ដើម្បីជំរុញការអានសៀវភៅ គេត្រូវការការចូលរួមពីគ្រប់គ្នា
ប្រជាពលរដ្ឋខ្មែរភាគច្រើន ចូលចិត្តស្ដាប់វិទ្យុ ឬមើលទូរទស្សន៍ ជាជាងអានសៀវភៅ។ និន្នាការមិនចូលចិត្តអានសៀវភៅនៅកម្ពុជា បានជះឥទ្ធិពលដល់ការអភិវឌ្ឍនៃប្រទេសនេះផងដែរ។វានៅមិនទាន់យឺតពេលនៅឡើយទេ ដើម្បីបង្កើតវប្បធម៌អានសៀវភៅនៅកម្ពុជា។ ប៉ុន្តែ ដើម្បីសម្រេចការងារនេះ គេត្រូវការការចូលរួមពីគ្រប់ៗគ្នា។
ការអានគឺជាសកម្មភាពស្វែងយល់ពីសារសំខាន់ណាមួយ ដែលអ្នកនិពន្ធបង្កប់នៅក្នុងសៀវភៅ ឬនៅក្នុងសំណេរ។ ការអានធ្វើឲ្យមនុស្សស្គាល់ពីខ្លួនឯង ស្គាល់ពីអ្នកដទៃ ស្គាល់ពីអតីត និងអនាគត។ នៅក្នុងការសិក្សានិងការអប់រំ ការអានគឺជាមូលដ្ឋានគ្រឹះនៃការពង្រីកចំណេះដឹងផ្សេង។ ការអាន ធ្វើឲ្យការគិតរីកចម្រើន។ វាមានឥទ្ធិពលទៅលើផ្នត់គំនិតរបស់មនុស្ស និងអាចកែប្រែមនុស្សបានថែមទៀតផង។
ប្រជាពលរដ្ឋនៅតាមបណ្ដាប្រទេសជឿនលឿន ដូចជាប្រទេសជប៉ុន និងសហរដ្ឋអាមេរិកជាដើម ត្រូវបានគេសង្កេតឃើញថា និយមចូលចិត្តអានសៀវភៅខ្លាំងណាស់។ ការអាន គឺជាការកម្សាន្ត គឺជាទម្លាប់ប្រចាំថ្ងៃ ដែលមិនអាចខ្វះបាន។ រាល់ពេលទំនេរពីកិច្ចការងារប្រចាំថ្ងៃ ពួកគេតែងតែចាប់យកសៀវភៅមកអាន នៅគ្រប់ទីកន្លែងទាំងអស់ មិនថានៅតាមមធ្យោបាយធ្វើដំណើរសាធារណៈ ឬនៅក្នុងបន្ទប់ទឹកនោះទេ។
ផ្ទុយពីបណ្ដាប្រទេសជឿនលឿនទាំងនោះ នៅប្រទេសកម្ពុជា ប្រជាពលរដ្ឋមិនសូវចូលចិត្តអានសៀវភៅឡើយ។ ហេតុអ្វីបានជាដូច្នេះ?
មូលហេតុសំខាន់ទី១គឺទម្លាប់។ ប្រជាពលរដ្ឋខ្មែរភាគច្រើន ចូលចិត្តស្ដាប់វិទ្យុ ឬមើលទូរទស្សន៍ ជាជាងអានសៀវភៅ។ នៅក្នុងគ្រួសារខ្លះ កូនតូចៗធំធាត់ឡើងដោយមិនធ្លាប់ឃើញឪពុកម្ដាយរបស់ខ្លួន អានសៀវភៅទាល់តែសោះតែម្ដង។ នៅក្នុងបរិបទសង្គមបែបនេះ ទម្លាប់អានសៀវភៅពិបាកនឹងកើតឡើងណាស់។
មូលហេតុទី២គឺកង្វះសៀវភៅអានជាខេមរភាសា។ សៀវភៅជាភាសាជាតិ នៅកម្ពុជា មានបរិមាណតិចនៅឡើយ ហើយថែមទាំងមិនបានគ្របដណ្ដប់លើគ្រប់វិស័យនោះទេ។ គ្រាន់តែបរិមាណតិចទៅហើយ គេមិនចាំបាច់និយាយដល់សៀវភៅដែលមានគុណភាពនោះទេ ព្រោះវាកាន់តែតិចតួចទៅទៀត។ កង្វះសៀវភៅអានជាខេមរភាសាដូច្នេះ បានកម្រិតលទ្ធភាពនៃការអានរបស់ពលរដ្ឋខ្មែរ ដែលមិនចេះភាសាបរទេស។
និន្នាការមិនចូលចិត្តអានសៀវភៅនៅកម្ពុជា បានជះឥទ្ធិពលដល់ការអភិវឌ្ឍនៃប្រទេសនេះផងដែរ។ គ្មានការរីកចម្រើននៃផ្នត់គំនិត នៅក្នុងប្រទេសមួយ ដែលប្រជាជនមិនចូលចិត្តអានសៀវភៅ ដើម្បីក្រេបយកចំណេះដឹងមកអភិវឌ្ឍខ្លួនបន្ថែមនោះឡើយ។ ហើយប្រសិនបើពលរដ្ឋនៃប្រទេសមួយគ្មានការរីកចម្រើនខាងធនធានបញ្ញាទេ សួរថាតើប្រទេសនោះ អាចរីកចម្រើនជឿនលឿនទៅមុខបានយ៉ាងម៉េច?
គេត្រូវទទួលស្គាល់ថា ការអានគឺជាកត្តារួមចំណែកក្នុងការអភិវឌ្ឍប្រទេស។ ម្ល៉ោះហើយ ការអានគួរតែត្រូវបានលើកទឹកចិត្តនៅក្នុងសង្គមកម្ពុជា ដែលមានការអភិវឌ្ឍយឺតយ៉ាវ។ ដើម្បីជំរុញការអាននៅកម្ពុជា ដំបូងបង្អស់ គេត្រូវរួមគ្នាបង្កើតទម្លាប់អានសៀវភៅ។ កុំឲ្យតែមានចិត្តរួញរា ការបង្កើតទម្លាប់អានសៀវភៅឲ្យសម្រេចបាន គឺគ្មានអ្វីពិបាកនោះទេ។ ជាជាងចំណាយប្រាក់នាំកូនតូចទៅមណ្ឌលកម្សាន្តកុមារ ឪពុកម្ដាយគួរតែនាំកូនៗទៅបណ្ណាគារទិញសៀវភៅ ឬទៅបណ្ណាល័យ។ សកម្មភាពអស់ទាំងនេះ នឹងផ្ដល់ឱកាសឲ្យកូនតូច បានកម្សាន្តនឹងសៀវភៅប្លែក។ សៀវភៅប្លែកៗ ដែលនឹងផ្ដល់ចំណេះដឹងឥតព្រំដែនដល់កុមារ ហើយជាពិសេស វានឹងធ្វើឲ្យពួកគេមានទម្លាប់អានសៀវភៅតាំងពីតូចតែម្ដង។
ជាមួយគ្នានេះ អ្នកនិពន្ធនិងអ្នកចងក្រងសៀវភៅទាំងឡាយ គួរសម្រិតសម្រាំងគុណភាពស្នាដៃរបស់ខ្លួន ឲ្យកាន់តែប្រសើរជាងនេះទៅទៀត ទាំងរចនាបទ អត្ថន័យ និងអត្ថរស។ នៅក្នុងសង្គមមួយដែលពលរដ្ឋមិនចូលចិត្តអានសៀវភៅ ការនិពន្ធសៀវភៅដែលមានកម្រាស់ក្រាស់ពេក និងសាំញ៉ាំពេក ពិបាកធ្វើឲ្យអ្នកអានចាប់ចិត្តណាស់។ ម្ល៉ោះហើយ អ្នកនិពន្ធមួយចំនួន ប្រហែលជាត្រូវកែសម្រួលការសរសេររបស់ខ្លួនឡើងវិញ ប្រសិនបើគេមានបំណងរួមចំណែកជំរុញការអាននៅកម្ពុជាមែននោះ។
សរុបសេចក្ដីមកវិញ វានៅមិនទាន់យឺតពេលនៅឡើយទេ ដើម្បីបង្កើតវប្បធម៌អានសៀវភៅនៅកម្ពុជា។ ប៉ុន្តែ ដើម្បីសម្រេចការងារនេះ គេត្រូវការការចូលរួមពីគ្រប់ៗគ្នា ទាំងអ្នកអាន ទាំងអ្នកដែលចង់អានតែមិនចូលចិត្តអាន និងអ្នកនិពន្ធផ្ទាល់។ ជាថ្មីម្ដងទៀត ដើម្បីជំរុញការអានសៀវភៅនៅកម្ពុជា គឺគ្មានអ្វីពិបាកនោះទេ កុំឲ្យតែមានចិត្តរួញរាទៅបានហើយ៕
Article Source: http://km.rfi.fr/cambodia

0 Comments