នារីជាមនុស្សមាត់រឹង ចិត្តទន់ ហើយភាគច្រើនកម្រទទួលយកស្នេហាណាស់ ប៉ុន្តែពេលទទួលហើយក៏មិនងាយបោះបង់វិញដែរ។ ទោះយ៉ាងណា កំហុសតូចៗមួយចំនួនអាចធ្វើឲ្យនាងធ្លាក់ចូលទៅក្នុងភាពឈឺចាប់បាន ប្រសិនបើមិនចេះគ្រប់គ្រងអារម្មណ៍ទេនោះ។ បើដាក់ចិត្តថាស្រលាញ់បុរសម្នាក់ជាគូអនាគតហើយ ត្រូវរៀនធ្វើចិត្ត និងចៀសវាងរឿង ៧យ៉ាងដូចខាងក្រោមនេះ។
1. ព្យាយាមផ្លាស់ប្ដូរគេ៖ មនុស្សស្រីភាគច្រើនចង់គ្រប់គ្រងបុរសដែលខ្លួនស្រលាញ់ ចង់ឲ្យគេធ្វើអ្វីតាមខ្លួនចង់បានដោយបង្ខំ។ ចំណុចនេះមិនត្រឹមតែគ្មានប្រយោជន៍ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យទំនាក់ទំនងឈានទៅរកការប្រេះឆាទៀតផង។ បើទោះបីផ្លាស់ប្ដូរក៏មិនមែនចេញពីចិត្ត ដូចនេះគួរបង្ហាញផ្លូវហើយទុកឲ្យគេជ្រើសរើសដោយខ្លួនឯង។
2.ចង់ឲ្យគេជ្រើសរើសរវាងខ្លួន និងមិត្តភ័ក្ដិ៖ ពិតណាស់ ស្រលាញ់បុរសម្នាក់ ចង់ឲ្យគេនៅក្បែរគ្រប់ពេល ប៉ុន្តែមិនគួរបណ្ដោយខ្លួនឲ្យទៅជាមនុស្យអាត្មានិយមទេ។ រឿងដ៏ពិបាកមួយសម្រាប់មនុស្សប្រុស គឺត្រូវសង្សារខ្លួនបង្ខំឲ្យជ្រើសរើសរវាងនាង និងមិត្តភក្ដិ។ គួរបើកពេលវេលាខ្លះ សម្រាប់បុរសដែលខ្លួនស្រលាញ់ ដើម្បីកុំឲ្យស្នេហាមួយនេះប្រែក្លាយជារឿងធុញទ្រាន់។ មនុស្សមានស្នេហាស្អិតល្មួតយ៉ាងណា ក៏ត្រូវការពេលវេលាឯកជនខ្លះដែរ។
3.ធុញទ្រាន់នឹងគេ៖ ស្នេហាប្រាកដជាផ្អែមល្ហែមខ្លាំងនៅគ្រាដំបូង ប៉ុន្តែបន្ទាប់ពីទាក់ទងគ្នាមួយរយៈ ភាគីណាមួយអាចនឹងមានភាពធុញទ្រាន់ខ្លះ។ អ្វីដែលបុរសស្មោះស្នេហ៍ចង់បានបំផុត គឺឃើញនារីក្នុងបេះដូងស្រលាញ់ខ្លួនមិនប្ដូរចិត្ត បើទោះបីក្នុងកាលៈទេសៈណាក៏ដោយ។ ចានក្នុងរាវ រមែងប៉ះទង្គិចគ្នាខ្លះ តែត្រូវរក្សាចិត្តយ៉ាងណា កុំឲ្យកើតជាការធុញទ្រាន់ ថ្នាំងថ្នាក់ អង្គុយចាំចាប់កំហុស។
4.លែងខ្វល់ពីសម្រស់ខ្លួនឯង៖ នារីភាគច្រើនលែងសូវខ្វល់រឿងសម្រស់ ក្រោយមានបុរសជាទីស្រលាញ់ម្នាក់ ដែលសង្ឃឹមថាអាចជឿជាក់បានទៅថ្ងៃអនាគត។ ប៉ុន្តែត្រូវចាំថា បុរសភាគច្រើនបំផុតមើលសម្រស់សង្សារជារឿងសំខាន់ ឯទំហំនៃក្ដីស្រលាញ់ក៏មានទៅតាមនោះដែរ។ ការស្រលាញ់ចិត្តនិងចិត្ត គ្រាន់តែរឿងអតីតកាលប៉ុណ្ណោះ ព្រោះបុរសសម័យថ្មីភាគច្រើនចូលចិត្តការប្រកួតប្រជែង។
5. បង្ខំគេរៀបការជាមួយខ្លួន៖ ជារឿងល្អមួយ បើអ្នកពិភាក្សាគម្រោងអនាគតជាមួយបុរសដែលខ្លួនស្រលាញ់ ប៉ុន្តែមិនគួរដាក់សំពាធបង្ខំចិត្តគេឲ្យរៀបការជាមួយខ្លួនឆាប់ៗឡើយ។ គួរទុកពេលឲ្យគេរៀបចំខ្លួន និងសម្រេចចិត្តឲ្យបានច្បាស់លាស់ ព្រោះបើរៀបការទាំងបង្ខំចិត្ត ប្រាកដជាគ្មានសុភមង្គលឡើយ។
6. ឈ្លោះជាមួយឪពុកម្ដាយគេ៖ ស្រលាញ់មនុស្សម្នាក់ ត្រូវរៀនស្រលាញ់អ្វីដែលនៅជុំវិញខ្លួនគេ រួមទាំងមនុស្សដែលគេស្រលាញ់ដូចគ្នា។ ទោះបីម្ដាយឪពុកគេជាមនុស្សគ្មានហេតុផល ក៏សង្ឃឹមថាអ្នកអាចរំងាប់អារម្មណ៍ មិនឈ្លោះជាមួយពួកគាត់ដែរ។ បើអ្នកមិនទាន់គ្រប់គ្រងខ្លួនឯងបាន ឬគិតថាមិនអាចប្ដូរចិត្តនៅតែឈ្លោះគ្នាជាមួយម្ដាយឪពុកម្ដាយគេ គួរពិចារណាឡើងវិញថាត្រូវបន្តបែបណា។
7. ក្បត់ចិត្ត៖ ឈឺចាប់បំផុតពេលត្រូវមនុស្សម្នាក់ក្បត់ចិត្ត
ជាពិសេសមនុស្សដែលជឿជាក់ខ្លាំងជាងគេ។ បុរសភាគច្រើនសាវា តែចង់បានស្នេហាពិត
មិនចូលចិត្តការបោកប្រាស់ឡើយ។ បើចង់ទទួលបានស្នេហាស្មោះ
និងក្ដីអាណិតពីគេ ត្រូវចាប់ផ្ដើមរៀនស្មោះចេញពីខ្លួនឯង
ទើបអាចបង្រៀនគេឲ្យស្មោះដូចគ្នា។
0 Comments