សាងសង់ៈ ចុងសតវត្សទី9 និងពាក់កណ្តាលសតវត្សទី១២
សាសនាៈ ហិណ្ឌូ (សិវៈ)
រជ្ជកាលៈ ព្រះបាទយសោវរ្ម័នទី១ និងសូរ្យវរ្ម័នទី១ និងទី២
ប្រាសាទព្រះវិហារ គឺជាប្រាសាទខ្មែរ នៅលើពយតាឌី នៅជាប់ច្រាំងថ្មកម្ពស់៥២៥ ម៉ែត្រ នៃភ្នំដងរែក ក្នុងខេត្តព្រះវិហារ នៃភាគខាងជើងប្រទេសកម្ពុជា។ ប្រាសាទនេះ បានផ្តល់ឈ្មោះដល់ខេត្តព្រះវិហារ និងមានចម្ងាយ១៤០គ.ម ពីប្រាសាទអង្គរវត្ត និងប្រហែល ៣២០គ.ម ពីទីក្រុងភ្នំពេញ។
ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅ ភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរ៉ែក (ភ្នំព្រះវិហារ) ជាប់ព្រំប្រទល់ ប្រទេសថៃឡង់ដ៏ មានចំងាយ១០៨គ.ម ពីទីរួមខេត្តព្រះវិហារ (ស្រុកត្បែងមានជ័យ) តាមផ្លូវលេខ ២១១។ ខេត្តព្រះវិហារ បានបង្កើតឡើង នៅក្នុងឆ្នាំ ១៩៦៤ ដោយកាត់ដីពី ខេត្តស្ទឹងត្រែង កំពង់ធំ និង សៀមរាប។ ខេត្តនេះគឺនៅភាគខាងជើង នៃព្រះរាជាណាចក្រកម្ពុជា ជាខ្ពង់រាបដែលសំបូរទៅដោយព្រៃឈើ ភ្នំ និង ស្ទឹង ដងអូរ។
ប្រាសាទព្រះវិហារ មានទីតាំងដ៏អស្ចារ្យបំផុត ក្នុងចំណោមប្រាសាទដែលបានសាងសង់ក្នុងសម័យអាណាចក្រខ្មែរ នៃសតវត្សទី៦។ ប្រាសាទនេះ មាននូវវិហារជាច្រើន តភ្ជាប់ដោយប្រព័ន្ធកម្រាលថ្ម និងជណ្តើរមានប្រវែងប្រហែល ៨០០ម៉ែត្រ និងត្រូវបានសាងសង់ឲ្យមើលឃើញនូវទេសភាពដែលនៅជុំវិញនោះបានយ៉ាងច្បាស់។ ប្រាសាទនេះត្រូវបានឧទ្ទិសដល់ព្រះសិវៈ គឺមានភាពខុសប្លែកពីប្រាសាទដទៃ ក្នុងចំណោមប្រាសាទខ្មែរ ដែល បានសាងសង់ តាមបណ្តោយអ័ក្សជើងត្បូង ជាជាងមានរាងជាចតុកោណកែង ឆ្ពោះទៅខាងកើត។ ប៉ុន្តែទោះបីជាប្រាសាទនេះ មានភាពខុសប្លែកគ្នាច្រើនពីប្រាសាទភ្នំ ដែលបានរកឃើញនៅអង្គរ គេជឿថាប្រាសាទទាំងនេះត្រូវបានសាងសង់ឡើង តំណាងឲ្យ ភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព។
ប្រាសាទព្រះវិហារ មានទំហំ ៨០០ម×៤០០ម ស្ថិតនៅលើភ្នំព្រះវិហារដែលមានកំពស់ ៦២៥ម នៅតាមជួរភ្នំដងរែក ដោយមានចំណោតខ្លាំងពីផ្ទៃនៃ ព្រះរាជាណាចក្រកម្ពុជា និង រាងទេរពីប្រទេស ថៃឡង់ដ៏។ ប្រាសាទព្រះវិហារ មានច្រកចូល ៣ ទៅកាន់ប្រាសាទ៖
- ច្រកតាមប្រទេសយើង គឺចូលតាមស្វាយជ្រុំ ដែលផ្លូវចាស់ មានកាំជណ្តើរឡើង ទៅកាន់កំពូលភ្នំ ដងរែកនៃប្រាសាទ ព្រះវិហារ។
- ច្រកតាមប្រទេសយើង ដដែលគឺតាមផ្លូវ គ១ ដែលជាផ្លូវជួសជុលចាក់បេតុង សំរាប់ឡើងទៅកាន់ ប្រាសាទព្រះវិហារដែរ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងនៅក្នុងខេត្ត ក៏ដូចជាអ្នករកស៊ី លក់ដូរនៅទីនោះភាគច្រើននាំគ្នា ឡើងតាមផ្លូវនេះ ព្រោះងាយស្រួល ក្នុងការធ្វើដំណើរឡើង។
- ច្រកចូលតាម ប្រទេសថៃឡង់ដ៏ ដែលភ្ញៀវទេសចរ អន្តរជាតិចូលចិត្តធ្វើដំណើរ តាមច្រកនេះ។
ប្រាសាទព្រះវិហារ ត្រូវបានបារាំង ប្រគល់ទៅឱ្យប្រទេសថៃឡង់ដ៏ កាន់កាប់នៅឆ្នាំ ១៩៥៤ ហើយត្រូវបាន ប្រគល់មកឱ្យព្រះរាជាណាចក្រ កម្ពុជាវិញតាមសាលដឺកា ចុះថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិ នាក្រុងឡាអេ។
ប្រាសាទព្រះវិហារ ជាប្រភេទរមណីយដ្ឋាន ប្រវត្តិសាស្រ្ត ដែលពីដើមមានឈ្មោះថា ស្រីសិខរីស្វារៈ ប្រែថា បារមីភ្នំ។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី៩ និង ដើមសតវត្សរ៍ទី១២ ដោយស្តេច៤អង្គគឺ៖
- ព្រះបាទ យសោវ័រ្មនទី១ (គ.ស ៨៨៩ - ៩១០ ឬ ៩១០?)៖ ព្រះអង្គបានសាងសង់ ប្រាសាទកណ្តាល។ ព្រះបាទយសោវ័រ្មនទី១ បានបង្កើតរាជធានី យសោធរបុរៈ និង ជាក្សត្រដែលចូលចិត្ត សាងសង់ប្រាសាទ លើកំពូលភ្នំធម្មជាតិ។
- ព្រះបាទ សូរ្យវ័រ្មនទី១ (គ.ស ១០០២ - ១០៥០)៖ ព្រះអង្គបានសាងសង់ អាគារដ៏វែង នៅជិតប្រាសាទ កណ្តាល កំពែងព័ទ្ធជុំវិញ និង គោបុរៈបី។ យោងទៅតាម សិលាចារិករបស់ប្រាសាទ ព្រះបាទ សូរ្យវ័រ្មន បានរៀបចំពិធី ដើម្បីអញ្ជើញទេវ ភទ្រស្វរៈ ដែលគង់នៅវត្តភូ (ប្រទេសឡាវបច្ចុប្បន្ន) មកគង់នៅជាមួយនឹងទេវ ស្រីសិខរីស្វារៈ ដើម្បីជួយការពារ និង ថែរក្សាអាណាចក្រខ្មែរ និង ប្រជារាស្រ្ត។
- ព្រះបាទ ជ័យវ័រ្មនទី៦ (គ.ស ១០៨០ - ១១០៩)៖ ព្រះអង្គបានសាងសង់ បណ្ណាល័យពីរ និង ជួសជុល ផ្នែកមួយចំនួននៃប្រាសាទ។
- ព្រះបាទ សូរ្យវ័រ្មនទី២ (គ.ស ១១១៣ - ១១៥០)៖ ព្រះអង្គបានសាងសង់ ព្រះលាន ដែលមាន នាគក្បាលប្រាំពីរ រូបតោតាមផ្លូវ និង នាគជាច្រើនទៀត តាមជណ្តើរឡើង។ ព្រះអង្គក៏បានរៀបចំពិធី សម្ភោតប្រាសាទ និង ចាត់ទុកជាកន្លែង គោរពសម្រាប់ព្រះមហាក្សត្រ គ្រប់រូប។
0 Comments