ទម្លាប់១០យ៉ាងដើម្បីក្លាយជាសិស្សពូកែ
ជីវិតជាសិស្សអ្នកណាក៏ចង់ក្លាយខ្លួនជាសិស្សពូកែដែរ។ប៉ុន្តែអ្នកខ្លះមិនអាចធ្វើឲ្យក្ដីស្រម៉ៃមួយនេះបានសម្រេចនោះទេ។ តាមពិតទៅចង់ក្លាយជាសិស្សពូកែម្នាក់មិនពិបាកនោះទេ បើសិនជាអ្នកដឹងច្បាស់លាស់នូវអ្វីដែលត្រូវធ្វើ។ អត្ថបទនេះ នឹងបញ្ជាក់ពីទម្លាប់ទាំង ១០យ៉ាងដើម្បីក្លាយខ្លួនជាសិស្សឆ្នើមម្នាក់៖
១. កុំព្យាយាមចំណាយពេលត្រឹមតែមួយយប់ដើម្បីរៀន
សិស្សភាគច្រើនណាស់ដែលតែងតែប្រើវិធីមួយនេះ ដោយចំណាយពេលត្រឹមតែមួយយប់ប៉ុណ្ណោះដើម្បីរំលឹកមេរៀន។ ការធ្វើបែបនេះមិនមែនជាជម្រើសល្អនោះទេ បើសិនជាអ្នកចង់ក្លាយជាសិស្សពូកែ។ អ្វីដែលអ្នកត្រូវធ្វើគឺថា អ្វកត្រូវតែមានពេលវេលាច្បាស់ច្បាស់លាស់ជាក់លាក់ដើម្បីសិក្សា។
២. គ្រោងនូវពេលវេលាដែលត្រូវរៀន
ជាធម្មតាសិស្សពូកែ ពួកគេមានកាលវិភាគច្បាស់លាស់មួយបញ្ជាក់ពីពេលវេលាច្បាស់លាស់ណាមួយដែលត្រូវសិក្សា។ បន្ទាប់មកពួកគេត្រូវតែធ្វើតាមកាលវិភាគសិក្សាមួយនោះយ៉ាងជាប់លាប់។
៣. រៀនឲ្យចំពេលវេលាដែលបានកំណត់
ការគ្រោងនូវការសិក្សាវាសំខាន់ហើយ ប៉ុន្តែវាកាន់តែសំខាន់ដោយទាមទារឲ្យអ្នកអនុវត្តវាឲ្យចំពេលវេលាដែលបានកំណត់ជារៀងរាល់ថ្ងៃ។ ការធ្វើបែបនេះនឹងធ្វើឲ្យវាក្លាយជាទម្លាប់មួយក្នុងជីវិតរបស់អ្នក។
៤. ការសិក្សានីមួយៗត្រូវតែមានគោលបំណងច្បាស់លាស់
អ្នកត្រូវតែមានគោលបំណងច្បាស់លាស់រាល់ការសិក្សារបស់អ្នក។ បើមិនដូច្នេះទេ វានឹងធ្វើឲ្យអ្នកវិលវល់។ ពេលដែលអ្នកមានគោលដៅច្បាស់លាស់ថាចង់បានអ្វីហើយ វានឹងជួយជំរុញអ្នកដើម្បីទទួលយកវាឲ្យបាន។ ការបង្កើតគោលដៅអាចមានលក្ខណៈធម្មតាដូចជា ត្រូវតែរៀនពាក្យថ្មីៗឲ្យបាន ៣០ជាដើម។
៥. កុំព្យាយាមពន្យារពេលនូវអ្វីដែលអ្នកបានគ្រោងក្នុងកាលវិភាគសិក្សា
សិស្សមួយចំនួនតែងតែពន្យារពេលវេលា ទោះបីជាគេបានគ្រោងកាលវិភាគសិក្សារួចរាល់ហើយក្ដី។ ការធ្វើបែបនេះមិនមែនជាទម្លាប់របស់សិស្សពូកែនោះទេ។ កាលពន្យាពេលបែបនេះ នឹងធ្វើឲ្យអ្នកងាយនឹងភ័នច្រឡំដោយសារតែការប្រញាប់ប្រញាល់ខ្លាំង។
៦. ចាប់ផ្ដើមរៀនមេរៀនដែលពិបាកមុន
មុខវិជ្ជាឬកិច្ចការដែលពិបាកតែងតែទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ និងថាមពលច្រើន។ ពេលដែលអ្នកបញ្ចប់កិច្ចការដែលពិបាកហើយ វានឹងកាន់តែមានភាពងាយស្រួលដើម្បីបញ្ចប់កិច្ចការដទៃទៀត។
៧. រំលឹកមេរៀនជានិច្ចមុនពេលសិក្សារឺធ្វើកិច្ចការនីមួយៗ
ដើម្បីរម្លឹកមេរៀនបាន អ្នកត្រូវតែមានការកត់ត្រាបានម៉ត់ចត់ក្នុងថ្នាក់រៀន។ ការរំលឹកអ្វីដែលបានកត់ត្រានេះ នឹងជួយឲ្យអ្នកចងចាំនូវអ្វីដែលអ្នកបានរៀន និងជួយឲ្យអ្នកយល់បានកាន់តែច្បាស់នូវកិច្ចការដែលត្រូវធ្វើ។
៨. ត្រូវប្រាកដថាគ្មានអ្វីរំខាននូវពេលសិក្សា
អ្នកត្រូវតែជ្រើសរើសទីកន្លែងណាមួយក្នុងបរិយាកាសអំណោយផលសម្រាប់ការសិក្សា។ អ្នកត្រូវតែប្រាកដថា កន្លែងសិក្សានោះគ្មានការរំខាន ព្រោះវានឹងជួយឲ្យអ្នកងាយស្រួលផ្ដោតអារម្មណ៍បានមូល។
៩. សិក្សាជាក្រុម
ការសិក្សាជាក្រុមក៏ជាជម្រើសមួយដែលល្អដើម្បីប្រែខ្លួនឲ្យក្លាយជាសិស្សពូកែផងដែរ។ ការសិក្សាជាក្រុមនេះ អាចជួយឲ្យអ្នកឆាប់យល់ មានការជួយពីអ្នកដទៃ នឹងអាចជួយផ្លាស់ប្ដូរគំនិត យោបល់ ចំណេះដឹងរវាងគ្នាទៅមកបានទៀតផង។
១០. រំលឹករាល់កិច្ចការទាំងអស់នូវថ្ងៃចុងសប្ដាហិ៍
ទោះបីជាថ្ងៃចុងសប្ដាហ៍ក៏ដោយ អ្នកមិនត្រូវប្រលែងដៃចោលទាំងស្រុងនោះទេ។ អ្នកត្រូវតែរម្លឹកមេរៀន រឺកិច្ចការទាំងអស់ដើម្បីជួយអ្នកចងចាំ និងធ្វើឲ្យអ្នកមានភាពត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃសិក្សាថ្មី។
ប្រភព៖ http://www.librarykhmer.com
by : Sea phealey
0 Comments