ ក្នុង​ពេល​ជាមួយ​គ្នា​នោះដែរ តាម​ផ្ទះ​នីមួយ​ៗ​នឹង​ត្រៀ​ម​នំ​ដែល​ធ្វើ​ជា​រាងគ្រាប់​ពោត​ពណ៌​ស ​លឿង ​ទឹក​ក្រូច ​លើ​​គ្រាប់​តែ​មួយ​​​ហៅ​ថា Corn Candy និងនំ​ផ្សេងៗ​ទៀត ទន្ទឹង​​រង់​ចាំ​។ ចំណែក​ក្មេង​ៗ​នៅ​តាម​ភូមិ ​ក៏​នាំគ្នា​តែង​ខ្លួនប្លែក​ៗ​ (fancy) ជា​ខ្មោច​ព្រាយ​​បិសាច ​ម​ក​គោះ​ទ្វារ​​​តាម​ផ្ទះ​ ដោយ​សង្កត់​ធ្ងន់​​លើ​​ផ្ទះ ​ដែល​មាន​គោម​ផ្លែ​ល្ពៅ​​តុប​តែង​ (ព្រោះ​មាន​ន័យ​​ជាទូទៅថា ស្វាគមន៍​​​ពួក​គេ​) ព្រម​ទាំង​សួរ​ថា​ trick or treat? ម្ចាស់​ផ្ទះ​មានសិទ្ធិ​ឆ្លើយ​ treat ដោយ​ការ​ព្រម​ចុះចាញ់​​ប្រគល់​នំ​ទៅ​ឲ្យ​ពួក​ខ្មោច​ព្រាយ​(កូន​ក្មេង​)​ទាំង​នោះ ទំនង​ក្នុង​ន័យ​​ថា ពិត​ជា​គួរ​ឲ្យ​ខ្លាច​មែន។ ឬ​ជ្រើស​រើស​ឆ្លើយ​ trick ដើម្បីផ្គើន​​ដាក់​ពួក​ខ្មោច​ទាំង​នោះ​ឲ្យ​សម្តែង​ឫទ្ធិ​ ដូច​ជា​ ​លៀន​អណ្តាត​ ធ្លាក់​គ្រាប់​ភ្នែក លង​បន្លាច​​ រហូតដល់​ការវាយ​បំផ្លាញ​​របស់​របរ​​​តូច​តាច​ ហើយ​អាច​បញ្ចប់​ដោយ​ការ​ ​ treat ក្មេង​ៗ​ឲ្យ​ញ៉ាំ​នំ​​នៅ​ទីបំផុត​។​
Text Article:https://cambotrends.com

Post a Comment

0 Comments