នៅលើលោកយើងនេះមានអ្នកវិទ្យាសាស្ត្រជាច្រើន ប៉ុន្តែមានតែអ្នកវិទ្យាសាស្ត្រមួយចំនួនប៉ុណ្ណោះដែលទទួលបានជោគជ័យក្នុងការបង្កើតស្នាដៃដ៏អស្ចារ្យ ដើម្បីជួយដល់ពិភពលោក ក៏ដូចជាធ្វើឲ្យពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង ។
ស្នាដៃទាំងនោះបានផ្ដល់ប្រយោជន៍ដល់មនុស្សជំនាន់ក្រោយយ៉ាងខ្លាំង ជាពិសេសអាចជួយអ្នកវិទ្យាសាស្ត្រជំនាន់ក្រោយក្នុងការស្រាវជ្រាវ និងបង្កើតអ្វីដែលថ្មី ក៏ដូចជាអភិវឌ្ឍន៍ស្នាដៃទាំងនោះឲ្យកាន់តែរីកចម្រើន ដើម្បីបម្រើដល់ប្រយោជន៍មនុស្សជាតិផងដែរ ។
ហើយនេះគឺជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញ ១០ រូបក្នុងចំណោមអ្នកវិទ្យាសាស្ត្រដែលជោគជ័យទាំងនោះ ។
១ លោក សឺរ៍ អីសែក ញូតុន (Sir Isaac Newton)
លោក សឺរ៍ អីសែក ញូតុន ដែលគ្រប់គ្នាច្រើនហៅថា អីសែក ញូតុន បានកើតនៅ ២៥ ខែធ្នូ ឆ្នាំ ១៦៤២ (មានឯកសារខ្លះថា ៤ មករា ឆ្នាំ ១៦៤៣) និងស្លាប់នៅក្នុង ២០ ខែមិនា ឆ្នាំ ១៧២៧ ។ គាត់មិនត្រឹមតែជារូបវិទូនោះទេ គាត់ក៏ជាគណិតវិទូ តារាវិទូ គីមីវិទូ និង ទស្សនៈវិទូផងដែរ ។
គាត់គឺជាអ្នកវិទ្យាសាស្រ្តមួយរូបដែលបានរកឃើញច្បាប់ចលនាញូតុន និង ច្បាប់ទំនាញសកល ហើយការរកឃើញច្បាប់ទំនាញសកលរបស់លោកកើតឡើងដោយសារតែលោកមើលឃើញផ្លែមប៉ោមធ្លាក់ធ្លាក់ពីដើមចុះមកលើដី នៅក្រោមដើមផ្លែប៉ោមមួយដើម មិនមែនដោយសារតែផ្លែប៉ោមធ្លាក់ចំក្បាលគាត់ទើបគាត់រកឃើញនោះទេ ។ ជាងនេះទៅទៀតគាត់ក៏ជាអ្នកដែលបង្កើតកែវយឹតផងដែរ ។
២ លោក ល្វីស ប៉ាស្ទ័រ (Louis Pasteur)
លោក ល្វីស ប៉ាស្ទ័រ គឺជាគីមីវិទូ ជីវវិទូ និង អតិសុខុមជីវវិទូ គាត់បានកើតនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៨២២ ហើយស្លាប់នៅថ្ងៃទី ២៨ កញ្ញា ឆ្នាំ ១៨៩៥ ។ គាត់គឺជាអ្នកវិទ្យាសាស្ត្រម្នាក់ដែលបានបង្កើតនូវសមិទ្ធផលដ៏អស្ចារ្យ សម្រាប់មនុស្សជាតិទាំងមូល ដោយគាត់បានបង្កើតថ្នាំព្យាបាលពិសឆ្កែឆ្កួតខាំ និង ថ្នាំព្យាបាលបូស anthrax ឬ ហៅថាពិសធ្យូង ។
មិនត្រឹមតែប៉ុណ្ណឹងគាត់ក៏បានរកឃើញវិធីសំលាប់មេរោគ Pasteurization ក៏ដូចជារកឃើញពីវិធីសាស្ត្ររក្សាទុកម្ហូបអាហារឲ្យបានយូរទៀតផង ។ នៅមិនទាន់អស់នោះទេ គាត់បានស្រាវជ្រាវរកឃើញថ្នាំជាច្រើនទៀត ដើម្បីព្យាបាលអ្នកជំងឺ និងសមិទ្ធផលជាច្រើនក្នុងវិស័យសុខាភិបាល ហេតុដូចនេះហៅគេបានចាត់ទុកគាត់ជាគ្រូពេទ្យដ៏សំខាន់នៅក្នុងពិភពលោក ។
៣ លោក កាលីឡេអូ កាលីឡេ (Galileo Galilei)
អ្នកវិទ្យាសាស្រ្តនិងជាតារាវិទូដែលមានរហ័សនាមថា “បិតានៃវិទ្យាសាស្ត្រសម័យទំនើប” រូបនេះបានកើតនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ១៥៦៤ នៅក្នុងប្រទេសអ៉ីតាលី ហើយស្លាប់នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៦៤២ ។ គាត់គឺជាអ្នកវិទ្យាសាស្ត្រមួយរូបដែលធ្វើឲ្យមានការផ្លាស់ប្ដូរ និងប្រឆាំងនិងគំនិតវិទ្យាសាស្ត្រមុនសម័យកាលគាត់ ។
គាត់បានរកឃើញថាផែនដីបានវិលជ៉ំវិញព្រះអាទិត្យ ដែលទ្រឹស្ដីនេះផ្ទុយនឹងជំនឿរបស់គ្រិសបរិស័ទសម័យកាលនោះដែលគាំទ្រទ្រឹស្ដីរបស់ អារីស្ដូត (Aristotle) ដែលនិយាយថាផែនដីជាមជ្ឍមណ្ឌលកណ្ដាល ដោយមានព្រះអាទិត្យ និង ព្រះចន្ទវិលជ៉ំវិញ ។ ដោយហេតុនេះហើយគ្រិសបរិស័ទទាំងនោះបានខឹងសប្បារនឹងលោកជាខ្លាំង និងចោទលោកថាបានចូលនិកាយផ្សេង ហើយក៏បានប្ដឹងលោកផងដែរ ។
ដោយហេតុនេះហើយគាត់ត្រូវបានគេហាមឃាត់មិនឲ្យបង្រៀនសិស្សរបស់គាត់នូវទ្រឹស្ដីដែលគាត់រកឃើញនោះទេ បើមិនដូច្នោះគាត់នឹងត្រូវគេចាប់ដុតទាំងរស់ ប៉ុន្តែ កាលីឡេអូ មិនបានបោះបង់ចោលទ្រឹស្ដីរបស់គាត់នោះទេ ដោយគាត់បានបង្កើតកែវញឹតដោយខ្លួនឯងដើម្បីបន្តការសិក្សា និងស្វែងរកភស្ដុតាងដែលបង្ហាញថាទ្រឹស្ដីរបស់គាត់គឺជាការពិត ។
៤ លោកស្រី ម៉ារី ស្កូដូស្កា គុយរី (Marie Skłodowska Curie)
លោកស្រី ម៉ារី គុយរី បានកើតនៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ១៨៦៧ និងបានស្លាប់នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ១៩៣៤ ។ លោកស្រីគឺជារូបវិទូ និងគីមីវិទូជនជាតិប៉ូឡូញ-បារាំងដ៏ល្បីល្បាញដែលបានត្រួសត្រាយការស្រាវជ្រាវអំពីវិទ្យុសកម្មដំបូងគេ ហើយគាត់គឺជាមនុស្សដំបូងគេដែលទទួលបានរង្វាន់ណូបែលពីរគឺ ផ្នែករូបវិទ្យា និងផ្នែកគីមីវិទ្យា។
សមិទ្ធផលដ៏អស្ចារ្យរបស់គាត់គឺជាការរកឃើញពីវិធីចម្រាញ់ជាតិរ៉ាដ្យូម (radium)សុទ្ធ ដែលជាសារធាតុដែលអាចជួយដល់ដំណើរការទប់ស្កាត់ការរីកលូតលាស់នៃជំងឺមហារីក និងព្យាបាលរោគសើស្បែកជាច្រើនទៀតឲ្យជាសះស្បើយ ដែល ដែលពេទ្យនៅសម័យចាត់ទុកថាជាជំងឺដែលរងចាំថ្ងៃស្លាប់ ។
លោកស្រីមិនបានលក់ប៉ាតង់នៃអ្វីដែលលោកស្រីបានស្រាវជ្រាវរកឃើញនោះទេ បើទោះបីជាវាអាចឲ្យលោកស្រីក្លាយជាសេដ្ឋីនីក៏ដោយ ហើយលោកស្រីសុខចិត្តរក្សាវាដើម្បីបម្រើប្រយោជន៍ដល់សង្គម និងមនុស្សជាតិ មិនត្រឹមតែប៉ុណ្ណោះលោកស្រីបានប្រឹងប្រែង និងហ៊ានលះបង់ខ្លួន ដើម្បីស្រាវជ្រាវបន្ត រហូតដល់ជិតថ្ងៃស្លាប់ ។
នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ១៩៣៤ លោកស្រីក៏បានស្លាប់ដោយសារតែការប្រឹងប្រួងហួសកម្លាំង ក៏ដូចជាការរងផលប៉ះពាល់ពីសារធាតុវិទ្យុសកម្មខ្លាំងពេក ។
៥ លោក អាល់បឺត អែនស្តែន (Albert Einstein)
លោក អាល់បឺត អែនស្តែន (Albert Einstein) កើតនៅថ្ងៃទី ១៤ មិនា ១៨៧៩ និង បានស្លាប់នៅថ្ងៃទី ១៨ មេសា ១៩៥៥។ លោកជាអ្នករូបវិទ្យាទ្រឹស្ដី សញ្ជាតិអាមេរិក ដើមកំណើតអាល្លឺម៉ង់។ លោកត្រូវបានគេស្គាល់ច្បាស់តាមរយៈទ្រឹស្ដីរ៉ឺឡាទីវីតេរបស់លោក និងជាពិសេសតាមរយៈរូបមន្តសមមូលម៉ាស់-ថាមពល គឺ E = mc2។ អែងស្តែងបានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យានៅឆ្នាំ១៩២១ សំរាប់ការបំរើការរបស់លោកក្នុងវិស័យ រូបវិទ្យាទ្រឹស្ដី និងជាពិសេសគឺការរកឃើញច្បាប់ស្ដីពីផលហ្វូតូអគ្គីសនី។
ក្រោពីនោះគាត់ក៏បានរកឃើញទ្រឹស្ដីបទបរមណូ ក៏ដូចជារឿងរ៉ាវទាក់ទងទៅនឹង រង្វង់ខ្មៅ black holes ផងដែរ ។
វគ្គ ២ នឹងចុះផ្សាយនៅក្នុងអត្ថបទក្រោយ ដែលនិយាយអំពីអ្នកវិទ្យាសាស្ត្រ ៥ រូបផ្សេងទៀតដូចជា លោក ឆាល្ស៍ ដាវិន (Charles Darwin ), លោក ថូម៉ាស អេឌីសុន (Thomas Edison) , លោក នីកូឡា តេស្លា ( Nikola Tesla) , លោក ហ្គុយហ្កលីអ៊ែលម៉ូ ម៉ាកូនី (Guglielmo Marconi) និងលោក អារីស្ដូត (Aristotle) ៕
Article Source:http://www.jongdeng.net/
0 Comments