អ្នកឃ្លាំមើលព្រំដែនរិះគន់ការបោះបង្គោលព្រំដែនធំខេត្តព្រៃវែងរវាងកម្ពុជាវៀតណាម
ប៉ុស្តិ៍ប៉ូលិសព្រំដែនខ្មែរនៅភូមិពាមមន្ទារ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាប់ព្រំដែនវៀតណាម ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ RFA/Tha Kitya
គណៈកម្មាធិការព្រំដែនកម្ពុជា និងវៀតណាម បានឯកភាពគ្នាលើការបោះបញ្ចប់បង្គោលព្រំដែនធំ នៅខេត្តព្រៃវែង ជាប់នឹងខេត្តដុងថាប់ ប្រទេសវៀតណាមហើយ។ ប៉ុន្តែ ក្រុមអ្នកឃ្លាំមើលការបោះបង្គោលព្រំដែនវិញ រិះគន់ថា ការព្រមព្រៀងដោយស្ងាត់ៗ របស់រដ្ឋាភិបាលនេះ នឹងធ្វើឲ្យមានមន្ទិលសង្ស័យជាច្រើន ទៅលើការឯកភាពជាមួយវៀតណាម។
បញ្ហាព្រំដែនរវាងប្រទេសជិតខាងទាំងពីរនេះ នៅតែជាចំណោទដ៏ចម្រូងចម្រាស និងការចោទប្រកាន់គ្នាទៅវិញទៅមក បើទោះជាភាគីរដ្ឋាភិបាល បានបញ្ជាក់ពីភាពស្អាតស្អំ និងតម្លាភាពនៃការបោះបង្គោលព្រំដែននេះថា ជាការរៀបចំឡើង តាមខ្នាតផែនទីត្រឹមត្រូវ និងបច្ចេកទេសអន្តរជាតិ។
គណៈកម្មាធិការព្រំដែនកម្ពុជា និងវៀតណាម បានឯកភាពគ្នា កាលពីថ្ងៃទី ១៩ ខែតុលា លើការបញ្ចប់បោះបង្គោលព្រំដែនធំទាំងស្រុងហើយ ក្នុងខេត្តព្រៃវែង ដែលជាប់និងខេត្តដុងថាប់របស់ប្រទេសវៀតណាម។
អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន អ្នកស្រី កុយ ពិសី មានប្រសាសន៍ថា ការឯកភាពបញ្ចប់លើការបោះបង្គោលព្រំដែនធំនេះ គឺទើបតែបានបញ្ចប់តែខេត្តព្រៃវែងមួយប៉ុណ្ណោះ។ដោយឡែក ខេត្តដទៃទៀត គឺភាគីទាំងពីរនៅបន្តកិច្ចការរបស់ខ្លួននៅឡើយទេ។ អ្នកស្រីបន្តថា ស្របពេលដែលគណៈកម្មាធិការជំនាញរបស់ប្រទេសទាំងពីរ ព្រមព្រៀងគ្នាចំពោះការបញ្ចប់បោះបង្គោលធំនេះ ប៉ុន្តែតម្រុយបង្គោលព្រំដែន ដែលនៅចន្លោះបង្គោលធំទាំងនេះ គឺភាគីទាំងពីរកំពុងតែពន្លឿនដែលអាចឈានទៅបញ្ចប់ក្នុងពេលឆាប់ៗនេះដែរ។
ប្រទេសកម្ពុជា និងវៀតណាមមានព្រំដែនគោកជាប់គ្នាប្រវែង១.២៧០គីឡូម៉ែត្រ។ ទាំងរដ្ឋាភិបាល និងគណៈកម្មាធិការជំនាញកិច្ចការព្រំដែន សុទ្ធតែបានអះអាងថា មកដល់ពេលនេះ ការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម បានដំណើរការប្រមាណ ៨៤ភាគរយហើយ។ ចំណែក កិច្ចការដែលនៅសេសសល់ ភាគីទាំងពីរកំពុងបន្តពន្លឿន។
ការបោះបង្គោលព្រំដែននេះ គណបក្សប្រឆាំង និងក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែន បានទម្លាក់ការទទួលខុសត្រូវរឿងការបាត់ដី តាមរយៈការបង្គោលព្រំដែននេះថា គឺជាកំហុសរបស់រដ្ឋាភិបាលតែម្នាក់គត់។
លោក មួង សូនី សមាជិកក្រុមស្រាវជ្រាវ ១០០រាត្រី ស្ដីពីបញ្ហាព្រំដែន យល់ឃើញថា ការអះអាងរបស់មន្ត្រីជំនាញកិច្ចការព្រំដែននេះ ពិតជាពិបាកទទួលយកបានណាស់។ លោកបន្តថា ការចុះសិក្សាដោយផ្ទាល់ នៅតាមខ្សែបន្ទាត់ព្រំដែន គឺដីមួយភាគធំ ត្រូវបានបាត់ទៅភាគីវៀតណាម តាមរយៈការបោះបង្គោលព្រំដែននេះ។ លើសពីនេះទៀត រដ្ឋាភិបាលជាពិសេសគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា មិនដែលយកកង្វល់របស់ពលរដ្ឋទៅពិចារណា ហើយរឹតតែពុំបានសិក្សាស្រាវជ្រាវជាក់ស្ដែងថែមទៀតទៅលើការកាន់កាប់ដីរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាននោះទេ។
ជុំវិញរឿងព្រំដែននេះ កាលពីដើមអាណត្តិទី៥ គណបក្សកាន់អំណាច បានស្នើសុំផែនទីពីអង្គការសហប្រជាជាតិ និងបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីផ្ទៀងផ្ទាត់ រកខុសត្រូវ។ ប្រតិកម្មរបស់រដ្ឋាភិបាលដែលជាការកម្រ និងពុំដែលកើតមាននេះ ក្នុងពេលដែលបក្សប្រឆាំង បានប្រើប្រាស់នយោបាយព្រំដែនជាមួយនឹងប្រទេសវៀតណាម ដើម្បីរកឲ្យឃើញសរខ្មៅ ចំពោះការចោទប្រកាន់ថា រដ្ឋាភិបាលបានធ្វើឲ្យបាត់បង់ទឹកដីដៅទៅប្រទេសវៀតណាម។ ប៉ុន្តែ ជាអកុសល មិនយូរប៉ុន្មាន សមាជិកសភា និងព្រឹទ្ធសភារបស់ប្រឆាំងមួយចំនួន ត្រូវបានរដ្ឋាភិបាលចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ទាំងនៅមានអភ័យឯកសិទ្ធិសភា។ ចាប់ពីពេលនោះមក ការតវ៉ា និងការចុះតាមព្រំដែនតាមបណ្ដាខេត្តជាប់ប្រទេសវៀតណាម ត្រូវអាក់ខាន រួចក៏បាត់គម្រោងតែម្ដង មកដល់ពេលនេះ។
ការឈឺឆ្អាលរឿងព្រំដែននេះ សមាជិករដ្ឋសភាលោក អ៊ុំ សំអាន ដែលតែងសកម្មភាពក្នុងរឿងព្រំដែននេះ ត្រូវបានចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញលោក ហេង សុខណា ផ្ដន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ និង ៦ខែ ព្រមទាំងពិន័យលុយប្រមាណ ៤លានរៀល។ ក្រៅពីនេះ អតីតសមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ ដែលទើបត្រូវបានមហាក្សត្រព្រះរាជទានលើកលែងទោស កាលពីថ្ងៃទី២៥ តុលា ក៏ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការក្រុងភ្នំពេញលោក រស់ ពិសិដ្ឋ ផ្ដន្ទាទោសដាក់ពន្ធនាគារ ៧ឆ្នាំ ក្នុងសំណុំរឿងព្រំដែននេះដែរ។
បើទោះជាបែបណា សមាជិកឃ្លាំមើលកម្ពុជាលោក ទិប ទាវ ឲ្យដឹងថា ការសម្រេចដោយស្ងាត់ៗ ជុំវិញការបោះបញ្ចប់បង្គោលព្រំដែនធំត្រង់ខេត្តព្រៃវែងនេះ វាជារឿងដែលគួរឲ្យសង្ស័យ។ លោកបន្តថា ផ្អែកការលើកឡើងរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន ដីបាត់ទៅប្រទេសវៀតណាមជាច្រើនចំណុច ទាំងការទន្ទ្រានយកដោយផ្ទាល់ របស់ទាហានព្រំដែនវៀតណាម និងតាមរយៈការបង្គោលព្រំដែននេះ។
នៅក្នុងកិច្ចប្រជុំសភា កាលពីខែសីហា ឆ្នាំ២០១២ លោក ហ៊ុន សែន បានអះអាងថា ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរគឺកម្ពុជា និងវៀតណាមនេះ មិនមានភាគីណាត្រូវចំណេញ ឬខាតនោះទេ។ លើសពីនេះទៀត លោក ហ៊ុន សែន ថ្លែងដោយមោទនភាពថា ការបោះបង្គោលព្រំដែននេះ ផ្ទុយទៅវិញមានតែធ្វើឲ្យកម្ពុជា ត្រូវចំណេញពីភាគីវៀតណាមទៅវិញ។ ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី ថែមទាំងបានចោទប្រកាន់ថា ការមើលងាយរដ្ឋាភិបាលធ្វើឲ្យបាត់បង់ព្រំដែន ពីសំណាក់បក្សប្រឆាំង គឺជាការមើលស្រាលកងកម្លាំង ដែលកំពុងឈរជើងការពារនៅតាមខ្សែក្រវាត់ព្រំដែន យ៉ាងពិតប្រាកដ។
ជុំវិញការការបោះបង្គោលព្រំដែន នៅត្រង់ខេត្តព្រៃវែងវិញ អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា អ្នកស្រី កុយ ពិសី លើកឡើងថា ស្របពេលបង្គោលធំ ទាំងកម្ពុជា និងវៀតណាម បានព្រមព្រៀង និងបោះបញ្ចប់រួចហើយ ទន្ទឹមនឹងនេះភាគីទាំងពីរ កំពុងពន្លឿនបោះតម្រុយបង្គោលព្រំដែនដែលនៅសេសសល់ប្រមាណជាង ២០ ភាគរយ ឲ្យចប់ក្នុងពេលឆាប់ៗនេះដែរ។
បើទោះបែបណា ក្រុមអ្នកឃ្លាំមើលកម្ពុជា នៅតែចាត់ទុកថា ការសម្រេចចិត្តដោយស្ងាត់ៗរបស់រដ្ឋាភិបាលនេះ អាចនឹងធ្វើឲ្យកម្ពុជា ត្រូវខាតបង់ទឹកដីសម្បើមណាស់ទៅលើភាគីវៀតណាម។ ក្រុមអ្នកឃ្លាំមើលកម្ពុជា ទទូចសុំឲ្យមានការចូលរួមពីបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការអង្កេត ក្រោយបោះបញ្ចប់លើកក្រោយៗទៀត៕
ប្រភពពត៍មាន: http://www.camnews.org/topics/khmernews/
by : Sea Phealey
0 Comments