លោក ​ហុង សុខហួរ រៀបរាប់​ពី​ការ​រស់នៅ​ក្នុង​គុក និង​មាន​ជំនឿ​ថា​បក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ត្រូវ​រំលាយ​នោះ​ទេ

លោក ​ហុង សុខហួរ រៀបរាប់​ពី​ការ​រស់នៅ​ក្នុង​គុក និង​មាន​ជំនឿ​ថា​បក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ត្រូវ​រំលាយ​នោះ​ទេ

អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​លោក ហុង សុខហួរ ដែល​ទើប​តែ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​។ ហេង ជីវ័ន

ភ្នំពេញៈ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​លោក ហុង សុខហួរ ដែល​ទើប​តែ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​មាន​ជំនឿ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ត្រូវ​រំលាយ​នោះ​ទេ​ហើយ​ «​អ្នក​ទោស​នយោបាយ​» ​ចំនួន​ ១៥ ​នាក់​ទៀត​ក៏​នឹង​ត្រូវ​ដោះលែង​ផង​ដែរ​។
នៅ​ក្នុង​បទសម្ភាស​ផ្តាច់​មុខ​មួយ​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​លោក សុខហួរ បាន​ថ្លែង​អំពី​ការ​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​ ២ ​ឆ្នាំ​របស់​លោក បន្ទាប់ពី​មាន​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពី​ថ្ងៃ​ពុធ​។
អង្គុយ​នៅ​ក្នុង​កៅអី​ក្នុង​សួនច្បារ​ក្រោយ​ផ្ទះ លោក សុខហួរ បាន​រំឭក​ថា ២៤ ម៉ោង​មុន​លោក​បាន​ជាប់​ឃុំ​នៅ​ក្នុង​បន្ទប់​ពន្ធនាគារ​ទំហំ ២០ ម៉ែត្រការ៉េ ដែល​មាន​មនុស្ស​ដល់​ទៅ​ ៣០ ​នាក់​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​អាច​ដេក​បាន​ក្នុង​បរិយាកាស​ក្តៅ​។ ប្រសិន​បើ​ខ្ញុំ​អាច​មាន​កន្លែង​ទំហំ​តែ​កន្លះ​ម៉ែត្រ​ដេក នោះ​ប្រាកដ​ជា​អស្ចារ្យ​ណាស់​»​។ លោក សុខហួរ បាន​រៀបរាប់​អំពី​ជីវិត​នៅ​ក្នុង​ពន្ធនាគារ​ដែល​មាន​ភាព​ចង្អៀត​ណែន​ថា​៖ «​ខ្ញុំ​មាន​ពេលវេលា​ច្រើន​»​។
ជា​រៀងរាល់​ថ្ងៃ​លោក​ក្រោក​ពី​ដំណេក​នៅ​ម៉ោង​ ៤ ​ឬ​ ៥ ​ព្រឹក​ផឹក​កាហ្វេ និង​អាន​កាសែត​។ នៅ​ម៉ោង ៨ ឆ្មាំ​ពន្ធនាគារ​បាន​អនុញ្ញាត​ឲ្យ​លោក​ចេញ​ទៅ​ក្រៅ​ដើរ​មួយ​ម៉ោង​។ ក្នុង​អំឡុង​ពេល​នោះ​លោក​ដើរ​ប្រហែល ២០ ម៉ែត្រ​ទៅ​មកៗ​។ នៅ​ម៉ោង ១០ ​ព្រឹក​លោក​ត្រូវ​ទទួល​ទាន​អាហារ​ថ្ងៃត្រង់ ហើយ​បន្ទាប់មក​សម្រាក​។ នៅ​ម៉ោង​ ២ ពួកគេ​អនុញ្ញាត​ឲ្យ​លោក​ចេញ​ដើរ​រយៈពេល​មួយ​ម៉ោង​ម្តង​ទៀត​។ បន្ទាប់មក​អាហារ​ពេល​ល្ងាច​នៅ​ម៉ោង ៥ និង​នៅ​ពេល​ល្ងាច​លោក​ស្តាប់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ (VOA) និង​វិទ្យុ​អាស៊ីសេរី​។
លោក សុខហួរ បាន​រំឭក​ថា​លិខិត​របស់​លោក​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ហាក់បី​ដូច​គ្មាន​សង្ឃឹម​។ «​ក្នុង​រយៈកាល​ ២ ​ឆ្នាំ​កន្លង​ទៅ​ខ្ញុំ​គិត​ថា សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ថយ​ការ​ខឹង​ចំពោះ​ខ្ញុំ​»​។ លោក​បន្ថែម​ថា​រវាង​លោក និង​លោក​នាយក​រដ្ឋមន្ត្រី​ «​មិន​មាន​ការ​ទាក់ទង​នយោបាយ​» ​នោះ​ទេ​។
ទាំង​លោក សុខហួរ និង​អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​បាន​បដិសេធ​ថា ការ​ដោះលែង​លោក​ សុខហួរ មិនមែន​ជា​ផ្នែក​នៃ​ការ​ចរចា​គ្នា​ខាង​នយោបាយ​ណា​មួយ​នោះ​ទេ​។ លោក​សុខហួរ បន្ត​ថា​៖ «​អ្វី​ដែល​ខ្ញុំ​សោកស្តាយ​គឺ​ថា​ខ្ញុំ​បាន​ស្នើ​សុំ​តុលាការ អនុញ្ញាត​ឲ្យ​ខ្ញុំ​កែ​កំហុស ប៉ុន្តែ​តុលាការ​មិន​បាន​ស្តាប់​ការ​ពន្យល់​របស់​ខ្ញុំ​»​។
អតីតមន្ត្រី​គណបក្ស​ សម រង្ស៊ី ​រូប​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ «​ញុះញង់​» ​និង​ «​ក្លែងបន្លំ​ឯកសារ​» ​បន្ទាប់ពី​បង្ហោះ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម​ «​ក្លែងក្លាយ​»​។ លោក សុខហួរ បាន​អះអាង​ថា​លោក​រកឃើញ​ឯកសារ​នោះ​លើ​អនឡាញ​ហើយ​សុំ​ឲ្យ​តុលាការ​លើកលែង​ទោស​លោក​កាលពី​ពេល​នោះ​។ ក្តីបារម្ភ​ពិសេស​របស់​លោក សុខហួរ គឺ​បញ្ហា​សុខភាព​របស់​លោក​ដែល​មាន​លក្ខណៈ​កាន់តែ​ដុនដាប​។
លោក​ សុខហួរ បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​អាច​នៅក្នុង​ពន្ធនាគារ​ទេ​ដោយសារ​ខ្ញុំ​មាន​បញ្ហា​សុខភាព​»​។ លោក​បាន​ពន្យល់​ថា​លោក​នឹង​ទៅ​ប្រទេស​បារាំង នាពេល​ខាង​មុខ​ឆាប់ៗ​នេះ​ដើម្បី​ព្យាបាល​ជំងឺ និង​ដើម្បី​ជួប​កូន​របស់​លោក​ដែល​រស់នៅ​ទី​នោះ​។
ទោះ​យ៉ាង​ណា​ក្តី​លោក​ សុខហួរ បាន​សន្យា​ថា​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​បន្ទាប់ពី​នោះ​។ លោក​ សុខហួរ ថ្លែង​ថា​ពេលវេលា​របស់​លោក​នៅ​ក្នុង​ពន្ធនាគារ​គឺជា​ «​មេរៀន​មួយ​» ​ហើយ​លោក​នៅ​មិន​ទាន់​សម្រេចចិត្ត​នៅ​ឡើយ​ទេ​ថា​នឹង​នៅ​តែ​ធ្វើ​ជា​អ្នក​នយោបាយ​ទៀត​ឬ​យ៉ាង​ណា​នោះ​។ ទោះបី​ជា​លោក​ហាក់​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ​ក្តី ក៏​លោក​ សុខហួរ ​បាន​និយាយ​ថា​លោក​មាន​ជំនឿ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ត្រូវ​រំលាយ​ចោល​នោះ​ទេ​។
លោក​បាន​បញ្ជាក់​ទៀត​ថា​៖ «​ខ្ញុំ​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ផង​ដែរ ដែល​យើង​បាន​ឈាន​មក​ដល់​ចំណុច​នេះ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ជឿជាក់​ថា​យើង​នឹង​មិន​ឈាន​ដល់​ចំណុច​សូន្យ​នោះ​ទេ​គឺ​ការ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​។ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​យើង​អាច​ពិភាក្សា​គ្នា​បាន​»​។ លោក​ សុខហួរ បន្ថែម​ថា​លោក​រំពឹង​ថា​ «​អ្នក​ទោស​នយោបាយ​» ​ចំនួន​ ១៥ ​នាក់​ទៀត​នឹង​ត្រូវ​បាន​ដោះលែង​ដែរ​។ លោក​ សុខហួរ ​បាន​បន្ទរ​នូវ​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​លោក សុខ ឥសាន ដែល​ថា​ការ​ដោះលែង​រូប​លោក​គឺជា​ការ «​សន្តោស​មេត្តា​» ហើយ​លោក​រំពឹង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​បាន​សង្គ្រោះ​សម្រាប់​ហេតុផល​ដូច​គ្នា​នេះ​ដែរ​។ ពលរដ្ឋ​ដែល​មាន​សញ្ជាតិ​បារាំង​ផង​ដែរ​នេះ​ក៏​ទទួល​ស្គាល់​ថា​សម្ពាធ​ពី​អន្តរជាតិ​អាច​ជា​ផ្នែក​មួយ​ដែរ​។ «​រដ្ឋាភិបាល​ស្គាល់​បន្ទាត់​ក្រហម​ដែល​មិន​គួរ​ឆ្លងកាត់​»​។ ប៉ុន្តែ​នៅ​ពេល​សួរ​ថា តើ​រដ្ឋាភិបាល​បារាំង​បាន​ជួយ​ក្នុង​ការ​ដោះលែង​រូប​លោក​នេះ​ឬ​ទេ​? លោក​ឆ្លើយ​ថា​៖ «​ខ្ញុំ​មិន​អាច​បញ្ជាក់​បាន​ទេ​»​។
លោក អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​ការទូត និង​កិច្ចការ​ពិភពលោក​នៅឯ​សាកល​វិទ្យាល័យ Occidental College បាន​និយាយ​ថា ពេលវេលា​នៃ​ការ​ដោះលែង​លោក សុខហួរ គឺ​មាន​ទាំង​ក្នុង​សម្ពាធ​ពី​អន្ដរជាតិ និង​ការ​ចាកចេញ​ខ្លះ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​រឿង​ «​គួរ​ឱ្យ​សង្ស័យ​» ​ប៉ុន្តែ​ទំនង​ជា​រឿង​ចៃដន្យ​មួយ​។ លោក​ សុផល ​ជឿជាក់​ថា «​លិខិត​ផ្សះផ្សា​» របស់​លោក សុខហួរ គឺជា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ដោះលែង​រូប​គាត់​ដោយ​លោក​បាន​និយាយ​ថា​ឯកសារ​នោះ​គឺជា​ប្រភេទ​លិខិត​រិះគន់​ខ្លួនឯង ដែល​គេ​អាច​គិត​ថា​វា​ជា​ការ​ស្ថិត​ក្រោម​របប​កុម្មុយនីស្ត​»​។
ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​គេ​ដឹង​ថា​ហាក់​បាន​បន្ធូរបន្ថយ​បន្តិច​វិញ បន្ទាប់ពី​បាន​ដាក់​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​គូប្រជែង​នយោបាយ​នោះ​លោក​ សុផល បាន​ថ្លែង​ថា​លោក​នាយក​រដ្ឋមន្ត្រី​មិន​អាច​ព្យាករ​បាន​ទៀត​ទេ​។ លោក​បាន​ថ្លែង​តាម​អ៊ីមែល​កាលពី​យប់​ថ្ងៃ​ពុធ​ថា​៖ «​គាត់​ធ្លាប់​បាន​ធ្វើ​ដូច្នេះ​កាលពី​មុន ប៉ុន្តែ​គាត់​មិន​បាន​ដក​ជើង​របស់​គាត់​ចេញ​ពី​ឈ្នាន់​បង្កើន​ល្បឿន​នោះ​ទេ​នា​ពេល​ឥឡូវ​នេះ​… ដូច្នេះ​លំនាំ​នេះ​មិន​អាច​ព្យាករ​បាន​ទៀត​ទេ​នាពេល​បច្ចុប្បន្ន​នេះ​៕PS/NS
ប្រភពពត៍មាន​នេះ:http://www.camnews.org/topics/khmernews/

Post a Comment

0 Comments