វិបត្តិរ៉ូហ៊ីងយ៉ា៖ អង្គការសហប្រជាជាតិ ពិចារណាលើសេចក្តីសម្រេចចិត្ត ដាក់កំហិតលើភូមា
ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ កំពុងតែពិចារណា ដើម្បីរៀបចំធ្វើសេចក្តីសម្រេចចិត្តមួយ ក្នុងគោលបំណង ចាប់បង្ខំរដ្ឋាភិបាលភូមា ឲ្យបិទបញ្ឈប់រាល់សកម្មភាពហិង្សា ធ្វើបាបទៅលើសហគមជនជាតិអ៊ីស្លាម រ៉ូហ៊ីងយ៉ា។ ក្នុងរយៈពេល៣ខែចុងក្រោយនេះ មានជនជាតិរ៉ូហ៊ីងយ៉ា រាប់សែននាក់ ដែលបានរត់ភៀសខ្លួន ទៅបង់ក្លាដែស ដើម្បីគេចចេញពីការធ្វើបាប និងបន្ទាប់ពីផ្ទះសំបែងរបស់ពួកគេ ត្រូវបានដុតបំផ្លាញ ដោយកងទ័ពភូមា នៅរដ្ឋរ៉ាឃីន។
បារាំង និងអង់គ្លេស បានចេញមុខ រៀបចំស្នើគំរោងសេចក្តីសម្រេចចិត្តមួយ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ម្សិលមិញ។ បើតាមប្រភពពីមន្ត្រីទូតនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា សម្នើសេចក្តីសម្រេចចិត្តនេះ មិនមែនជាគម្រោងដាក់ទណ្ឌកម្មអ្វី ទៅលើរដ្ឋាភិបាលភូមាទេ។ តែជាអត្ថបទ ដែលមានខ្លឹមសារម៉ឺងម៉ាត់ និងចាប់បង្ខំ ឲ្យភូមាគោរពឲ្យខាងតែបាន។
អត្ថបទស្នើ ដែលមានកំរាស់៦ទំព័រនេះ មានខ្លឹមសារ សង្កត់ធ្ងន់ ទាមទារ ឲ្យរដ្ឋាភិបាលភូមា បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពប្រើកំលាំងទាហាន និងនរគបាល ដែលធ្វើបាប ដុតភូមិស្រុក និងវាយបណ្តេញប្រជាជនរ៉ូហ៊ីងយ៉ា។ ទីពីរ ភូមា ត្រូវអនុញ្ញាត ឲ្យមន្ត្រីជំនាញ របស់អង្គការសហប្រជាជាតិ ចុះទៅរដ្ឋរ៉ាឃីន ដើម្បីត្រួតពិនិត្យស្ថានការណ៍ និងស្រង់យកសក្ខីកម្មនានា ពីសំណាក់ប្រជាជនរ៉ូហ៊ីងយ៉ា។ ទីបី រដ្ឋាភិបាលភូមា ត្រូវបើកផ្លូវ សម្រួលដល់ការធ្វើអន្តរាគមន៍របស់អង្គការមនុស្សធម៌នានា ដែលមានបំណងទៅជួយប្រជាជនរ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាឃីន។ ទីបួន គឺភូមា ត្រូវទទួលយកនូវការបង្កើតគណកម្មការពិសេសមួយ ដើម្បីការពារសិទ្ធិរបស់ជនជាតិរ៉ូហ៊ីងយ៉ា ដោយមានលោក កូហ្វ៊ី អាណាន់ជាប្រធាន។
តែយ៉ាងណា មន្ត្រីអង្គការសហប្រជាជាតិមួយចំនួន បានថ្លែងថា គំរោងសេចក្តីសម្រេចចិត្តនេះ អាចនឹងជួបការលំបាក ក្នុងពេលពិភាក្សាគ្នា ព្រោះថាភាគីចិន បានបដិសេធ មិនទទួលយកជាដាច់ខាត។ ចិនមានចេតនា បង្អាក់ មិនឲ្យអង្គការសហប្រជាជាតិ ចាត់វិធានការអ្វីទាំងអស់ ទៅលើរដ្ឋាភិបាលភូមា ព្រោះចិន បានចេញមុខការពារ សកម្មភាពហិង្សាររបស់កងទ័ពភូមា ទៅលើជនជាតិរ៉ូហ៊ីងយ៉ា ថាជារឿងត្រឹមត្រូវ។
គួរបញ្ជាក់ថា យោងតាមតួលេខ របស់អ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិ គិតចាប់ពីខែសីហាមក គឺមានជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណជា៥៨ម៉ឺននាក់ បានរត់ភៀសខ្លួន ឆ្លងពីខេត្តរ៉ាឃីន ចូលទៅបង់ក្លាដែស។ នៅបង់ក្លាដែស ពួកគេរស់នៅក្នុងជំរំបណ្តោះអាសន្ន តាមគំពតព្រៃ ក្នុងលក្ខខណ្ឌយ៉ាងលំបាកវេទនាជាទីបំផុត។
កន្លងមក អង្គការសិទ្ធិមនុស្សជាច្រើន បានស្តីបន្ទោសទៅអង្គការសហប្រជាជាតិ ថានៅឈរព្រងើយឱបដៃ មិនព្រមចាត់វិធានការឲ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់អំពើអមនុស្សធម៌នេះ។ យ៉ាងណាមិញ លោកស្រី Lee Yanghee អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំនៅភូមា បានលើកឡើងថា ទុក្ខវេទនារបស់ជនជាតិរ៉ូហ៊ីងយ៉ា មិនមែនទើបតែចោទឡើងទេ ហើយវាដល់ពេលហើយ ដែលសហគមអន្តរជាតិ ត្រូវធ្វើអ្វីម្យ៉ាង ព្រោះវាបានរីក ក្លាយជាវិបត្តិតំបន់ មិនមែន គ្រាន់តែជាវិបត្តិផ្ទៃក្នុងរបស់ភូមាទៀតឡើយ៕
Article Source: http://km.rfi.fr/cambodia
0 Comments