សេ្នហាក្នុងវ័យសិក្សា តើជាគុណសម្បត្តិ ឬជាគុណវិបត្តិ?
ពីខ្ញុំ រ៉ឹម ភារី និស្សិតសកលវិទ្យាល័យភ្នំពេញ
ពាក្យថា ស្នេហាគឺជាសេចក្តីស្រលាញ់ដ៏បរិសុទ្ធដែលមានភាពស្និទ្ធស្នាល ការលះបង់ ការយកចិត្តទុកដាក់ ការថ្នាក់ថ្មម ការយល់ចិត្ត និងចំណាយពេលវេលាចំពោះគ្នាទៅវិញទៅមក។ ស្នេហាមានច្រើនប្រភេទដូចជា ស្នេហារវាងម្តាយនិងកូន មិត្តភក្តិនិងមិត្តភក្តិ បងប្អូននិងបងប្អូន ស្នេហារវាងប្រុសស្រី ជនរួមជាតិ និងស្នេហាចំពោះមនុស្សជាតិទូទៅ។ ប៉ុន្តែអ្វីដែលលើកឡើងនៅទីនេះគឺជាប្រភេទស្នេហារវាងប្រុសស្រី។ ពាក្យសង្សារត្រូវបានក្លាយជាពាក្យពេញនិយម តែក៏មានការអនុវត្តន៍ផងដែរពីសំណាក់យុវវ័យខ្មែរ។ នៅពេលជួបគ្នាដំបូងរវាងប្រុសស្រីគេតែងសួរគ្នាថា តើមានសង្សារហើយនៅ?
ទំនាក់ទំនាក់ស្នេហារបស់យុវវ័យខ្មែរ មានសន្ទុះកើនឡើងជាលំដាប់បន្ទាប់ពីប្រពៃណីខ្មែរ “នំមិនធំជាងនាឡិ” ត្រូវបានរលប់ចេញពីសង្គមខ្មែរដោយសារឥទ្ធិពលសម្ភារៈនិយមដូចជា ស្មាតហ្វូន បណ្តាញសង្គម និងបច្ចេកវិទ្យាកាន់តែងាយស្រួលក្នុងការទំនាក់ទំនងស្នេហា។ យុវវ័យខ្លះមិនដែលស្គាល់មុខគ្នាសោះ គឺតែសម្លេងតាមទូរស័ព្ទក៏ដាក់ចិត្តដាក់កាយបង្កើតស្នេហាតាមរលកធាតុអាកាស។ ឯខ្លះទៀត ប្រើប្រព័ន្ធបណ្តាញសង្គម(Facebook) ដើម្បីបង្ហាញរូបថត ឬប្រើអនឡាញ(Line)ទំនាក់ទំនាក់គ្នា ព្រោះឃើញទាំងមុខហើយអាចនិយាយរកគ្នាបានដូចជានៅជិតគ្នា។ ខ្លះមានស្នេហាឆ្លងប្រទេស ឆ្លងទ្វីប និងឆ្លងភពទៀតផង ដោយសារមានប្រព័ន្ធទំនាក់ទំនងងាយស្រួល។
ងាកមកនិយាយពីស្នេហារបស់សិស្សនិស្សិតខ្មែរវិញ គឺកាន់តែមានភាពល្អូកល្អឺនបន្ថែមមួយកម្រិតទៀត ព្រោះសិស្សនិស្សិតមានឳកាសជួបគ្នាច្រើន។ មធ្យោបាយទាក់ទងគ្នារបស់យុវវ័យ សម័យមុនមានតាំងពីដាក់សំបុត្រក្នុងកន្ត្រក់កង់ ខ្ចីសៀវភៅរួចសរសេរសំបុត្រដាក់ក្នុងនោះទើបសងទៅនារីដែលខ្លួនបានលួចប្រតិព័ទ្ធ។ ខ្លះទៀតឲ្យតែឃើញដំបូងផ្ទះមួយថ្ងៃម្តង គឺសប្បាយចិត្តដេកលក់យ៉ាងស្កប់ស្កល់។ ទោះបីជាយ៉ាងណាក៏ដោយស្នេហាសម័យបុរាណ យុវវ័យសម័យនោះមិនសូវមានមានការជ្រុលខ្លួនមុនរៀបការដូចសម័យបច្ចុប្បន្ននោះទេ។
រីឯយុវវ័យ សិស្សនិស្សិតខ្មែរសម័យបច្ចុប្បន្នវិញ មានមធ្យោបាយជាច្រើន ដូចជាណាត់គ្នាទៅរៀនគួរ ធ្វើខួបកំណើត មិត្តភក្តិណែនាំ ជាពិសេស ការប្រើទូរស័ព្ទ បណ្តាញសង្គម និងអនឡាញជាដើម។ សិស្សនិស្សិតខ្លះទៀត ប្រើវិធីទៅលេងផ្ទះដោយមានមិត្តភក្តិច្រើនទៅជាមួយ ក្នុងគោលបំណងទៅស្គាល់ស្ថានភាពគ្រួសារផង និងមានទំនាក់ទំនងស្និទ្ធស្នាលផង។ ឯខ្លះទៀតប្រើវិធីត្រង់តែម្តងគឺសួរនាំដោយត្រង់ៗ នៅពេលមានចម្លើយពីនារីដែលខ្លួនពេញចិត្តថា ទំនងជាយល់ព្រមក៏ផ្តើមស៊ើបពីប្រវត្តិ ពីគ្រួសារពីការងារនិងឈានទៅរកការចូលស្តី ដណ្តឹងតែម្តង។
ស្នេហាក្នុងវ័យកំពុងសិក្សា បានជួយឲ្យយុវវ័យខ្មែរមានកម្លាំងជម្រុញកាន់តែខ្លាំងបន្ថែមទៀត ចំពោះការសិក្សាបន្ទាប់ពីគ្រួសារ និងសង្គម។ គូរស្នេហ៍ដែលស្រលាញ់គ្នា ចេះលើកទឹកចិត្តគ្នា ចេះបបួលគ្នារៀនសូត្រ ប្រាប់ពីនេះពីនោះដែលមានអត្ថប្រយោជន៍ធ្វើឲ្យមានការរីកចម្រើនទាំងអស់គ្នា។ គូរស្នេហ៍ខ្លះខំរៀន ខំស្រាវជ្រាវ ជួយពន្យល់គ្នាទៅវិញទៅមកពីមេរៀនក្នុងសាលា និងបញ្ហាក្នុងសង្គមផ្សេងៗដើម្បីផ្តល់ចំណេះដឹង និងបទពិសោធឲ្យគ្នាទៅវិញទៅមក។ មានសង្សារក្នុងវ័យសិក្សាមិនមែនជាកំហុសនោះទេ ព្រោះមានសង្សារក៏អាចជួយគ្នាទៅវិញទៅមកបានដែរ។ នៅពេលយើងជួបបញ្ហាអ្វីមួយ ទីប្រឹក្សាដែលល្អគឺសង្សាររបស់យើង។ ពេលអត់លុយចាយ សង្សាររបស់យើងត្រូវបានក្លាយជាធនាគារដែលផ្តល់សេវាកម្ចីដោយគ្មានការប្រាក់ ឬផ្តល់ប្រាក់ជំនួយឥតសំណង។
Article Source :http://www.khmerscoop.com/good-knowledge
by: Sea Phealey
0 Comments