ហេតុ​អ្វី​បាន​ជា​សិស្ស​រៀន​បាន​និទ្ទេស “C”​ ​ភាគច្រើន​ជោគជ័យ​ខ្លាំង​ម្ល៉េះ​​​ក្នុង​ជីវិត​​?

ហេតុ​អ្វី​បាន​ជា​សិស្ស​រៀន​បាន​និទ្ទេស “C”​ ​ភាគច្រើន​ជោគជ័យ​ខ្លាំង​ម្ល៉េះ​​​ក្នុង​ជីវិត​​?


ការ​សិក្សា​ពិតជា​មាន​សារសំខាន់​សម្រាប់​មនុស្ស​គ្រប់រូប​ ដូច្នេះ​ហើយ​បាន​ជា​ម្នាក់ៗ​ខិត​ខំរៀន​សូត្រ​យ៉ាង​ខ្លាំង​ដើម្បី​បាន​ពិន្ទុ​ល្អ និង និទ្ទេស​ល្អ​ ខណៈ​សិស្ស​ជា​ច្រើន​បាន​លទ្ធផល​ល្អ​ក្នុង​ការ​សិក្សា​ ក៏​មាន​សិស្ស​មិន​តិច​នោះ​ទេ​ ដែល​មាន​លទ្ធផល​មិនល្អ ឬ ធ្លាក់​ក៏​មាន​។
ប៉ុន្តែ​យ៉ាងណាក៏ដោយ​ លទ្ធផល​ ឬ និទ្ទេស​នៅ​សាលា​តែ​ម្យ៉ាង​មិន​អាច​កំណត់​ទាំង​ស្រុង​ថា ​ជីវិត​នរណា​ម្នាក់​ជោគជ័យ​ ឬ មិន​ជោគជ័យ​នោះ​ទេ​​ ព្រោះ​វា​គ្រាន់តែ​ជា​ចំណែក​មួយ​ប៉ុណ្ណោះ​​។​

​ជុំវិញ​ប្រធានបទ​នេះ​ ​​លោក​ George W. Bush ​អតីត​ប្រធានាធិបតី​អាមេរិក​ធ្លាប់​​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​​នៅ​សាកលវិទ្យាល័យ Southern Methodist​ថា៖ ​«សម្រាប់​អ្នក​ដែល​បញ្ចប់​ការ​សិក្សា​​ជាមួយ​នឹង​លទ្ធផល​ល្អ​នៅ​រសៀល​​នេះ​ ​ខ្ញុំ​សូម​និយាយ​ថា អ្នក​ធ្វើ​បាន​ល្អ​ណាស់។​ ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​ទៅកាន់​សិស្ស​ដែល​បាន​និទ្ទេស ​C ​ថា អ្នក​ក៏​អាច​ក្លាយ​ជា​ប្រធានាធិបតី​ដែរ​»។

​ការ​លើក​ឡើង​បែប​នេះ​ គឺ​ចង់​បញ្ជាក់​ថា ​អ្នក​ដែល​បាន​និទ្ទេស​ខ្សោយ​មិន​ប្រាកដ​ថា ជីវិត​នឹង​បរាជ័យ​នោះ​ឡើយ​ ព្រោះ​រូបលោក​ផ្ទាល់​ក៏​មាន​ប្រវត្តិ​ជា​​សិស្ស​ដែល​មាន​លទ្ធផល​សិក្សា​មិន​សូវ​ល្អ​ប៉ុន្មាន​ដែរ។ ប៉ុន្តែ​លោក​​ George W. Bush ​អាច​ក្លាយ​ជា​ប្រធានាធិបតី​ ខណៈ​មិត្ត​រួម​ថ្នាក់​ដែល​​បាន​និទ្ទេស​ល្អ​ជាច្រើន​ទៀត​មិន​អាច​ធ្វើ​ដូច​។​​
​បើ​​លោក​អ្នក​ពិនិត្យ​​មើល​ទៅ​លើ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​ក្នុង​សង្គម​ មាន​មនុស្ស​ជោគជ័យ​មិន​តិច​នោះ​ទេ ទាំង​ផ្នែក​នយោបាយ​ និង អ្នកជំនួញ​ (មាន​លុយ​រាប់ពាន់​លាន​ដុល្លារ​)​ដែល​ធ្លាប់​ជា​សិស្ស​ខ្សោយ​ ឬ មិនបាន​បញ្ចប់​ការ​សិក្សា​ខ្ពង់ខ្ពស់​។ ​និយាយ​អំពី​មេដឹកនាំ​អាមេរិក​វិញ មិនមែន​មាន​តែ​លោក George W. Bush ​ម្នាក់​ទេ​ដែល​មាន​លទ្ធផល​សិក្សា​មិន​សូវ​ល្អ គឺ​​មាន​ជាច្រើន​ទៀត​​ដូចជា​ លោក John F. Kennedy  លោក Lyndon B. Johnson  លោក George H.W. Bush និង ​លោក​ Joe Biden​ អនុ​ប្រធានាធិបតី​អាមេរិក​។

​បើ​និយាយ​អំពី​បុគ្គល​ជោគជ័យ​ផ្នែក​ជំនួញ​វិញ​ មាន​ជាច្រើន​ដូចជា​ លោក Steve Jobs (អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុនApple)​ លោក Mark Zuckerberg  (ស្ថាបនិក​Facebook) លោក Bill Gates (ស្ថាបនិក​ក្រុមហ៊ុន​Microsoft) និង មហាសេដ្ឋី​លើ​ពិភពលោក​ផ្សេងទៀត​ ដែល​ពួកគេ​សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា​នៅ​ត្រឹម​ថ្នាក់​បរិញ្ញាបត្រ​។

អ្នក​ជំនាញ​ជាច្រើន​បាន​អះអាង​ថា ភាព​វៃ​ឆ្លាត​គឺ​ជា​រឿង​សំខាន់​ ខណៈ​លទ្ធផល​នៃ​ការ​សិក្សា​ល្អ​មិន​បាន​កំណត់​ថា នរណា​ម្នាក់​មាន​ភាព​វៃឆ្លាត​​ខ្លាំង​កម្រិត​ណា​នោះ​ទេ​​ ទាល់តែ​អនុវត្ត​ជាក់ស្តែង​នៅ​ក្នុង​សង្គម​ទើប​ដឹង​។​ អ្នក​ជោគជ័យ​នៅ​សាលា​ គឺ​ដោយសារ​សមត្ថភាព​ពិសេស​ក្នុង​ការ​ប្រឹងប្រែង​ ​ដោយ​ផ្អែក​លើ​​ប្រព័ន្ធ (សិក្សា​)​មួយ​ដ៏​ជាក់លាក់​ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ពួកគេ​អាច​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការអនុវត្ត​ចំណេះដឹង​ក្នុង​ពិភពលោក​ដ៏​ធំ​​ល្វឹងល្វើយ​នេះ​បាន​ឡើយ​។
ភាព​ជោគជ័យ​ ទាមទារ​នូវ​ចំណង់​ ការ​ខិតខំ​ប្រឹងប្រែង​ ភាព​វៃឆ្លាត​ និង ​លទ្ធភាព​ក្នុង​ការ​យល់​ច្បាស់​អំពី​តម្លៃ​នៃ​ភាព​បរាជ័យ​។ ​ទាំងនេះ​គឺជា​ចំណុច​​ដែល​នាំ​ឲ្យ​មនុស្ស​ដែល​មាន​ប្រវត្តិ​រៀន​មិន​សូវ​ល្អ​ជាច្រើន​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​។ ពួកគេ​យល់​ច្បាស់​ អំពី​វិធី​ក្នុង​ការ​តស៊ូ ហើយ​ព្យាយាម​ជំនះ​រាល់​ឧបសគ្គ​ លើស​​ពី​មនុស្ស​ដទៃ​ទៀត​។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​ ការ​ទទួល​បាន​ពិន្ទុ​ខ្សោយ​ ឬ រៀន​អន់​នៅ​សាលា​​ក៏​មិនអាច​ធានា​បាន​ថា ពួកគេ​នឹង​ជោគជ័យ​ក្នុង​ជីវិត​ទាំងអស់​នោះ​ដែរ ​​ពោល​គឺ អាស្រ័យ​លើ​ការ​ខិតខំ​ប្រឹងប្រែង​ និង ភាព ជាក់ស្ដែង​ពិតប្រាកដ​នៅ​ក្នុង​ជីវិត​តែ​ប៉ុណ្ណោះ​​។

គួរ​ចង​ចាំ​ថា ជោគជ័យ​ពិតប្រាកដ​មិនមែន​ ជា​ពិន្ទុ ឬ លទ្ធផល​ល្អ​នៅ​លើ​ក្រដាស​​នៅ​សាលា​តែ​ម្យ៉ាង​នោះ​ទេ តែ​គឺ​ជា​លទ្ធផល​ជាក់ស្តែង​នៃ​ការអនុវត្ត​ឲ្យ​ចេញ​ជា​ប្រយោជន៍​ក្នុង​ជីវិត​​​​៕

ប្រភព:http://hspeconomicandbusiness.blogspot.com
by:  Sea Phealey

Post a Comment

0 Comments